ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​មួយ​ចំនួន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី

ដោយ សូត សុខប្រាថ្នា
2017.01.10
ពិនិត្យ​ឈ្មោះ​បោះឆ្នោត កំពង់ធំ ២០១៧ ៨៥៥ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ពី​ការ​មិន​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ឈ្មោះ​ពួក​គេ។ បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា អាច​ដោយសារ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ពេល​បញ្ជូន​ទិន្នន័យ​ទៅ គ..ប។

ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​បញ្ចូល​ឈ្មោះ​របស់​ពួក​គាត់​ក្នុង​បញ្ជី​ឡើង​វិញ។ បន្ថែម​ពី​នេះ ពួក​គាត់​ចង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​ពន្លឿន​នីតិវិធី និង​ជួយ​សម្រួល​ដល់​ពលរដ្ឋ ពីព្រោះ​រយៈពេល​ពិនិត្យ​បញ្ជី​ឈ្មោះ ឬ​បណ្ដឹង​តវ៉ា គឺ​កាន់​តែ​ជិត​ដល់​ថ្ងៃ​បញ្ចប់។

ពលរដ្ឋ​មួយ​រូប​នៅ​ភូមិ​ស្រែលើសែនជ័យ ឃុំ​ជាំក្រវៀន លោក ឆន ង៉ាក់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក​ជាង ១០០​នាក់ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឡើយ។ លោក​បញ្ជាក់​ថា ពួក​គាត់​បាន​ចុះ​ឈ្មោះ ថត​រូប ព្រម​ទាំង​មាន​ចុង​សន្លឹក​ត្រឹមត្រូវ​ទៀត​ផង ប៉ុន្តែ​ពេល​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ គឺ​មិន​ឃើញ​ឈ្មោះ​ពួក​គាត់​ទេ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​បារម្ភ​ថា ពួក​គាត់​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​បោះឆ្នោត​មិន​ខាន៖ «បារម្ភ​ថា​មិន​មាន​សិទ្ធិ​បោះឆ្នោត​នឹង​គេ ហើយ​ក៏​តូច​ចិត្ត​ខ្លួន​ឯង ដែល​ថា​មិន​មែន​ជា​ពលរដ្ឋ​រស់នៅ​លើ​ស្រែលើសែនជ័យ មិន​មែន​ជា​កូន​ខ្មែរ​ទេ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ឈុំ នាង អះអាង​ថា ក្រោយ​ពេល​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​ឃើញ​មាន​ឈ្មោះ​គាត់ លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​ឃុំ ប៉ុន្តែ​មាន​ចំណុច​ខុស​ឆ្គង​មួយ​ចំនួន ដែល​អាជ្ញាធរ​មិន​ទាន់​ទទួល​យក​បាន៖ «ស្នើសុំ​ខាង​ហ្នឹង​ឲ្យ​ខ្ញុំ​មាន​ឈ្មោះ​ឡើង​វិញ ឲ្យ​ខ្ញុំ​បាន​បោះឆ្នោត​នឹង​គេ​ថ្ងៃ​មុខ​ហ្នឹង»

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ជាង ៨​ពាន់​នាក់ ហើយ​ចុះ​ឈ្មោះ​បាន​ចំនួន​ជាង ៦​ពាន់​នាក់ (.៣២៦​នាក់) ប៉ុន្តែ​បញ្ជូន​ឈ្មោះ​ត្រឡប់​ពី គ..ប វិញ គឺ​បាត់​ឈ្មោះ​ពលរដ្ឋ ១១១​នាក់។

ជំទប់​ទី​២ ឃុំ​ជាំក្រវៀន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ិន សុខុន បញ្ជាក់​ថា ក្នុង​ចំណោម​ការិយាល័យ​ចំនួន​ជាង ២០​ការិយាល័យ គឺ​ការិយាល័យ​នៅ​ភូមិ​ស្រែលើសែនជ័យ ដែល​បាត់​ឈ្មោះ​ពលរដ្ឋ​ច្រើន​ជាង​គេ។ លោក​បន្ថែម​ថា ក្នុង​ចំណោម​ពលរដ្ឋ​បាត់​ឈ្មោះ​ជាង ១០០​នាក់ គឺ​មាន​ជាង ២០​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​អាជ្ញាធរ​ឃុំ ហើយ​លោក​យល់​ថា អាច​នឹង​មាន​ពលរដ្ឋ​មួយ​ចំនួន​បាត់បង់​សិទ្ធិ​តវ៉ា​តែ​ម្តង ដូចជា​ករណី​អ្នក​ចំណាក​ស្រុក ជាដើម៖ «ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មក​ដាក់​ពាក្យ​បណ្ដឹង​មក​សាលា​ឃុំ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ថា​គាត់​ពិបាក គាត់​ថា​គាត់​ឆ្ងាយ គាត់​អត់​លុយ​អត់​កាក់»

