សហជីព​មួយ​ចំនួន​ស្នើ​សហគមន៍​អឺរ៉ុប​កុំ​យក​បញ្ហា​នយោបាយ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា

ដោយ សេក បណ្ឌិត
2017.11.27
ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ២០១៦ ៨៥៥ ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

សហជីព​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ស្នើ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ្នកបញ្ជា​ទិញ កុំ​ឲ្យ​យក​បញ្ហា​នយោបាយ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ និង​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុបចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​នោះ​ទេ។

​ករណី​នេះ បាន​ធ្វើ​ឲ្យ​សហជីព​មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ខ្វាយខ្វល់ ខ្វះ​ភាព​ជា​មេដឹកនាំ ហើយ​ថែម​ទាំង​ឌឺដង​ថា ការ​ដាក់​សម្ពាធ ឬ​កាត់​ជំនួយ​ពី​បរទេស​នោះ អ្នក​ដែល​ក​ស្លាប់​មិន​មែន​ក្រុម ឬ​បក្ខពួក​របស់​លោក​នោះ​ទេ។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៤ ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បាន​ជម្រាប​ដល់​អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ្នក​បញ្ជា​ទិញ​នានា​ថា បញ្ហានយោបាយ​កម្ពុជា បច្ចុប្បន្ន​នេះ​គឺ​ជា​រឿង​ដាច់ដោយឡែក​ពី​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប ជាដើម។

​សហជីព និង​សមាគម​ទាំង​៤​នោះ សង្ឃឹម​ថា សហគមន៍​អន្តរជាតិ អ្នក​បញ្ជា​ទិញ​នឹង​មិន​យក​ផលប្រយោជន៍​របស់​កម្មករ​រាប់​សែន​នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ទទួល​ផល​ពី​វិស័យ​កាត់ដេរ ធ្វើ​ជា​ចំណាប់ខ្មាំង​នៃ​កត្តា​នយោបាយ​មួយ​ជ្រុង​នោះ​ទេ។

​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​នោះ ហើយ​លោក​ក៏​គ្រោង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែរ ព្រោះ​លោក​ក៏​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ព្រមាន​របស់​សហគមន៍​អន្តរជាតិ​នោះ​ថា អាច​ជា​ការ​ពិត​​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​បញ្ហា​នយោបាយ​នៅ​តែ​ក្ដៅ​គគុក។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​គ្នា​ក្នុង​នាម​ជាតិ​សាសន៍​តែមួយ​ដើម្បី​ផលប្រយោជន៍​កម្មករ៖ «នៅ​ពេល​ដែល​មាន​វិបត្តិនយោបាយ ហើយ​សហគមន៍​អន្តរជាតិ​លូក​ដៃ ក៏​ដូចជា​ការ​អន្តរាគមន៍​សម្រុះសម្រួល តែ​បែរ​ជា​យក​វិស័យ​នេះ​ទៅ​ជា​ចំណាប់​ខ្មាំង វា​ទៅ​ជា​ផ្នែក​មួយ​នៅ​ពេល​ដាក់​សម្ពាធ មាន​ន័យ​ថា កម្មករ និយោជិក ក៏​ដូចជា​ប្រជាពលរដ្ឋ គាត់​នឹង​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ដោយ​មិន​បាន​ដឹង​ខ្លួន»

ថ្មីៗ​នេះ តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជា​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សម្លៀកបំពាក់ និង​បញ្ឈប់​ការ​លើកលែង​ពន្ធ​លើ​ការ​នាំ​ចេញ​ផលិតផល​ផ្សេងៗ​ទៀត ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុប​ចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​នោះ​ទេ។

សារ​ព្រមាន​របស់​សហគមន៍​អឺរ៉ុប​នេះ មិន​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្វល់ខ្វាយ​ឡើយ ហើយ​ថែម​ទាំង​ថ្លែង​សារ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​រោងចក្រ​ កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា កម្មករ​ទេ​ដែល​ជា​អ្នក​រងគ្រោះ មិនមែន​លោក​ទេ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ឈប់​ការ​នាំ​ចេញ​សំលៀកបំពាក់។  លើស​ពី​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​២៦ វិច្ចិកា ថែម​ទាំង​បង្គាប់​អោយ​ក្រសួង​ពិនិត្យ​លទ្ធភាព​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ថែម​ទៀត​ផង។

​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។ លោក ជា មុនី បន្ត​ថា ស្ថានការណ៍​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​បច្ចុប្បន្ន គឺ​ដោយសារ​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង។

​បន្ថែម​ពី​ការ​គំរាម​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាល​ស៊ុយអែត (Sweden) ក៏​បាន​សម្រេច​ជា​ផ្លូវការ​ថា នឹង​មិន​ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​កិច្ច​ព្រមព្រៀង​ថ្មី​ណា​មួយ​ស្ដីពី​ការ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ។ ចំណែក​សហរដ្ឋអាមេរិក​វិញ នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​លើកលែង​ពន្ធ​នាំ​ចូល​សំលៀកបំពាក់​ចេញ​ពី​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ប្រកាស​បញ្ឈប់​ជំនួយ​ផ្នែក​រៀបចំ​ការ​បោះឆ្នោត​មក​កម្ពុជា ក្នុង​ជំហាន​ដំបូង​រួច​ហើយ.

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ការ​នាំ​ចេញ​ទំនិញ​ ជាពិសេស​សម្លៀក​បំពាក់​ទៅ​ទីផ្សារ​អឺរ៉ុប។ តាម​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​កម្ពុជា ​នាំ​ចេញ​ផលិតផល​ទៅ​សហគមន៍​អឺរ៉ុប ​នៅ​ឆ្នាំ​២០១៦ គិត​ជា​ទឹក​ប្រាក់ ៤.៥៥៥​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។