លោក រ៉ុង ឈុន មិនបារម្ភចំពោះគ.ជ.បកោះប្រជុំករណីលោកនៅក្នុងទិវាពលកម្មអន្តរជាតិ
2015.05.02
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី លោក រ៉ុង ឈុន មិនបារម្ភចំពោះការកោះប្រជុំរបស់ គ.ជ.ប ទាក់ទងទៅនឹងសកម្មភាពរបស់លោកនៅក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ឧសភា ឡើយ។ ការបញ្ជាក់របស់ លោក រ៉ុង ឈុន បែបនេះ នៅបន្ទាប់ពីប្រធាន គ.ជ.ប ប្រកាសថា គ.ជ.ប នឹងបើកកិច្ចប្រជុំពិចារណាលើករណី លោក រ៉ុង ឈុន នៅថ្ងៃច័ន្ទ ទី៤ ឧសភា។
ការប្រកាសរបស់ គ.ជ.ប ថានឹងកោះប្រជុំទៅលើករណី លោក រ៉ុង ឈុន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រិះគន់លើសកម្មភាពរបស់ លោក រ៉ុង ឈុន ដែលគណបក្សកាន់អំណាចអះអាងថា សមាជិក គ.ជ.បថ្មីរូបនេះ បានចូលរួមជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងសកម្មភាពហែក្បួនជាមួយក្រុមសហជីព នៅក្នុងទិវាពលកម្មអន្តរជាតិ។
ប្រធាន គ.ជ.បថ្មី និងជាអតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ធំ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍នៅថ្ងៃទី២ ឧសភា ថា គ.ជ.ប នឹងប្រជុំដើម្បីពិនិត្យមើលទៅលើសកម្មភាពរបស់ លោក រ៉ុង ឈុន និងដើម្បីពិចារណាថា តើសកម្មភាពរបស់គាត់វាផ្ទុយនឹងច្បាប់ ឬប៉ះពាល់ដល់ការអនុវត្ត និងកិត្តិយសរបស់ គ.ជ.ប បែបណាខ្លះ។
យ៉ាងណាក៏ដោយ លោក ស៊ិក ប៊ុនហុក មិនទាន់អាចវិនិច្ឆ័យថា សកម្មភាពរបស់ លោក រ៉ុង ឈុន ត្រូវ ឬខុសយ៉ាងណានោះទេ គឺត្រូវរង់ចាំការសម្រេចជាសមូហភាពរបស់ គ.ជ.ប នៅថ្ងៃច័ន្ទ ខាងមុខសិន។ ប៉ុន្តែលោកថា គ.ជ.ប គឺជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ ហើយលោកថា កន្លងមក លោក រ៉ុង ឈុន ខ្លួនឯងក៏ធ្លាប់រិះគន់ គ.ជ.ប ដែរ តែនៅពេលនេះ លោកបែរជាធ្វើសកម្មភាពរបៀបនេះទៅវិញ៖ «យើងនឹងពិចារណារឿងហ្នឹង ច្បាប់ក៏មានចែង បទបញ្ជាផ្ទៃក្នុងក៏មានចែងពីឯករាជ្យ ពីអព្យាក្រឹត្យ សកម្មភាពនេះកន្លងមកគ្មានសមាជិក គ.ជ.ប ណាបានធ្វើនោះទេ ហើយប្រសិនបើប្រធាន គ.ជ.ប អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ទាំងអស់ ទៅចូលរួមសកម្មភាពដូចគាត់អ៊ីចឹង តើមហាជនទូទៅគេវាយតម្លៃ គ.ជ.ប យ៉ាងម៉េច?»។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១ ឧសភា គណបក្សមួយនេះបានលើកឡើងថា ទង្វើរបស់ លោក រ៉ុង ឈុន ចូលរួមជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងសកម្មភាពហែក្បួនជាមួយសហជីព គឺបង្ហាញនូវទំនាស់ផលប្រយោជន៍យ៉ាងពិតប្រាកដ និងធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់ គ.ជ.ប ដែលគណបក្សនយោបាយទាំងពីរបានប្ដេជ្ញាថា ធ្វើឲ្យស្ថាប័ននេះឯករាជ្យ និងអព្យាក្រឹត្យ។
