"មន្ត្រី​រាជការ​-​កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​ចាប់​ពី​ខែ​មេសា"

ដោយ ទេព សុរ៉ាវី
2015.01.12

រដ្ឋាភិបាល មាន​គម្រោង​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជការ ប៉ូលិស និង​ទាហាន​សម្រាប់​ឆ្នាំ​២០១៥។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្វាគមន៍​ចំពោះ​ឆន្ទៈ​រដ្ឋាភិបាល​ដែល​បាន​ដំឡើង​ប្រាក់ខែ​បន្ថែម​ដល់​ពួកគាត់។ ប៉ុន្តែ​ប្រាក់​បៀវត្ស​ទាំង​នោះ​នៅ​តិចតួច មិន​ទាន់​គ្រប់​តម្រូវ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ខណៈ​ទំនិញ​នៅ​ទីផ្សារ​ចេះតែ​កើន​ឡើង​ខ្ពស់។

​តាម​គម្រោង​ដែល​កំណត់​ដោយ​រដ្ឋាភិបាល ទាំង​មន្ត្រីរាជការ គ្រូបង្រៀន ប៉ូលិស និង​ទាហាន​នឹង​ត្រូវ​ដំឡើង​ប្រាក់​បៀវត្ស​បន្ថែម​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ​ត​ទៅ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ទំនប់​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម នៅ​ខេត្ត​កោះកុង។

លោក ហ៊ុន សែន បញ្ជាក់​ថា មន្ត្រី​រាជការ​ដែល​ទទួល​បាន​ប្រាក់​ទាប​បំផុត​គឺ​ឡើង​ជាង ៣០​ភាគរយ ឬ​មាន​ន័យ​ថា ឡើង​ពី​ជាង ៤២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ទៅ ៥៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

គ្រូបង្រៀន​ទទួល​ប្រាក់​ខែ​ទាប​បំផុត ៥៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ នឹង​ត្រូវ​ដំឡើង​ដល់ ៦៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ចំពោះ​គ្រូពេទ្យ​ឡើង​ពី ៥៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ទៅ​ដល់ ៦៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ ដោយ​ឡែក​នគរបាល​ជាតិ​ថ្នាក់​ពលបាលត្រី ឡើង​ពី​ជាង ៤៧​ម៉ឺន​រៀល​ក្នុង​មួយ​ខែ (គិត​ទាំង​របប​អង្ករ) ទៅ​៦៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ រី​ឯ​យោធិន​ថ្នាក់​ពលទោ​ដំឡើង​ពី​ជាង ៣៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ទៅ​ជាង ៥៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដោយ​មិន​គិត​របប​អង្ករ។

​លោក ហ៊ុន សែន៖ «ខែ​៤ (មេសា) គឺ​ត្រូវ​ឡើង​ប្រាក់​បៀវត្ស ហើយ​ខែ ៤ នោះ គឺ​ត្រូវ​បើក​ប្រាក់​បៀវត្ស​ឲ្យ​បាន​មុន​ចូល​ឆ្នាំ សាច់ប្រាក់​មិន​ជា​បញ្ហា​សម្រាប់​យើង​ទេ»

ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​បៀវត្ស​បន្ថែម​ដល់​មន្ត្រីរាជការ ប៉ូលិស ទាហាន​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ស្វាគមន៍​ចំពោះ​គោ​នយោបាយ​ដំឡើង​ប្រាក់​បៀវត្ស​នេះ តែ​លោក​គិត​ថា ការ​ដំឡើង​នោះ នៅ​តិចតួច​ពេក​ដែល​មិន​ទាន់​ឆ្លើយ​តប​នូវ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ។ តាម​គំនិត​លោក រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​មន្ត្រី​រាជការ ប៉ូលិស ទាហាន ឲ្យ​បាន​ទាប​បំផុត ១​លាន​រៀល៖ «ការ​ដំឡើង​នឹង​នៅ​តែ​ប្រឈម​បញ្ហា​ជីវភាព​របស់​មន្ត្រី​រាជការ គ្រូបង្រៀន ប៉ូលិស ទាហាន ប្រាក់​នោះ​វា​មិន​សមស្រប​តម្លៃ​ទំនិញ»

​លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​ធ្វើ​កំណែទម្រង់​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល និង​ទាហាន​ទៅ​បាន លុះ​ណា​តែ​មន្ត្រី​រាជការ ប៉ូលិស ទាហាន​ទាំង​អស់ ទទួល​បាន​ប្រាក់ខែ​សមរម្យ។ ប្រាក់ខែ​សមរម្យ គឺ​ជា​គន្លឹះ​ដែល​នាំ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ប្រកប​ដោយ​ប្រសិទ្ធភាព។

​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា មិន​អាច​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រីរាជការ ប៉ូលិស ទាហាន ច្រើន​យ៉ាង​គំហុក​បាន​ទេ ប៉ុន្តែ​ត្រូវ​ដំ​ឡើងជា​រៀង​រាល់​ឆ្នាំ។

​ការ​ប្រកាស​ដំឡើង​ប្រាក់​បៀវត្ស​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៤ កំណត់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​មន្ត្រី​ភូមិ។ ប្រធាន​ក្រុមប្រឹក្សា​និង​ជា​មេឃុំ ចៅ​សង្កាត់ ទទួល​បាន ៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។