តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី

ដោយ ប្រាជ្ញ ចេវ
2015.11.13
លោក សម រង្ស៊ី ៦២០ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

អយ្យការ​អម​​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាក់ទង​​បទ​​បរិហារកេរ្តិ៍ លោក ហោ ណាំហុង ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​កាល​ពី​ឆ្នាំ​២០០៨។ ប៉ុន្តែ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​ចាត់​ទុក​ដីកា​របស់​តុលាការ​នៅ​ពេល​នេះ​ថា ​ជា​រឿង​នយោបាយ​សុទ្ធសាធ។

សំណុំរឿង​ចាស់​កាល​ពី ៧​ឆ្នាំ​មុន រវាង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  និង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​បាន​ផ្ទុះ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា នេះ ធ្វើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ទុះ​សំណើច​ឡើង​នៅ​ពេល​ឃើញ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី។

លោក  អេង ឆៃអ៊ាង ហៅ​ករណី​នេះ​ថា ជា​រឿង​កំប្លែង ត្បិត​អី​លោក ហ៊ុន សែន រក​រឿង​ថ្មី​មក​បង្ក្រាប​លោក សម រង្ស៊ី មិន​បាន ទើប​ឆ្កឹះឆ្កៀល​រឿង​ចាស់​មក​សើរើ​ឡើង​វិញ៖  «ខ្ញុំ​អស់​សំណើច​ហ្នឹង ព្រោះ​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដូចជា​រឿង​កំប្លែង។ គេ​ទៅ​សើរើ​សាលក្រម​ឆ្នាំ​២០០៨ បើ​យើង​យោង​ការ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ ឆ្នាំ​២០១៣ អ្នក​ដែល​រៀបចំ​បែបបទ​លើកលែង​ទោស គឺ​នាយករដ្ឋមន្ត្រី អ៊ីចឹង​ត្រូវ​គ្របដណ្ដប់​គ្រប់​រឿង​អស់​ហើយ»

ទោះ​បែប​ក្ដី​នេះ​ ព័ត៌មាន​នៃ​ការ​ចាប់​ខ្លួន សម រង្ស៊ី  លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ទីស្នាក់ការ​បក្ស ហើយ​លោក​ក៏​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី នឹង​វិល​មក​ប្រទេស​កម្ពុជា វិញ​នៅ​ថ្ងៃ​ណា​ដែរ។

លោក សម រង្ស៊ី  ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើងឯក ទាក់ទង​នឹង​សាលាក្ដី​ខ្មែរ​ក្រហម ដោយ​លោក​បាន​ស្នើ​ឲ្យ​ពន្លឿន​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​បាន​ឆាប់។

លោក សម រង្ស៊ី ថ្លែង​នៅ​ពេល​នោះ​ថា មាន​អតីត​ទីប្រឹក្សា ប៉ុល ពត ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា និង​មាន​អតីត​មេ​គុក​បឹងត្របែក របស់​របប​ខ្មែរ​ក្រហម ហើយ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ប៉ុន្តែ​លោក សម រង្ស៊ី មិន​បាន​និយាយ​ចំៗ​ឈ្មោះ​នោះ​ទេ។

នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន និយាយ​ថា បើ​គិត​តាម​ផ្លូវ​ច្បាប់ តុលាការ​អាច​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី បាន ព្រោះ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​តាម​អំណាច​សាលក្រម​របស់​សាលាឧទ្ធរណ៍ និង​សាលដីកា​ស្ថាពរ។ ប៉ុន្តែ​លោក​ថា ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី អាច​ធ្វើ​ទៅ​បាន លុះ​ត្រា​ដក​អភ័យ​ឯកសិទ្ធិ​ជា​មុន​សិន៖ «ការ​ចាប់​ខ្លួន លោក សម រង្ស៊ី មុន​នឹង​ចាប់​ខ្លួន​គេ​មើល​ថា តើ​បុគ្គល​ឈ្មោះ សម រង្ស៊ី ជា​ពលរដ្ឋ​សាមញ្ញ ឬ​ជា​តំណាងរាស្ត្រ»

