លោក ស ខេង ប្ដេជ្ញា​ចិត្ត​ធានា​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ​និង​ប្រក្រតី

ដោយ ម៉ម មុនីរតន៍
2017.02.22
ស ខេង ៨៥៥ ២០១៧ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្ដេជ្ញា​ចិត្ត​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បរិយាកាស​ល្អ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្ត​ទី​៤ និង​បោះឆ្នោត​ជាតិ​ដែល​នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ខាង​មុខ​នេះ។

ថ្លែង​បើក​ពិធី​សន្និបាត​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ លោក ស ខេង បញ្ជាក់​ថា កម្លាំង​នគរបាល​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​រក្សា​ឲ្យ​បាន​បរិយាកាស​ល្អ និង​ភាព​សុខសាន្ត​ដើម្បី​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ។

លោក​បន្ត​ថា៖ «ព្រម​ជាមួយ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ប្រទេស​យើង​នឹង​រៀបចំ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ដែល​នឹង​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ្យ​មាន​ការ​រីក​ចម្រើន​បន្ត​ទៀត។ អាស្រ័យ​ហេតុ​នេះ​យើង​ត្រូវ​រួម​គ្នា​គាំទ្រ​កិច្ចការ​នានា ស្រប​តាម​ច្បាប់​តម្រូវ ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​សេរី យុត្តិធម៌ និង​មាន​សុវត្ថិភាព»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ឃុំ-សង្កាត់​មួយ​អាច​មាន​ក្រុមប្រឹក្សា​ដែល​ដឹកនាំ​ដោយ​មេ​ឃុំ-​សង្កាត់​មួយ​រូប និង​សមាជិក​ចន្លោះ​ពី ៥ និង ១១​រូប។ ៦​ខែ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា​អាច​នឹង​រៀបចំ​នៅ​អំឡុង​ដើម​ឆ្នាំ​២០១៨។ ៦​ខែ បន្ទាប់​ពី​ការ​បោះឆ្នោត​ព្រឹទ្ធសភា នឹង​ចាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។