បន្ទប់​ស្ថានការណ៍​វាយ​តម្លៃ​ថា​ការ​បោះ​ឆ្នោត​ល្អ​ជាង​មុន​តែ​ខ្វះ​យុត្តិធម៌​និង​រឹត​ត្បិត​សេរីភាព

ដោយ វ៉ាន វណ្ណដេត
2017.06.24
ក្រុម​បន្ទប់​ស្ថានការណ៍ ៨៥៥ សមាជិក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ដីពី​ការ​វាយ​តម្លៃ​លើ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤។ RFA/Van Vanndeth
RFA/Van Vanndeth

បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​អាណត្តិ​ទី​៤ ទាំង​មូល ចាប់​តាំង​ពី​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ការ​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ថា មាន​ការ​ចាត់ចែង​ប្រសើរ​ជាង​មុន ប៉ុន្តែ​នៅ​តែ​ខ្វះ​យុត្តិធម៌ និង​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​វាយ​តម្លៃ​ថា ស្ថានភាព​មិន​ប្រក្រតី​កើត​មាន​ទាំង​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ថ្ងៃ "ស" ដែល​ជា​ថ្ងៃ​ហាម​ឃោសនា​បោះ​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត ហើយ​សូម្បី​តែ​ការ​ប្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ក៏​មាន​ស្តង់ដារ​ពីរ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា បាន​បង្ហាញ​របាយការណ៍​រក​ឃើញ​ភាព​មិន​ប្រក្រតី​ពេល​ឃោសនា​បោះឆ្នោត (ថ្ងៃ​ទី​២០ ឧសភា ដល់​២ មិថុនា) ថា អាជ្ញាធរ​ដែន​​ដី​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​តុលាការ មេភូមិ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ឃោសនា​ឲ្យ​បក្ស​នយោបាយ មាន​ការ​បង្ក​ការ​ភ័យ​ខ្លាច គំរាមកំហែង ឬ​ការ​ប្រើ​អំពើ​ហិង្សា​ពេល​ឃោសនា ករណី​ខ្លះ​មាន​ជន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ចូល​រួម​ឃោសនា​ឲ្យ​បក្ស​នយោបាយ មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឬ​មេ​ភូមិ ទៅ​គំរាម​កំហែង បំភិតបំភ័យ ឬ​លំអៀង​ក្នុង​ការ​អនុវត្ត​តួនាទី​នៅ​ពេល​ឃោសនា​បោះឆ្នោត មាន​ការ​ហាមឃាត់​កិច្ចប្រជុំ​របស់​បេក្ខជន ឬ​គណបក្ស​នយោបាយ ហើយ​ក៏​នៅ​តែ​មាន​ការ​យក​យានជំនិះ​រដ្ឋ ប្រើប្រាស់​ធនធាន​រដ្ឋ ទៅ​ឃោសនា​ឲ្យ​បក្ស និង​ការ​រើសអើង​កន្លែង​សាធារណៈ​ឲ្យ​បក្ស​នយោបាយ​ឃោសនា៖
«មាន​សកម្មភាព​ផ្ដល់​អំណោយ ជូន​ជា​សគុណ ឬ​ក៏​សម្ភារៈ ឬ​ក៏​រង្វាន់​លើក​ទឹក​ចិត្ត ការ​រៀបចំ​ពិធី​ជប់លៀង ការ​ផ្ដល់​សេវា​ផ្សេងៗ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​បោះឆ្នោត យើង​រក​ឃើញ​មាន ១២៥​ករណី។ ប៉ុន្តែ​ករណី​ទាំង​អស់​ហ្នឹង​ពិបាក​នឹង​វាយ​តម្លៃ​ជា​ករណី​ទិញ​ទឹក​ចិត្ត​អ្នក​បោះឆ្នោត ឬ​ក៏​យ៉ាង​ណា? បើ​ពិនិត្យ​មើល​នៅ​មុន​ការ​ឃោសនា​បោះឆ្នោត យើង​ឃើញ​ថា ករណី​ហ្នឹង​កើត​ឡើង​ជា​ប្រព័ន្ធ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​មិន​កាន់​អំណាច គាត់​បាន​ធ្វើ​សកម្មភាព​ហ្នឹង គឺ​ការ​ចែក​ជា​អំណោយ ឬ​ក៏​សម្ភារៈ​ជូន​អ្នក​បោះឆ្នោត»

