មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពង់ធំ​ប្ដឹង​អាជ្ញាធរ​ឲ្យ​លុប​ឈ្មោះ​ជន​បរទេស​ក្នុង​បញ្ជី​បោះឆ្នោត

ដោយ សូត សុខប្រាថ្នា
2017.01.06
ពិនិត្យ​ឈ្មោះ​បោះឆ្នោត កំពង់ធំ ២០១៧ ៨៥៥ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ បាន​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ខណៈ​ពួក​គេ​ពិនិត្យ​ឃើញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ថា​មាន​ឈ្មោះ​ជន​បរទេស​ចំនួន ៥​នាក់។ ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​លុប​ឈ្មោះ​ជន​បរទេស​ទាំងនោះ និង​ស៊ើប​អង្កេត​ថា តើ​ពួក​គេ​ចូល​សញ្ជាតិ​ខ្មែរ​ដោយ​ស្រប​ច្បាប់ ឬ​យ៉ាង​ណា?

ជំហាន​ដំបូង​ក្នុង​ពេល​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​កំពង់ធំ មន្ត្រី​គណបក្ស​ប្រឆាំង​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​មាន​ឡើង។

ករណី​ទាំងនោះ គឺ​មាន​ឈ្មោះ​ជន​បរទេស​ចំនួន ៥​នាក់​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​នោះ​រួម​មាន ជនជាតិ​វៀតណាម ៤​នាក់ និង​ម៉ាឡេស៊ី ម្នាក់។ ក្រៅ​ពី​នេះ ពួក​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​ពលរដ្ឋ​ច្រើន​ទេ ដែល​នាំ​គ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ខ្លួន ដោយសារ​ខ្វះខាត​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ ព្រម​ទាំង​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)

សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លោក សុខ ប៉េងសេង មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ មករា ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​មួយ​ចំនួន​រួម​មាន​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ឃុំ​ដងកាំបិត ឃុំ​ទំរីង ស្រុក​សណ្ដាន់ និង​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ លុប​ឈ្មោះ​ជន​បរទេស​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។ លោក​បន្ថែម​ថា ប្រសិន​បើ​នៅ​ដំណាក់​កាល​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​បាន ខាង​លោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បន្ត​ទៀត៖ «នេះ​ជា​ការ​បិទ​បញ្ជី​ឈ្មោះ​ដំបូង គឺ​យើង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​សុំ​លុប​ឈ្មោះ​ជន​បរទេស​នេះ»

ខេត្ត​កំពង់ធំ មាន​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៤៤​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​មាន​ចំនួន​ជាង ៣៤​ម៉ឺន​នាក់ ស្មើ ៧៦​ភាគរយ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ លោក ប្រែង សាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ មករា ថា ជុំវិញ​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង គឺ​ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ទេ ព្រោះ​ជា​ដំណាក់​កាល​ប្ដឹង​តវ៉ា​នៅ​ថ្នាក់​មូលដ្ឋាន ឬ​ថ្នាក់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ លោក​បញ្ជាក់​ថា ប្រសិន​ការ​ដោះស្រាយ​បណ្ដឹង​នៅ​ថ្នាក់​មូលដ្ឋាន​មិន​អាច​ទៅ​រួច គឺ​គេ​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​នោះ​ទៅ គ..ប តែ​ម្តង។

ដោយឡែក​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​វិញ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ពេល​មុនៗ ហើយ​ខាង​លោក​ក៏​បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ នាំ​គ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ច្រើន​ដែរ៖ «និយាយ​មែន​ទៅ យើង​គ្រាន់​តែ​ណែនាំ​ពី​គោលការណ៍​ដាក់​ពាក្យ​បណ្ដឹង។ ណែនាំ​ពី​គោលការណ៍​ដោះស្រាយ​ពាក្យ​បណ្ដឹង​មក​ជូន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ហើយ​សព្វថ្ងៃ​ហ្នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​មក​មើល​ឲ្យ​បាន​ច្រើន»

ទោះ​បី​ជា​បែប​នេះ​ក្តី មន្ត្រី​តស៊ូ​មតិ​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស អះអាង​ថា នេះ​ជា​ដំណាក់​កាល​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ទាំង​ប្រជាពលរដ្ឋ ឬ​មន្ត្រី​គណបក្ស​នយោបាយ អាច​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ គ..ប បាន ប្រសិន​បើ​ពួក​គាត់​រក​ឃើញ​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង។ បន្ថែម​ពី​នេះ ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ អាច​ដោះស្រាយ​បណ្ដឹង​ទាំង​នោះ​បាន ឬ​អាច​បញ្ជូន​ពាក្យ​បណ្ដឹង​ទាំងនោះ​ទៅ គ..ប បន្ត​ទៀត ប្រសិន​បើ​ពួក​គេ​មិន​អាច​ដោះស្រាយ​ចេញ៖ «បាទ! គាត់​អាច​លុប​បាន ឬ​មិន​លុប​បាន ព្រោះ​នេះ​ជា​បណ្ដឹង​ដូច​គ្នា គាត់​មាន​សិទ្ធិ​ក្នុង​ការ​មើល​ហ្នឹង លើកលែង​តែ​គាត់​ថា​ទេ មិន​ច្បាស់​ទេ អា​ហ្នឹង​គាត់​ត្រូវ​រុញ​បន្ត​ទៀត»

លោក កន សាវាង្ស មើល​ឃើញ​ថា ក្នុង​ចំណោម​ខេត្ត ក្រុង និង​រាជធានី​ទាំង​២៥ គឺ​មាន​តំបន់​មួយ​ចំនួន ពលរដ្ឋ​មិន​សូវ​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​នោះ​ឡើយ ដោយសារ​ការ​ផ្សព្វផ្សាយ​របស់ គ..ប នៅ​មាន​កម្រិត។ លោក​បញ្ជាក់​ថា ដំណាក់​កាល​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង គឺ​រឿង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រាកដ​ថា ពួក​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី ឬ​អត់ ហើយ​ឈ្មោះ​នោះ​ត្រឹមត្រូវ ឬ​យ៉ាង​ណា? លោក​ថា គ..ប ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ពិសេស​នៅ​តាម​មូលដ្ឋាន​តែ​ម្តង ដើម្បី​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​កាន់​តែ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។