សង្គម​ស៊ីវិល​និង​បក្ស​នយោបាយ​យល់​ថា​កម្ពុជា​ពុំ​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ

ដោយ ជាតិ ចំណាន
2018-01-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៧។ RFA
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ទើប​អាច​ធ្វើ​ឲ្យ​កម្ពុជា នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា។ ប៉ុន្តែ​អ្នក​ធ្វើ​ការ​គាំទ្រ​ឲ្យ​មាន​សន្តិភាព និង​គណបក្ស​នយោបាយ មិន​ឯកភាព​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​កម្ពុជា ពុំ​ទាន់​មាន​សន្តិភាព​ពិតប្រាកដ​នៅ​ឡើយ។

មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​យល់​ថា កម្ពុជា​នៅ​ខ្វះ​ធាតុ​ផ្សំ​មួយ​ចំនួន​ទៀត ​ទើប​អាច​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ។

ប្រធាន​អង្គការ​សីលការ និង​ជា​អតីត​សមាជិក​គណៈកម្មការ​ក្រុម​ការងារ​កសាង​សន្តិភាព អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ​នៅ​ឡើយ ដោយសារ​កម្ពុជា ខ្វះ​យុត្តិធម៌ គឺ​ខ្វះ​ប្រព័ន្ធ​យុត្តិធម៌​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​ពឹង​ពាក់​បាន ថ្វី​ត្បិត​តែ​ពុំ​មាន​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ក្ដី ប៉ុន្តែ​បញ្ហា​ទាំង​ពីរ​នេះ​ទាក់ទង​គ្នា។

អ្នកស្រី​បន្ត​ថា បើសិនជា​អត់​មាន​សង្គ្រាម​មែន ប៉ុន្តែ​នៅ​តែ​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ នឹង​អាច​នាំ​ឲ្យ​អស្ថិរភាព​ផ្នែក​នយោបាយ៖ «សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​នាំ​គ្នា​បណ្ដុះ​ចិត្ត​ជា​សន្តិភាព និង​សកម្មភាព​ដែល​យើង​ធ្វើ​គឺ​ជា​សន្តិភាព កុំ​ឲ្យ​សម្លុត គំរាម ភូតភរ កុហក កុំ​ឲ្យ​ល្បិចកល បោក​គ្នា​ទៅ​វិញ​ទៅ​មក យើង​គួរ​តែ​លះបង់ ពីព្រោះ​ទាំង​អស់​នោះ​ឯង​គឺ​ជា​វប្បធម៌ និង​អំពើ​ហិង្សា ពីព្រោះ​នៅ​ពេល​ដែល​យើង​បោក​បញ្ឆោត​គ្នា យើង​សម្លុត​គ្នា គឺ​យើង​អត់​បាន​ចិត្ត​គំនិត​យើង​អត់​បាន​ចិត្ត​គំនិត​គេ​ទៅ​ជាមួយ​ទេ​អ្នក​មួយ​ចំហៀង​ទៀត។ បុគ្គល​ទាំង​អស់​គួរ​ណាស់​តែ​ស្វែង​យល់ បង្កើត​នូវ​ជំនាញ និង​ចំណេះ​ចេះដឹង​ខាង​ផ្នែក​កសាង​សន្តិភាព​កុំ​ឲ្យ​ប្រើប្រាស់​នូវ​មធ្យោបាយ​ហិង្សា»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៩ មករា ថា ស្អែក​នេះ គឺ​កម្ពុជា​យើង​នឹង​ធ្វើ​ជា​សហប្រធាន និង​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល មេគង្គ-​ឡានឆាង ​(Mekong-Lancang) លើក​ទី​២។ កិច្ចប្រជុំ​នេះ​នឹង​នាំ​មក​នូវ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​សម្រាប់​ប្រជាជាតិ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ​ហើយ​​ភ្ជាប់​ទៅ​ទន្លេ​ឡានឆាង ប្រទេស​ចិន ដែល​ក្នុង​នោះ​មាន​ប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម ភូមា និង​ប្រទេស​ចិន។ លោក​សរសេរ​ទៀត​ថា ដោយសារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ទើប​យើង​អាច​រៀបចំ​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​បែប​នេះ​បាន។ នេះ​ជា​មោទនភាព​របស់​ជាតិ​យើង​ទាំង​មូល ​ដែល​បាន​មក​ពី​ការ​រួម​ចំណែក​របស់​បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់​គ្នា។

សាម អ៊ីន ៦២២
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក​បណ្ឌិត សាម អ៊ីន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ Photo: RFA

អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ថ្លែង​ថា សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ជា​រឿង​សំខាន់​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ចង់​ឃើញ​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស កសាង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​សង្គម​មាន​យុត្តិធម៌ ពីព្រោះ​បញ្ហា​ទាំង​បី​នេះ​នៅ​តែ​ប្រឈម​ខ្លាំង​នៅ​ឡើយ​សម្រាប់​កម្ពុជា។

លោក​ថា សន្តិភាព​មួយ​ដែល​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ គឺ​ជា​សន្តិភាព​ដែល​គ្មាន​និរន្តរភាព៖ «ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស អ្នក​ដឹកនាំ​រដ្ឋ​បើ​សិន​ជា​គាត់​ចង់​បន្សល់​មរតក​ល្អៗ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ កាតព្វកិច្ច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ធ្វើ​បន្ត​ទៀត គឺ​ការ​កសាង​សង្គម​មួយ​ឲ្យ​មាន​យុត្តិធម៌ ការ​កសាង​សង្គម​មួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​ការ​កសាង​កម្ពុជា មួយ​ដែល​គោរព​សិទ្ធិ​មនុស្ស ឲ្យ​បាន​ពេញលេញ នេះ​គឺ​ជា​ការ​ទាមទារ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​យើង»

ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើក​ទី​២​នេះ ក្រៅ​ពី​កម្ពុជា នឹង​មាន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ចំនួន ៥ ចូលរួម​ដូចជា នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង (Li Keqiang) នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក មិន ស្វេ (Myint Swe) នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និង​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)។ កិច្ច​ប្រជុំ​កំពូល​មេគង្គ-​ឡានឆាង លើក​ទី​២​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​មករា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ "ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព"។ កិច្ច​ប្រជុំ​នេះ នឹង​ពិភាក្សា​អំពី​សារសំខាន់ ដល់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់​ប្រទេស​អនុ​តំបន់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​ប្រជាជន ការ​បំព្រួញ​គម្លាត​អភិវឌ្ឍន៍ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ដើម្បី​គាំទ្រ​ដល់​ការ​កសាង​សហគមន៍​អាស៊ាន​ជាដើម។

ទាំង​មន្ត្រី​សង្គម​ស៊ីវិល ​និង​មន្ត្រី​គណបក្ស​នយោបាយ គាំទ្រ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស ប៉ុន្តែ​ចង់​ឲ្យ​កិច្ច​សហការ​នេះ​ប្រកប​ដោយ​តម្លាភាព មាន​ភាព​ឈ្លាសវៃ ទទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក និង​ផល​ចំណេញ​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សន្តិភាព របៀបតាចាស់ ហ៑ុន សែន បំបិទសិទ្ធសេរីភាព ជិះជាន់ កេងប្រវ័ញ គំរាមកំហែង សម្លាប់ ចាប់ដាក់គុក

Jan 12, 2018 10:05 AM

គេហទំព័រ​ទាំងមូល