ចំណែក​នៅ​ថ្ងៃ​ស​វិញ ភាព​មិន​ប្រក្រតី​កើត​មាន ៦​ករណី មាន​ការ​ធ្វើ​សកម្មភាព​ឃោសនា​ថ្ងៃ​ស​បរិយាកាស​ក្នុង​ភូមិ​ជុំវិញ​ការិយាល័យ​គ្មាន​សុវត្ថិភាព និង​បញ្ហា​សម្ភារៈ ឯកសារ​បោះឆ្នោត​ខ្លះ​មិន​ទាន់​បញ្ជូន​​ដល់​ការិយាល័យ។ ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត​វិញ មាន​ឧបសគ្គ​ចំពោះ​អ្នក​បោះឆ្នោត​នៅ​តាម​ការិយាល័យ មាន​ការ​បាត់​ភាព​សម្ងាត់​នៃ​ការ​បោះឆ្នោត​ដោយសារ​ជញ្ជាំង​ការិយាល័យ​រហែក ការិយាល័យ​បោះឆ្នោត​នៅ​ក្រោយ​ផ្ទះ​ពលរដ្ឋ​ជាដើម។ ករណី​ខ្លះ​ទៀត គឺ​ជា​ការ​បដិសេធ​មិន​ឲ្យ​អ្នក​សង្កេតការណ៍ ឬ​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចូល​សង្កេត​ក្នុង​ការិយាល័យ​បោះ និង​រាប់​សន្លឹក​ឆ្នោត។

ក្នុង​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​វិញ មន្ត្រី គ.ជ.ប បាន​ទទួល​ស្គាល់​សន្លឹក​ឆ្នោត​មិន​បាន​ការ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍ ការ​មិន​ឲ្យ​ថត​ការ​រាប់​សន្លឹក​ឆ្នោត រាប់​សន្លឹក​ឆ្នោត​ដោយ​អាន​ញាប់​ពេក មិន​បាន​បង្ហាញ​គំនូស​ច្បាស់ ឬ​បិទ​ទ្វារ​រាប់​សន្លឹក​ឆ្នោត​ជាដើម។ ជាង​នេះ​ទៅ​ទៀត កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ឬ​ហៅ​ថា ទម្រង់ ១១០២ មន្ត្រី​រាប់​សន្លឹក​ឆ្នោត​បាន​បំពេញ​មិន​ត្រូវ ឬ​កត់ត្រា​មិន​ត្រឹមត្រូវ​ជាដើម។ បើទោះជា​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ចាត់​ទុក​ថា ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៧ ក៏ដោយ ប៉ុន្តែ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នឹង​ផ្ញើ​ភាព​មិន​ប្រក្រតី​ដែល​រក​ឃើញ​ទៅ​ឲ្យ គ.ជ.ប ដើម្បី​កែ​តម្រូវ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​​កម្ពុជា ហៅ​ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី មើល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​នៅ​ពេល​ឃោសនា​បោះឆ្នោត ដូចជា​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​សម្រាប់​ជា​មធ្យោបាយ​ឃោសនា បម្រាម គ.ជ.ប ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ជួល​ម៉ោង​ផ្សាយ​ស្មើ​ភាព​គ្នា ត្រូវ​បាន​បំពាន៖ «ក្នុង​អំឡុង​ពេល​ឃោសនា ពី​ថ្ងៃ​ទី​២០ ខែ​៥ ទៅ​ដល់​ថ្ងៃ​ទី​២ ខែ​៦ យើង​ឃើញ​នៅ​ក្នុង​របាយការណ៍​ដែល​យើង​ទទួល​បាន​ពី​អ្នក​សង្កេតការណ៍​ទាំង​អស់​ហ្នឹង គឺ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត មិន​អាច​យក​ស្លាក​ឡាន​រដ្ឋ​ទៅ​ដោះ​ស្លាក​លេខ​ចេញ ឬ​ក៏​ប្រើ​ស្លាក​លេខ​យក​ទៅ​ឃោសនា​បម្រើ​គណបក្ស»