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន រក​ឃើញ​ថា ក្នុង​ចំណោម​ឃុំ​ចំនួន​១៤ នៅ​ស្រុក​មេមត់ គឺ​មាន​ឃុំ​ចំនួន​៨ ដែល​មាន​ករណី​បាត់​ឈ្មោះ​នេះ។ លោក​ថា បើ​សរុប​ចំនួន​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ទាំង ៨​ឃុំ គឺ​មាន​ចំនួន​ជាង ៥០០​នាក់។ លោក​យល់​ថា ករណី​បាត់​ឈ្មោះ​នេះ​អាច​នឹង​បង្ក​ភាព​ស្មុគស្មាញ ឬ​បញ្ហា​ណា​មួយ​កើត​ឡើង​នៅ​ពេល​បោះឆ្នោត​មិន​ខាន​ឡើយ ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជូន​ពលរដ្ឋ​បាន៖ «ដល់​ពេល​រញ៉េរញ៉ៃ​ទៅ ខាង គ..ប នេះ ខាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នឹង​យក​លេស​មួយ​ថា គេ​ទុក​ពេល​ឲ្យ​គាត់​មក​ពិនិត្យ​មើល​តើ! ហេតុ​អី​គាត់​មិន​មក​មើល? ឥឡូវ​ធ្វើ​ម៉េច​បើ​វា​បាត់​ទៅ​ហើយ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មករា ថា ខាង​លោក​បាន​ទទួល​ព័ត៌មាន​ជុំវិញ​ការ​បាត់​ឈ្មោះ​នេះ ហើយ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​នីតិវិធី។ លោក​យល់​ថា ការ​បាត់​ឈ្មោះ អាច​បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ក្នុង​ពេល​បញ្ជូន​ទិន្នន័យ​ទៅ គ..ប៖ «បញ្ហា​បាត់​ឈ្មោះ​នេះ អាច​បណ្ដាល​មក​ពី​អ៊ីនធឺណិត​ខ្សោយ ប្រព័ន្ធ​អ៊ីនធឺណិត​ខ្សោយ​ក្នុង​ពេល​បញ្ជូន​ទៅ។ បញ្ហា​បច្ចេកទេស​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ទៅ គ..ប នេះ អាច​មិន​ត្រឹមត្រូវ អាច​មាន​កំហុស​បច្ចេកទេស»

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស អះអាង​ថា នៅ​ក្នុង​ដំណាក់​កាល​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ប្រសិន​បើ​ពួក​គាត់​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី ឬ​ករណី​បាត់​ឈ្មោះ​កើត​មាន​ឡើង៖ «ប្រសិន​បើ​ក្នុង​បញ្ជី​លុប​ក៏​អត់​មាន ហើយ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ហ្នឹង​ក៏​អត់​មាន​ទៀត ត្រូវ​តែ​ធ្វើ​ពាក្យ​បណ្ដឹង​បន្ត​ដើម្បី​ឲ្យ​គេ​ហ្នឹង​ដាក់​ឈ្មោះ​របស់​គាត់»

លោក​បន្ថែម​ថា បញ្ហា​បច្ចេកទេស​អាច​កើត​មាន​ឡើង​ខ្លះ ប៉ុន្តែ​មិន​មែន​បាត់​ព័ត៌មាន​ទាំង​ស្រុង​បែប​នេះ​ទេ ហើយ​ប្រសិន​បើ​មាន គឺ​ពិបាក​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​បញ្ចូល​ទិន្នន័យ​មួយ​នេះ។ លោក​ថា ការ​ទទួល​ខុស​ត្រូវ​មួយ​កម្រិត​ទៀត​នោះ គឺ គ..ប ធ្វើ​យ៉ាង​ណា​ធានា​កែប្រែ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឡើង​វិញ ប្រសិន​បើ​ពួក​គាត់​ពិត​ជា​បាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។