គណបក្សប្រជាជនកម្ពុជា ក៏បានរំឭក លោក រ៉ុង ឈុន ថា សមាជិកទាំង ៩រូបរបស់ គ.ជ.ប លែងជាសមាជិករបស់គណបក្សនយោបាយ សហជីព និងសង្គមស៊ីវិលទៀតហើយ និងត្រូវរក្សាឲ្យបាននូវអព្យាក្រឹតភាពរបស់ខ្លួន។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន សមាជិក គ.ជ.បថ្មី និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពសហជីពកម្ពុជា អះអាងថា លោកមិនបានទៅចូលរួមហែក្បួនជាមួយកម្មករ សហជីព ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជា ឡើយ គឺលោកគ្រាន់តែទៅឃ្លាំមើលសកម្មភាពរបស់សហជីពក្នុងនាមជាពលរដ្ឋម្នាក់ប៉ុណ្ណោះ ហើយលោកក៏មិនថ្លែងសារអ្វីនោះដែរ។ លោក រ៉ុង ឈុន អះអាងថា ការឃ្លាំមើលបែបនេះ មិនធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់ គ.ជ.ប នោះទេ។
លោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី២ ឧសភា ថា លោកមិនបានប្រព្រឹត្តកំហុសឆ្គងផ្ទុយនឹងច្បាប់ ឬនីតិវិធីរបស់ គ.ជ.ប ឡើយ។ ដូច្នេះលោកថា លោកមិនព្រួយបារម្ភចំពោះការប្រជុំរបស់ គ.ជ.ប លើករណីរបស់លោកនោះទេ៖ «អ្វីដែលយើងស្បថស្បែ យើងមើលនៅក្នុងឧបសម្ពន្ធ៥ នៃរដ្ឋធម្មនុញ្ញ ពាក្យសម្បថដែលទៅស្បថថ្ងៃទី១១ ទាំងអស់គ្នា ពាក្យសម្បថហ្នឹងថាមិនមែនត្រឹមតែធ្វើការងារនៅ គ.ជ.ប ទេ គឺត្រូវការពារនូវបូរណភាពទឹកដី ការពារនូវការរំលោភសិទ្ធិមនុស្ស ការពារនូវរឿងអយុត្តិធម៌ ធ្វើម៉េចឲ្យមានការគោរពសិទ្ធិមនុស្ស វាល្អ។ យើងគួរតែអនុវត្តតាមពាក្យសម្បថ ប្រសិនបើយើងគ្រាន់តែចូលរួមកិច្ចការសង្គមក្រៅម៉ោងរដ្ឋបាល យើងមិនទៅស្រែក គ្រាន់តែទៅឈរឃ្លាំមើល វាអត់មានប៉ះពាល់ឯករាជភាពរបស់ គ.ជ.ប នោះទេ»។
ចំណែកនាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ឃើញថា ប្រសិនបើការចូលរួមរបស់ លោក រ៉ុង ឈុន គ្រាន់តែរួមចំណែកក្នុងកិច្ចការងារសង្គម លោក រ៉ុង ឈុន មិនមានកំហុសឆ្គងអ្វីឡើយ។ ផ្ទុយទៅវិញ លោកថា ប្រសិនបើ លោក រ៉ុង ឈុន ទៅចូលរួមក្នុងសកម្មភាពរបស់គណបក្សនយោបាយណាមួយ ដូចជាការចុះជួយពង្រឹង ឬបណ្តុះបណ្តាលសកម្មជនបក្ស នោះទើបសកម្មភាពរបស់គាត់ផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ លោក គល់ បញ្ញា ថ្លែងថា បើវាគ្រាន់តែចូលរួមក្នុងសកម្មភាពសង្គម វាមិនត្រឹមតែមិនមានកំហុសនោះឡើយ តែវាគួរតែត្រូវបានគេលើកទឹកចិត្តទៀតផង៕