បក្ស​ប្រឆាំង​បង្ហាញ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

ដោយ សេក បណ្ឌិត
2017-01-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

រហូត​មក​ដើម​ឆ្នាំ​២០១៧ នេះ សកម្មជន​សិទ្ធិមនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប គឺ​លោក នី ចរិយា នៅ​មិន​ទាន់​ដោះលែង​ដូច​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស  ខេង ធ្លាប់​សន្យា​ថា អ្នក​ទាំង ៥​នាក់​នោះ នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ នោះ​ទេ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មិន​អាច​ដោះលែង​អ្នក​ជាប់​ឃុំ ដូច​ការ​រំពឹង​ទុក​កន្លង​មក​នោះ។

មន្ត្រី​សិទ្ធិមនុស្ស និង​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ដែល​គេ​ហៅ​ថា ជា​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​នោះ សម្ដែង​ការ​ខក​ចិត្ត​ដែល​ពួកគេ​មិន​ត្រូវ​បាន​ដោះលែង​ដូច​ការ​រំពឹង​ទុក។

អ្នក​វិភាគ​បញ្ហា​សង្គម​សង្កេត​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស កំពុង​ក្លាយ​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ​ដែល​គេ​ចង់​ចាប់​ដាក់​ពន្ធនាគារ​នៅ​ពេល​ណា​ក៏​បាន​នៅ​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្រេះឆា​នឹង​គ្នា​ម្ដងៗ។

មន្ត្រី​រដ្ឋាភិបាល​ពី​គណបក្ស​កាន់​អំណាច​តែងតែ​ប្រកែក​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ មិន​មែន​ជា​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​លើក​លែង​ទោស លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេ​ឃុំ លោក ស៊ាង ចែត មក​ពី​គណបក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៦ នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស  ខេង ធ្លាប់​ប្រកាស​ឲ្យ​ដឹង​ថា អ្នក​ទាំង ៥​នាក់​នោះ​នឹង​ត្រូវ​ដោះលែង​បន្តបន្ទាប់​គ្នា​ចុង​ឆ្នាំ​២០១៦ នោះ​ដែរ ឬ​ដើម​ឆ្នាំ​២០១៧ នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ គម្រោង​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​នៅ​ជិត​ដាច់​ឆ្នាំ​២០១៦ នោះ ក៏​នឹង​និយាយ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា ដែរ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​គម្រោង​ជួប​ចរចា​គ្នា​នោះ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ហើយ​ដំណឹង​ស្ដីពី​ការ​ដោះលែង​អ្នក​ទាំង ៥​នាក់​ក៏​ស្ងាត់ស្ងៀម​ទៅ​តាម​នោះ​ដែរ។ ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​កើត​ក្ដី​ងឿងឆ្ងល់ និង​បន្ត​តាម​អ៊ុត​មើល​អំពី​គម្រោង​ជួបជុំ​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៧ នេះ​ទៀត។

ស្រប​ពេល​គ្នា​នេះ សំណួរ​ដែល​គេ​សួរ​ហើយ​សួរ​ទៀត​អំពី​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី គ.ជ.ប នោះ លោក ស ខេង បាន​បង្វែរ​អោយ​ទៅ​សួរ​តុលាការ​ក្រោម​ហេតុផល​ថា លោក​មិន​អាច​ដោះស្រាយ​បាន​ឡើយ ប្រសិនបើ​តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី។ ការ​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​នេះ​របស់​លោក ស ខេង គឺ​ខុស​ពី​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ក្រោយ​ពី​កិច្ច​ប្រជុំ​សភា ដែល​លោក​ថា មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប អាច​នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ។

ចំពោះ​ការ​ខកខាន​ជួប​ចរចា​គ្នា និង​បន្ត​លើក​ពេល​គ្មាន​ការ​កំណត់​ជាក់លាក់​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឆ្លើយ​តប​ថា គឺ​ជា​លេស​របស់​គណបក្ស​កាន់​អំណាច និង​ចង់​រក្សា​អ្នក​កំពុង​ជាប់​ឃុំ​នោះ ឲ្យ​បន្ត​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ដដែល ដើម្បី​ជា​គំរូ​កុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ច្បាស់​ថា អ្វីៗ​ដែល​គេ​ធ្វើ​នោះ​គ្រាន់​តែ​ជា​លេស​ទេ អ្វី​ដែល​គេ​ចង់​បាន គឺ​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ជា​ប្រចាំ​រហូត​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត»

