ទស្សនៈ​ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ជុំវិញ​វិធានការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​វៀតណាម

ដោយ ជិន ជេដ្ឋា
2014.09.02
ពលរដ្ឋ​កំពង់ឆ្នាំង ៦២០ អ្នក​រត់​ម៉ូតូ​ឌុប​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ជុំវិញ​វិធានការ​របស់​ក្រសួង​មហាផ្ទៃ ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Chin Chetha

ក្រសួង​មហាផ្ទៃ កំពុង​មាន​វិធានការ​គ្រប់គ្រង និង​ប្រមូល​ស្ថិតិ​ជន​បរទេស​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ចង់​ដឹង​អំពី​វិធានការ និង​ការ​គ្រប់គ្រង​ច្បាស់​លាស់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ទៅ​លើ​ជន​អន្តោប្រវេសន៍​វៀតណាម ជា​ជាង​បណ្ដា​ជាតិ​សាសន៍​ដទៃ​ទៀត។

តើ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ជនជាតិ​វៀតណាម និង​វិធានការ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ?

ចរន្ត​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​លើ​ចំណុច​មួយ​ចំនួន ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ ចំណុច​ដែល​គេ​មើល​ឃើញ​ថា មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​នោះ គឺ​កំណែ​ទម្រង់​វិស័យ​អប់រំ។ ហើយ​ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ក្នុង​ប្រទេស តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​ចុះ​គ្រប់គ្រង​ជន​បរទេស​ទាំង​នោះ។

ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍​វៀតណាម គណបក្ស​ប្រឆាំង​ធ្លាប់​ប្រកាស​ជា​ញឹកញយ​ថា ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ ដោយ​យក​ច្បាប់​អន្តោប្រវេសន៍​មក​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ ប្រសិន​បើ​ខ្លួន​ជាប់​ឆ្នោត។ បច្ចុប្បន្ន គណបក្ស​ប្រឆាំង​មិន​បាន​ឈ្នះ​ឆ្នោត​ដូច​ការ​ប៉ង​ឡើយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អន្តោប្រវេសន៍​ជាង​មុន ខណៈ​ដែល​ចំនួន​អាសនៈ​ក្នុង​សភា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មាន​សំឡេង​ប្រដំប្រសង​គ្នា ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​បរទេស​លើក​នេះ គឺ​មិន​បាន​ធ្វើ​តាម ឬ​មាន​សំណើ​ផ្លូវ​ការ​ណា​មួយ​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ តែ​វា​ជា​ការងារ​ដែល​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​មក​ហើយ។

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​អបអរ​សាទរ​ចំពោះ​វិធានការ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ លើ​ការងារ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​បរទេស​នេះ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​តិចតួច និង​ខ្លះ​គ្មាន​ជំនឿ​តែ​ម្ដង ដោយ​ចាត់​ទុក​ការ​ចុះ​អនុវត្ត​ការងារ​ស្ថិតិ​របស់​ក្រសួង​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ដដែលៗ និង​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ងប់​ចិត្ត ចំពោះ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ប៉ុណ្ណោះ។

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ផ្សារលើ ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ពី​ទស្សនៈ​ស្រដៀង​គ្នា​ថា ការ​ដឹក​នាំ​ប្រទេស និង​ការ​ដោះស្រាយ​បញ្ហា​អ្វី​មួយ​របស់​រដ្ឋាភិបាល​ចាប់​ពី​ថ្ងៃ​នេះ​ទៅ អាច​មាន​សុក្រឹតភាព​ជាង​មុន ពីព្រោះ​មាន​សំឡេង​គណបក្ស​ប្រឆាំង​ច្រើន​គួរសម​ក្នុង​សភា ដើម្បី​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើ​ការ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​អាច​ជិះ​សេះ​លែង​ដៃ​ដូច​មុន​ទៀត៖ «ខ្ញុំ​ជឿ​ថា ក្រសួង​មហាផ្ទៃ នេះ​វា​គ្មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេ គ្រាន់​ថា​រៀបចំ​ហៅ​ថា​រៀបចំ​ទេ គ្រាន់​តែ​ប្រយោលៗ​ទេ វា​ជា​យូរ​មក​ហើយ ឃើញ​តែ​ប៉ុណ្ណឹង​ដដែល វា​អត់​មាន​រីក​ចម្រើន​អី​ទៅ​មុខ​ទៀត​ទេ។ កាល​ណា​បើ​រាជ​រដ្ឋាភិបាល ក៏​ដូច​ខាង​ក្រុម​ការងារ​មហាផ្ទៃ​នេះ គាត់​រៀបចំ​បាន​ត្រឹមត្រូវ​ល្អ ខ្ញុំ​គិត​ថា​ប្រជាជន​ខ្មែរ​យើង​អាច​មាន​ឱកាស​រក​ស៊ី​លក់​ដូរ​ជួញ​ដូរ​អី​បាន​មួយ​កម្រិត​ដែរ។ បង​ប្អូន​វៀតណាម គាត់​ចូល​មក​រក​ស៊ី​នៅ​ក្នុង​ស្រុក​យើង​ហ្នឹង វា​រាតត្បាត​ខ្លាំង​ណាស់ អ៊ីចឹង​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​អត់​សូវ​បាន​រក​ទេ គិត​ទៅ​មុខ​របរ​ណា»