បន្ទប់​ស្ថានការណ៍​បោះឆ្នោត ក៏​បាន​សិក្សា​សំណាក​គំរូ ៩​ឃុំ នៅ​ខេត្ត​ក្រុង​ចំនួន ៣ ដើម្បី​វាយ​តម្លៃ​អំពី​ខ្ទង់​ចំណាយ​របស់​គណបក្ស​នយោបាយ។ ការ​សិក្សា និង​សង្កេត​របស់​សង្គម​ស៊ីវិល​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ថវិកា​សម្រាប់​ឃោសនា​បោះឆ្នោត​នៅ​ថ្នាក់​ឃុំ​ចំនួន ២៤,៧​លាន (២៤.៧០០.០០០) ដុល្លារ​អាមេរិក ខណៈ​បក្ស​ប្រឆាំង​បាន​ប្រើ​ថវិកា​នៅ​ថ្នាក់​ឃុំ​ដូច​គ្នា​ចំនួន ៥,៦​លាន (៥.៦០០.០០០) ដុល្លារ។ ថវិកា​ទាំង​នោះ​បក្ស​កាន់​អំណាច​បាន​មក​ពី​សមាជិក​ថ្នាក់​ខេត្ត​រាជធានី​របស់​ខ្លួន ឯ​បក្ស​ប្រឆាំង​បាន​មក​ពី​សមាជិក​បក្ស និង​អ្នក​គាំទ្រ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា បើ​ទោះ​ជា​បរិយាកាស​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​មាន​រូបភាព​គំរាមកំហែង ដូចជា​ព្រមាន​ពី​សង្គ្រាម​បើ​ចាញ់​ឆ្នោត ឬ​បង្ហាញ​វត្តមាន​កង​កម្លាំង​ដ៏​ច្រើន​នៅ​ថ្ងៃ​បោះឆ្នោត តែ​ពលរដ្ឋ​មិន​បាន​ខ្លាច​ដូច​កាល​មុនៗ​នោះ​ទេ៖ «អ្នក​នយោបាយ ឬ​ក៏​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន គាត់​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ជូន​កាល​ជា​ការ​សម្ដែង​មតិ​ជា​ការ​ជួបជុំ​ប្រមូល​ផ្ដុំ​ក្នុង​បញ្ចេញ​មតិ ឬ​ក៏​ការ​តវ៉ា​ដោយ​សន្តិវិធី តែ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​អាច​ថា ជា​បដិវត្តន៍​ពណ៌។ បរិយាកាស​នយោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត ដែល​យើង​ត្រូវ​ពិចារណា»

អ្នកនាំពាក្យ​របស់​ស្ថាប័ន គ.ជ.ប ធ្លាប់​បញ្ជាក់​ថា គ្មាន​ការ​បោះ​ឆ្នោត​ណា​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ។ តែ​ គ.ជ.ប ស្វាគមន៍​រាល់​អនុសាសន៍​ទាំង​ឡាយ។

តំណាង​បន្ទប់​ស្ថានការណ៍​បោះឆ្នោត និង​ជា​ប្រធាន​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់​ថា តាម​ច្បាប់​បោះឆ្នោត​ឃុំ-​សង្កាត់ គ.ជ.ប មិន​មាន​សិទ្ធិ​ស្នើ​បង្ហាញ​របាយការណ៍​ចំណូល​ចំណាយ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្នាក់​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ គ.ជ.ប មាន​សិទ្ធិ​ស្នើ​ឲ្យ​បក្ស​នយោបាយ​បង្ហាញ​ខ្ទង់​ចំណូល​ចំណាយ​របស់​បក្ស​បាន ដូច្នេះ​សង្គម​ស៊ីវិល​ស្នើ គ.ជ.ប បើក​ចំហ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ពេល​បោះឆ្នោត​​ឆ្នាំ​​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។