លោក សម រង្ស៊ី ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ ទម្លាយ​អាថ៌កំបាំង​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​ខកខាន​ជួប​គ្នា​នេះ។ លោក​ថា រឿង​នេះ ដោយសារ​តែ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ចិញ្ចឹម​ចិត្ត​ចង់​បំបែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ដើម្បី​ស្ថាបនា​ទេ គឺ​ចង់​ចរចា​ដើម្បី​ចាក់​រុក និង​ឆ្កឹះឆ្កៀល​ឲ្យ​លោក កឹម សុខា បែកបាក់​ជាមួយ​រូប​លោក៖ «គាត់​ចង់​អោយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ឯកឧត្ដម កឹម សុខា សរសេរ​សំបុត្រ​តាម​អ្វី​ដែល​គាត់​ចង់​បាន បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ទេ ការ​ប្រើ​ពាក្យពេចន៍ វា​មិន​សមរម្យ វា​មិន​សម្ដែង​ការពិត​អោយ​លោក កឹម សុខា ចេះ​តែ​សរសេរ​ទៅ ហើយ​ថ្ងៃ​ណា​មួយ គាត់​នឹង​យក​លិខិត​នោះ​មក​ប្រើប្រាស់​ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អោយ​លោក កឹម សុខា ខ្លួន​ឯង​ផ្ទាល់​មក​រក​រឿង​ខ្ញុំ​វិញ ថា​ខ្ញុំ​នេះ​ហើយ​បាន​និយាយ​អី​មួយ​ណា ឬ​មូល​បង្កាច់​អី។ រួច​ហើយ​ទៅ​គាត់​មាន​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​បាន​បង្កប់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នឹង​ឲ្យ​ចេញ​មុខ ហើយ​អោយ​មួល​បង្កាច់​ខ្ញុំ»

ទោះ​យ៉ាងណា​ក្តី លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំហរ​ចង់​ចរចា​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​ប្រជាជន​ដដែល ប៉ុន្តែ​ស្នើ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ភាព​ស្មោះត្រង់។

លិខិត​ដែល​លោក សម រង្ស៊ី លើក​យក​មក​សំអាង​ ​ត្រូវ​បាន​ប្រភព​ជិតស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​មក​អាស៊ីសេរី ដែល​ប្រភព​បាន​អះអាង​ថា ជា​សេចក្ដី​ព្រាង​នៃ​លិខិត​ដើម​ផ្ញើ​មក​ជូន​លោក កឹម សុខា អោយ​ចម្លង​តាម ដើម្បី​អោយ​លោក​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ​ថ្កោលទោស​ជន​ណា​ដែល​និយាយ​ប៉ះពាល់​ដល់​គ្រួសារ ប្រពន្ធ​កូន​ចៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​បណ្ដេញ​ជន​នោះ​ចេញ​ពី​គណបក្ស បើ​រក​ឃើញ​ថា ជន​​នោះ​បាន​និយាយ​ដូច​ច្នេះ​មែន។

នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ ក៏​មាន​ចំណារ​ដែល​មាន​ឈ្មោះ  សយ សុភាព ផង​ថា៖ "គោរព​ជូន​លោកពូ​ពិនិត្យ​សេចក្ដី​ព្រាង ថ្នាក់ដឹកនាំ​បាន​ឯកភាព​តាម​ខ្លឹមសារ​នោះ​ហើយ។ ពី​ខ្ញុំ សយ សុភាព"

លោក សយ សុភាព បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា ថា លោក​ពុំ​ទទួល​បាន​លិខិត​អ្វី​ទាំង​អស់ ហើយ​ខ្លួន​លោក​ផ្ទាល់ ក៏​មិន​មាន​កិច្ចការ​អ្វី​ទាក់ទង​ក្នុង​រឿង​នេះ​ទេ។

លោក សយ សុភាព គឺ​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​ជួយ​សម្របសម្រួល​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៅ​កម្ពុជា អោយ​ជានា​នឹង​គ្នា​វិញ។

​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អោយ​អាស៊ីសេរី ដឹង​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី​អោយ​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា អាច​នឹង​ប្រើប្រាស់​លោក កឹម សុខា អោយ​បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ តែម្ដង។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ មន្ត្រី​មួយ​រូប ឬ​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើ​ការ​បម្រើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចេញ​មុខ​បង្ហាញ​ភស្តុតាង​ថា លោក សម រង្ស៊ី ពិត​ជា​ធ្លាប់​បាន​និយាយ​ពី​រឿង​លោក ហ៊ុន ម៉ាណែត ថា​ជា​កូន​របស់​លោក ឡេ ដឹកថូ (Le Duc Tho) ពិត​ប្រាកដ​មែន​នៅ​ក្នុង​ការ​ជួប​ជុំ​ផ្ទៃក្នុង​របស់​គណបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

well, well the only quick way to win CPP is all soldiers who love the country stand up against the bad leaders. remember bad leaders have a lots of money they scare to die than poor soldiers who have no home to live.be a hero save your country gun in your hands.

Jan 06, 2017 03:42 AM

ហានិភ័យ

ពី តាកែវ

ប្រសប់និយាយមែន គ្មានអ្នក​ទោស​នយោបាយ​​ទេគឺមានតែអ្នកនយោបាយមានទោស ។ ដូចគ្នាដែរ ហ៊ុនសែនមិនមានជាមនុស្សខ្វាក់ភ្នែកម្ខាងទេ គឺហ៊ុនសែនមានភ្នែកម្ខាងខ្វាក់ទេតើ។

Jan 06, 2017 03:41 AM

អ្នក​អាន​អនាមិក

បើដឹងអញ្ជឹងហើយ បែកគ្នាទៀត ភ្លើសុទ្ធ

Jan 05, 2017 11:50 PM

គេហទំព័រ​ទាំងមូល