ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​សម្រុក​ទៅ​មើល​ឈ្មោះ​បោះឆ្នោត​​នៅ​តាម​ឃុំ​សង្កាត់

ដោយ ហ៊ុំ ចំរើន
2017.01.04
ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បាត់ដំបង ៨៥៥ ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច នាំ​គ្នា​សម្រុក​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួកគាត់​នៅ​តាម​សាលា​ឃុំ​សង្កាត់ យ៉ាង​ច្រើន​កុះករ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។ ពួកគាត់​ភាគ​ច្រើន​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ នៅ​ពេល​ដែល​​ឃើញ​ឈ្មោះ​របស់​ពួកគាត់​​នៅ​ក្នុង​បញ្ជី​ចុះឈ្មោះ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)។

​​​​​​​​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ក្រុង​បាត់ដំបង ភាគ​ច្រើន​លើក​ឡើង​ថា​ គុណភាព​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ទាំង​រូបថត និង​ការ​សរសេរ​ឈ្មោះ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​អ្នក​ចុះ​ឈ្មោះ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ពេល​មុនៗ។

​​​ពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ពិនិត្យ​មើល​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង​ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ​មាន​​​គុណភាព​ល្អ ព្រោះ​មាន​ដាក់​រូបថត​ភ្ជាប់​ជាមួយ​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ហើយ​​​មើល​ឃើញ​ច្បាស់​ល្អ ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​មើល​ឈ្មោះ​ ដែល​អ្នក​​មិន​មែន​សាមី​ខ្លួន​ពិបាក​នឹង​ក្លែង​បន្លំ​​​បាន៖ «ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​រក​ឃើញ​ឈ្មោះ​ខ្លួន​ឯង​ក្នុង​បញ្ជី​បោះឆ្នោត។ ខ្ញុំ​មក​ផ្ទៀង​ឈ្មោះ​ឲ្យ​ហើយ​ដើម្បី​កុំ​ឲ្យ​ខុស​ទៅ​បោះឆ្នោត​មិន​បាន​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​មក​រក​ឈ្មោះ​ខ្លួន​ឯង​ផង​ និង​រក​ឲ្យ​ប្រពន្ធ និង​កូន​ផង​ តែ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ»

ទិដ្ឋភាព​នៅ​តាម​សាលា​ឃុំ​សង្កាត់ ជាពិសេស​នៅ​ក្នុង​ក្រុង​​បាត់ដំបង ឃើញ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួកគាត់​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ​ស្ទើរ​គ្រប់​ទីកន្លែង។

ប្រធាន​លេខាធិការ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង​ លោក វន ពន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​ពិនិត្យ​មើល​​​ឈ្មោះ​​បោះឆ្នោត​ច្រើន​ទាំង​នៅ​តាម​ស្រុក និង​នៅ​ក្នុង​ទី​រួម​ខេត្ត។ លោក​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​ដំណឹង​ដែល​ប្រជា​ពលរដ្ឋ​​ប្ដឹង​សុំ​ឲ្យ​កែតម្រូវ​ឈ្មោះ​ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គាត់​នៅ​ឡើយ​ទេ៖ «បាទ! កន្លង​មក​ពលរដ្ឋ​គាត់​បាន​សួរ​មក​ខ្ញុំ​ថា​ បើ​សិន​ជា​គាត់​ខុស​ឈ្មោះ​តើ​ត្រូវ​កែ​តម្រូវ​យ៉ាង​ដូច​ម្ដេច​ទៅ​ ហើយ​យើង​ក៏​បាន​ណែនាំ​ទៅ​វិញ​ គឺ​ថា​សាមី​ខ្លួន​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឃុំ​សង្កាត់ ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ពួកគាត់»

​​​​​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​​ថា ពលរដ្ឋ​សម្រុក​ទៅ​ពិនិត្យ​មើល​​ឈ្មោះ​បោះឆ្នោត​ច្រើន គឺ​ជា​រឿង​ល្អ​មួយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួកគាត់​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ៖ «ខ្ញុំ​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ​ សូម​អញ្ជើញ​រួសរាន់​ទៅ​ពិនិត្យ​ឈ្មោះ​ឡើង​វិញ។ព្រោះ​ការ​ពិនិត្យ​ឈ្មោះ​មាន​សារៈសំខាន់​​​ ហើយ​មាន​រយៈពេល​ខ្លី​ទៀត​ ប្រសិន​ផុត​រយៈពេល​នេះ​គឺ​ប្អូន​បាត់បង់​សិទ្ធិ​បោះឆ្នោត​ហើយ»

​​​​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​​ដែល​បាន​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត ភាគ​ច្រើន​មាន​បិទ​ប្រកាស​ទាំង​ឈ្មោះ​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ និង​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ គឺ​​មាន​សញ្ញា​ជើងក្អែក​ខ្វែង​ក្រហម។ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បិទ​ប្រកាស​ឈ្មោះ​​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ដែល​បាន​ពិនិត្យ​មើល​ឃើញ​ឈ្មោះ​របស់​ពួកគាត់​ខុស​ត្រង់​ចំណុច​ណា​មួយ​ ពួកគាត់​អាច​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សុំ​ឲ្យ​កែតម្រូវ​​ឡើង​វិញ​បាន​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា។

នៅ​ខេត្ត​បាត់ដំបង ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​មាន​ជាង ៥២,៦​ម៉ឺន​នាក់ (៥២៦.០២៨) ក្នុង​ចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ជាង ៧៦​ម៉ឺន​នាក់ (៧៦៥.២៩២)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។