ពលរដ្ឋ​ស្នើ​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ

ដោយ ប្រាជ្ញ ចេវ
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សភា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។ RFA/Brach Chev
​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សភា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ។ RFA/Brach Chev
RFA/Brach Chev

តំណាង​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ចំនួន​២១ និង​នៅ​រាជធានី ស្នើ​ទៅ​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ពួកគេ។ សំណើ​នេះ​បាន​លើក​ឡើង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សភា នៅ​រាជធានី​ភ្នំពេញ។

​តំណាង​ពលរដ្ឋ​មកពី​សហគមន៍ ២២​ខេត្ត រាជធានី លោកស្រី សេក សាវី ឲ្យ​ដឹង​ក្នុង​វេទិកា​ថា ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ នៅ​តែ​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ ពលរដ្ឋ​មិន​ដែល​បាន​ដឹង​ពី​ការ​ប្រើប្រាស់​ថវិកា​អភិវឌ្ឍ​ឃុំ-​សង្កាត់ ពលរដ្ឋ​នៅ​តែ​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ពេល​មាន​ការ​ប្រមូល​ផ្តុំ​បញ្ចេញ​មតិ ឬ​ទាមទារ​តវ៉ា​ការពារ​ដីធ្លី​របស់​ពួកគេ​ជាដើម។ លោកស្រី​ទាមទារ​ឲ្យ​គណបក្ស​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជួយ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ៖ «យើង​ខ្ញុំ​សង្ឃឹម​ថា គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​ខ្ញុំ​ដែល​បាន​លើក​ឡើង»

វេទិកា​ពិភាក្សា​ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ ៥២​ស្ថាប័ន បាន​រួម​គ្នា​រៀបចំ​ឡើង​ដើម្បី​ចង់​ឲ្យ​គណបក្ស​បង្ហាញ​ដំណោះស្រាយ​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ១២ ដែល​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មាន​តែ​គណបក្ស ៩​ប៉ុណ្ណោះ បាន​ចូលរួម​ជជែក​ដេញដោល ដោយ​ឡែក​គណបក្ស​ចំនួន ៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​សញ្ជាតិ​កម្ពុជា មិន​បាន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​អ្នក​រៀបចំ​កម្មវិធី​ទេ។

តំណាង​គណបក្ស​នយោបាយ​ទាំង​៩ ដែល​ចូលរួម​ក្នុង​ពិភាក្សា​ពួកគេ​បង្ហាញ​ពី​គោលនយោបាយ​រៀងៗ​ខ្លួន​ដែល​អះអាង​ថា ពេល​ឈ្នះ​ឆ្នោត​នឹង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​មូលដ្ឋាន ឬ​ដក​មេ​ឃុំ​របស់​ខ្លួន​ចោល បើ​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​មិន​ពេញ​ចិត្ត​ការដឹកនាំ​របស់​មេ​ឃុំ។

ទាក់ទង​រឿង​នេះ នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ដែល​ផ្ដួចផ្ដើម​រៀបចំ​វេទិកា​នេះ ឲ្យ​ដឹង​ថា វេទិកា​នេះ​នឹង​ជួយ​ឲ្យ​ពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​រៀន​សូត្រ​ពី​ការ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​របស់​គណបក្ស​នយោបាយ។ លោក​បន្ត​ថា ការ​ចូលរួម​របស់​ពលរដ្ឋ គឺ​រឿង​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ៖ «នេះ​ជា​ភស្តុតាង និង​សាក្សី​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​នយោបាយ​នានា​ក្នុង​ការ​ឆ្លើយ​តប​សំណើ​របស់​ពលរដ្ឋ»

គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ ពួកគេ​មាន​រយៈពេល ១៤​ថ្ងៃ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​ពី​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​រក​សំឡេង​ឆ្នោត​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០២ ខែ​មិថុនា ខាង​មុខ។

តាម​រយៈ​ការ​ស្ទង់​មតិ​ពលរដ្ឋ​នៃ​អង្គការ IRI រក​ឃើញ​ថា នៅ​ប៉ុន្មាន​អាណត្តិ​កន្លង​មក បញ្ហា​នៅ​តែ​បន្ត​កើត​មាន​ឡើង​តាម​មូលដ្ឋាន និង​បង្ក​ជា​បញ្ហា​ដល់​ពលរដ្ឋ រួម​មាន បញ្ហា​ដីធ្លី ព្រៃឈើ បរិស្ថាន កំណែ​ទម្រង់​សេដ្ឋកិច្ច នីតិរដ្ឋ លំហ​ប្រជាធិបតេយ្យ ការ​ចូលរួម​របស់​សង្គម​ស៊ីវិល និង​ការ​ទទួល​ព័ត៌មាន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល