វៀតណាម​ស្នើ​កម្ពុជា​ការពារ​កុំ​ឲ្យ​មាន​អមិត្ត​ប្រើ​ដី​កម្ពុជា​ប្រឆាំង​វៀតណាម

ដោយ អ៊ុង សេរីវុទ្ធ
2017.06.26
ហេង សំរិន ត្រឹង ដាយ ខ្វាង ៨៥៥ លោក ហេង សំរិន (ស្ដាំ) ប្រធាន​រដ្ឋសភា​កម្ពុជា ជាមួយ​លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្នុង​ជំនួប​នា​វិមាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

វៀតណាម​ស្នើ​កម្ពុជា​ឲ្យ​រក្សា​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្ក្រាប​អំពើ​រត់ពន្ធ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​ការពារ​ក្រុម​អមិត្ត ឬ​អ្នក​ទីបី​ប្រើប្រាស់​ទឹកដី​កម្ពុជា ប្រឆាំង​វៀតណាម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភាកម្ពុជា ​ចុះ​ថ្ងៃ​ទី២៦ មិថុនា បញ្ជាក់​ថា សំណើ​របស់​វៀតណាម​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម​​កាល​ពី​ចុង​សប្ដាហ៍​មុន។

សំណើ​នេះ​ធ្វើ​ឡើង​តាមរយៈ​រដ្ឋសភា​កម្ពុជា ដើម្បី​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​វៀតណាម​ក៏​ស្នើ​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​ឆាប់​រួច​រាល់ ចំណែក​កន្លែង​ណា​ដែល​មិន​ទាន់​ឯកភាព​គ្នា គឺ​ត្រូវ​ចរចា។

ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២​គីឡូម៉ែត្រ។ បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ជាង​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បោះ​បង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស​វៀតណាម​ បានចំនួន ៨៤​ភាគរយ។

អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​​ព្រំដែន អ្នកស្រី កុយ ពិសី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ មិថុនា ថា កម្ពុជា​ពិត​ជា​ចង់​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ព្រំ​សីមា រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​រួច​រាល់​ណាស់ ប៉ុន្តែ​ការ​បោះ​បង្គោល​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​ផល​ចំណេញ​ដល់​ប្រទេស​រៀងៗ​ខ្លួន រួម​នឹង​ការ​ដោះស្រាយ​បច្ចេកទេស និង​វិវាទ​នានា​ជាដើម។ យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ថា​ពេល​ណា​ទើប​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ។

ក្រៅ​តែ​ពី​រឿង​ព្រំដែន​នេះ​ដែរ វៀតណាម​ក៏​ស្នើ​ដល់​កម្ពុជា​ចាត់​ទុក​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ជិត​ខាង​ល្អ ដែល​ជា​ទ្រព្យ​ដ៏​ថ្លៃ​ថ្លា ដើម្បី​ថែ​រក្សា​បន្ត​ពូន​ជ្រុំ និង​ផ្សព្វផ្សាយ​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​ច្បាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។