ចំណែក​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង សម្ដែង​ពី​អារម្មណ៍​របស់​ខ្លួន​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ជនជាតិ​វៀតណាម នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង និង​នៅ​ឃុំ​ឆ្នុកទ្រូ នៃ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បំផ្លាញ​ធនធាន​មច្ឆជាតិ និង​បំពុល​បរិស្ថាន។ ពួក​គេ​គាំទ្រ​ពេញ​ទំហឹង​លើ​ការងារ​គ្រប់គ្រង និង​ចុះ​ស្រង់​ស្ថិតិ​ជន​បរទេស​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់ និង​ប្រទេស​ជាតិ​រីក​ចម្រើន ប៉ុន្តែ​គេ​ខ្លាច​តែ​អាជ្ញាធរ​ធ្វើ​ដូច​កាល​ពី​ពេល​កន្លង​ទៅ គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខក​ចិត្ត​ទៅ​វិញ៖ «ចង់​ឲ្យ​ទប់ស្កាត់ ព្រោះ​អី​ដូច​អត់​មាន​អ្នក​អើពើ​សោះ ព្រោះ​អី​ខ្ញុំ​សង្កេត​មើល​ទៅ​វា​មាន​ពុក​រលួយ​ច្រើន​ដែរ។ រាល់​ថ្ងៃ​ដូច​យើង ហើយ​នៅ​លើ​ទឹក​ដី​ខ្មែរ​យើង​វា​កាន់​តែ​កើន​ច្រើន​ហើយ​ជន​អន្តោប្រវេសន៍ ដូច​ជា ចិន បារាំង វៀតណាម ដូច​អត់​អី​ណា​មក​តាម​ច្បាប់​ផង។ ខ្ញុំ​អបអរ​សាទរ បើ​រៀបចំ​ឲ្យ​មាន​ការ​ត្រឹមត្រូវ អបអរ​សាទរ​ណាស់! ហេតុ​អី​ពូ? ឲ្យ​មាន​ការ​ត្រឹមត្រូវ​ទៅ​វា​ស្រួល​ដឹង​ខុស​ដឹង​ត្រូវ​ទាំងអស់​គ្នា វា​មាន​ការ​ចែក​ការ​រក​ស៊ី​ស្មើ​គ្នាៗ កុំ​ឲ្យ​មាន​ការ​ច្រណែន​និន្ទា​គ្នា»

៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។
៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។
RFA

ក្រុម​ការងារ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ដើម្បី​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​បរទេស​នេះ ត្រូវ​បាន​បែង​ចែក​ជា ៧​តំបន់​នៅ​ទូទាំង ២៥​ខេត្ត និង​ក្រុង។ ក្រុម​ការងារ​ដែល​បង្កើត​ឡើង គឺ​មាន​តួនាទី​ត្រួត​ពិនិត្យ​លើ​ការ​ចាត់​តាំង​អនុវត្ត​ច្បាប់ ស្ដីពី​ការងារ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ការ​ត្រួត​ពិនិត្យ​ដំណើរ​ចេញ​ចូល និង​ការ​ស្នាក់នៅ​របស់​ជន​បរទេស​ក្នុង​មូលដ្ឋាន និង​ការ​ពិនិត្យ​មើល​លើ​ពលករ​បរទេស​នៅ​តាម​រោងចក្រ និង​សហគ្រាស ជាដើម។ ការ​ធ្វើ​ជំរឿន​ជន​បរទេស​នៅ​កម្ពុជា គឺ​ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​២០០២ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​តួលេខ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា អន្តោប្រវេសន៍​វៀតណាម ទាំង​ស្រប និង​មិន​ស្រប​ច្បាប់ មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ តួលេខ​នេះ​ហើយ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​ដឹង។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការងារ​គ្រប់គ្រង និង​ការ​ធ្វើ​ជំរឿន​នៅ​ពេល​នេះ គឺ​មិន​អាច​កំណត់​រយៈពេល​បញ្ចប់​បាន​ឡើយ ដោយសារ​តែ​ព្រំដែន​កម្ពុជា គឺ​ជា​ព្រំដែន​បើក​ចំហ ដូច្នេះ តួលេខ​មាន​ការ​ប្រែប្រួល​រហូត។ លោក​ធ្លាប់​បញ្ជាក់​ថា ការ​ធ្វើ​ជំរឿន​ជន​អន្តោប្រវេសន៍​លើក​នេះ បើ​ពុំ​មាន​ភាព​ច្បាស់​លាស់​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ​នោះ ប្រហែល​ក្រសួង​មិន​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ ឲ្យ​ចុះ​ធ្វើ​ការងារ​នេះ​ឡើយ៖ «ក្រសួង​មិន​ទាន់​ទៅ​ដល់​ជួល​កាល​គេ​មិន​ទាន់​បាន​គោលការណ៍​នោះ​ណា! វា​មិន​មែន​ជា​យុទ្ធនាការ​ទូទាំង​ប្រទេស​ព្រមៗ​គ្នា គេ​ធ្វើ​ដាច់​ដោយ​ដុំ ហើយ​គេ​ផ្សាយ​បន្ត​ទៀត​ទៅ។ បាទ! នៅ​ក្នុង​ហ្នឹង​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាស់​ដែរ ឧទាហរណ៍​ថា ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ យើង​មិន​ត្រឹម​រក​តែ​គាត់​ទេ ក្នុង​នោះ​ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​មិន​ត្រឹមត្រូវ ដូច្នេះ​យើង​គួប​រក​អា​បញ្ហា​ហ្នឹង​ទៀត ហើយ​ត្រូវ​តែ​មាន​វិធានការ​ចំពោះ​មន្ត្រី​រាជការ​យើង​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ​ទៀត​ផង មិន​ត្រឹម​តែ​ជន​អន្តោប្រវេសន៍​ដែល​យើង​រក​នោះ​ទេ»