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ឲ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ការងារ​តាម​ដីកា​របស់​តុលាការ។ រឿង​ផ្សេង​ពី​នេះ លោក​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ឡើយ។

យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ​ប្រេះស្រាំ​ខ្លាំង ទើប​មាន​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ក្នុង​ពេល​ដែល​លោក សម រង្ស៊ី មាន​អភ័យ​ឯកសិទ្ធិ ហើយ​រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​លោក សម រង្ស៊ី អាច​ឈរ​បោះឆ្នោត​ជា​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ ខណៈ​ដែល​ច្បាប់​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​បោះឆ្នោត​បាន៖ «ឃើញ​អ៊ីចឹង​ថា គឺ​ជា​រឿង​នយោបាយ ព្រោះ​រឿង​នេះ​យូរ​ហើយ ម្ដេច​អត់​ដំណើរការ នៅ​ពេល​ប្រតិកម្ម​នាយករដ្ឋមន្ត្រី ទើប​មាន​ចេញ​ដីកា​តាម​ចាប់»

នៅ​រយៈពេល​ចុង​ក្រោយ​នេះ កម្ដៅ​នយោបាយ​បាន​ឡើង​កម្ដៅ​ខ្លាំង ក្រោយ​ពី​មាន​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ការ​ដក​តំណែង​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា ហើយ​នៅ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា ជា​កូន​ជន​ក្បត់ជាតិ និង​ព្រមាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី។ ដោយ​ឡែក លោក សម រង្ស៊ី បាន​ផ្ញើ​សារ​ទៅ​លោក ហ៊ុន សែន វិញ​ថា បើ​ថ្ងៃ​ណា​មួយ​លោក ហ៊ុន សែន ត្រូវ​គេ​ចោទ​ប្រកាន់​ពី​រឿង​អ្វី​មួយ​នៅ​ចំពោះ​មុខ​តុលាការ លោក​នឹង​ចេញ​មុខ​មុន​គេ​ការពារ​កូន​របស់​លោក ហ៊ុន សែន ដោយ​យល់​ថា រឿង​របស់​ឪពុក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កូន​ឡើយ។

ជាង​នេះ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ថា គណបក្ស​កាន់​អំណាច​ព្យាយាម​គ្រប់​រូបភាព​ដើម្បី​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ចំណែក​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា ដីកា​នេះ​គឺ​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ក្នុង​ពេល​ដែល​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​កំពុង​នៅ​ក្រៅ​ស្រុក ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​ថា បើ​មាន​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី នឹង​មិន​ហ៊ាន​ចូល​ស្រុក​នោះ​ឡើយ។ លោក អ៊ូ វីរៈ ទស្សន៍ទាយ​ថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ទេ បើ​គ្មាន​ការ​ចរចា​ជាមួយ​លោក  ហ៊ុន សែន ជាមុន៖ «ភាព​ រឹត​បន្តឹង​នេះ មិន​ត្រឹមតែ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទេ អាច​មាន​ទៅ​លើ​អនុ​ប្រធាន​បក្ស​លោក កឹម សុខា តំណាងរាស្ត្រ​ផ្សេង​ទៀត អ្នក​ឯករាជ្យ ឬ​អ្នក​សារព័ត៌មាន»

ជា​រឿយៗ មុន​ពេល​បោះឆ្នោត តែងតែ​កើត​ព្រឹត្តិការណ៍​រហូត​មាន​ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី។ កាល​ពី​ឆ្នាំ​២០០៩ លោក សម រង្ស៊ី បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា ទាក់ទង​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ឆ្នាំ​២០១៣ ក្រោម​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក សម រង្ស៊ី  និង​លោក ហ៊ុន សែន ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស ហើយ​លោក​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ និង​សម្រង់​មតិ​ពលរដ្ឋ ដោយ​លោក ប្រាជ្ញ ចេវ និង​អ្នកស្រី អ៊ុំ រង្សី៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។