បច្ចុប្បន្ន​នៅ​ខេត្ត​កំពង់ឆ្នាំង ការ​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​អន្តោប្រវេសន៍ មិន​ទាន់​បាន​ដំណើរ​ការ​នៅ​ឡើយ​ទេ ដោយ​ក្រុម​ការងារ​ជំនាញ​ថ្នាក់​ក្រសួង មិន​ទាន់​បាន​ចុះ​មក​ដល់។ ចំណែក​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​អនុវត្ត​ការងារ​នេះ​ពីរ​បី​ថ្ងៃ​ហើយ ប៉ុន្តែ​ខាង​ស្នងការ​មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់ ដោយ​រង់ចាំ​ការ​បូក​សរុប​លទ្ធផល​ការងារ​របស់​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ ដែល​ចុះ​ធ្វើ​ការ​នេះ​ផ្ទាល់។

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ការងារ​ស្ថិតិ លោក បាន ហេង ថ្លែង​បញ្ជាក់​ថា ការ​ចុះ​អនុវត្ត​ការងារ​ពីរ​បី​ថ្ងៃ​មក​នេះ គឺ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ ដោយ​មាន​ខាង​លោក​ជា​អ្នក​ចង្អុល​បង្ហាញ​ទីតាំង​ភូមិសាស្ត្រ។ ចំណែក​បច្ចេកទេស​ការងារ គឺ​ខាង​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ជា​អ្នក​អនុវត្តន៍​ផ្ទាល់៖ «គេ​ចុះ​ឥឡូវ​គេ​កំពុង​ធ្វើ​បី​បួន​ស្រុក​ហ្នឹង ស្រុក​បាកាន ស្រុក​កណ្ដៀង និង​ក្រុង​ពោធិ៍សាត់ អី​ហ្នឹង។ បាទ! អ៊ីចឹង​ឥឡូវ​ហ្នឹង​យើង​មិន​ទាន់​ដឹង ហើយ​ចង់​រាយការណ៍​ដែរ ប៉ុន្តែ​ក្រុម​ការងារ​គេ​កំពុង​តែ​ធ្វើ គេ​ធ្វើ​លម្អិត​ណាស់! គេ​មាន​បិទ​រូបថត បំពេញ​សលាកបត្រ​បុគ្គល​នីមួយៗ គេ​ធ្វើ​ច្រើន​របៀប»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) លោក អាង ច័ន្ទឫទ្ធិ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា កន្លង​ទៅ​ខាង​លោក​រក​ឃើញ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍ ដោយ​មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​បង់​ប្រាក់​ចន្លោះ​ពី ៣០០ ទៅ ៥០០​ដុល្លារ ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មាន​ទម្រង់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ចំនួន​ទៀត។ លោក​ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ដែរ​ថា ការ​បង្កើត​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ពុំ​មាន​តម្លាភាព ហើយ​លទ្ធផល​ទទួល​បាន​នឹង​អាច​សុក្រឹត​នោះ​ទេ ដោយសារ​តែ​ពុំ​មាន​ការ​ចូលរួម​ពី​សំណាក់​សង្គម​ស៊ីវិល ឬ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។