សង្គម​ស៊ីវិល​ថា​នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដំណើរការ​យឺត

ដោយ សាន សែល
2017-09-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ក្នុង​កម្មវិធី​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth
អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ក្នុង​កម្មវិធី​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត សង្កេត​ឃើញ​ថា សន្ទុះ​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ល្បឿន​យឺត ដោយសារ​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ការ​ខ្វះ​ព័ត៌មាន និង​នីតិវិធី​ថ្មី​របស់​ក្រសួង​មហាផ្ទៃ លំបាក។

ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ប្រជាពលរដ្ឋ​ចំនួន​ជិត ៥​ម៉ឺន​នាក់ (៤៩.១៨៥​នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ អ្នក​ដែល​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន​ជាង ១​លាន ៦​សែន​នាក់ (.៦២៦.២៥២​នាក់) ដែល​ភាគច្រើន​ជា​អ្នក​ទើប​គ្រប់​អាយុ និង​ពលករ​ចំណាក​ស្រុក។

អត្រា​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ត្រូវ​បាន​មន្ត្រី​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល (COMFREL) យល់​ថា វា​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​យឺត​មិន​ទាន់​តាម​ការ​គ្រោង​ទុក។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស តាមដាន​ឃើញ​ថា ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង ការ​ផ្អាក ឬ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​វីអូអេ និង​អាស៊ីសេរី ធ្វើ​ឲ្យ​អ្នក​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​អស់​សង្ឃឹម និង​ទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់។ លោក​បន្ត​ថា ក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រង​ការ​រឹតត្បិត​មិន​អាច​ផ្សាយ​ព័ត៌មាន​ពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត សង្គម​ស៊ីវិល​ដូចជា​អង្គការ​ខុមហ្វ្រែល ក៏​ពិបាក​ធ្វើ​កិច្ច​ការងារ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ស្ដីពី​ការ​បោះឆ្នោត​ដែរ។

លោក សាវាង្ស ឲ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ ខុមហ្វ្រែល បាន​ដាក់​អ្នក​សង្កេតការណ៍​នៅ​ចំនួន ៣១២​ឃុំ-សង្កាត់ ក៏ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​មក​ត្រឹម ១០០​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧។ មូលហេតុ គឺ​ការ​ចាកចេញ​របស់​អង្គការ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ធ្វើ​ឲ្យ ខុមហ្វ្រែល បាត់បង់​ប្រាក់​ជំនួយ​សម្រាប់​ដំណើរការ​គម្រោង​អប់រំ​អ្នក​បោះឆ្នោត។

ចំណែក​អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា មិន​ព្រួយ​បារម្ភ​ចំពោះ​សន្ទុះ​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ហើយ​ជឿ​លើ​មធ្យោបាយ​ឃោសនា​ដែល គ..ប កំពុង​ប្រើ ដូចជា​ចាក់​មេក្រូ​អប់រំ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​រទេះ​សេះ រ៉ឺម៉ក និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន។ បញ្ហា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​តិច គឺ​តម្រូវការ​ថ្មី​ដែល​ក្រសួង​មហាផ្ទៃ បាន​កែប្រែ​សម្រាប់​ពលករ​ចំណាក​ស្រុក។

សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​កែប្រែ​ប្រការ​ចំនួន​ពីរ​ស្ដីពី​នីតិវិធី និង​បែបបទ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា តម្រូវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ស្នាក់នៅ​រយៈពេល​យ៉ាង​តិច ៣០​ថ្ងៃ ទើប​អាច​ចុះ​បញ្ជី​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​ចេញ​ដោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ ដើម្បី​ភ្ជាប់​ឯកសារ​សុំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ដែល​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក បញ្ជាក់​ថា នីតិវិធី​ថ្មី​នេះ​គឺ​បន្ទច់បង្អាក់​ពលករ​នៅ​ក្រៅ​ប្រទេស ពិសេស​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ ១​លាន​នាក់​នៅ​ប្រទេស​ថៃ មិន​ឲ្យ​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​ពន្យល់​ថា ពលករ​ដែល​រស់នៅ​ឆ្ងាយ​ពី​ព្រំដែន មិន​អាច​ត្រឡប់​មក​ប្រទេស​កម្ពុជា ហើយ​ស្នាក់នៅ​រហូត​ដល់ ៣០​ថ្ងៃ​ដើម្បី​មាន​សិទ្ធិ​ធ្វើ​ឯកសារ​បញ្ជាក់​ការ​ស្នាក់នៅ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ពីព្រោះ​ពួក​គេ​នឹង​ត្រូវ​ចំណាយ​ច្រើន ឬ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បញ្ឈប់​ពី​ការងារ៖ «»

ការ​រិះគន់​ពី​នីតិវិធី​ថ្មី​នេះ ត្រូវ​បាន​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា អ្នក​រិះគន់​នេះ​គឺ​ជា​អ្នក​ដែល​មិន​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​ដឹកនាំ​ប្រទេស​ទៀត​នោះ​ទេ៖ «»

ច្បាប់​បោះឆ្នោត​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បើក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​បាន​ទេ ល្គឹកណា​មាន​ការ​កែប្រែ​ច្បាប់​នេះ​ជា​មុន​សិន។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ដាក់​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​កាល​ពី​ខែ​សីហា។

ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​នេះ​បាន​ពិនិត្យ​សំណើ​នេះ និង​សិក្សា​ពី​ការ​អនុវត្ត​បើក​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ពី​ប្រទេស​ក្នុង​តំបន់​រួច​រាល់​ហើយ ហើយ​ក្រុម​លោក​នឹង​បើក​ប្រជុំ​គណៈកម្មការ​ផ្ទៃក្នុង​ស្ដីពី​សេចក្តី​ស្នើសុំ​របស់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៥ កញ្ញា។

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ចំនួន​១៣ នៅ​ថ្ងៃ​ទី​១១ កញ្ញា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា សម្របសម្រួល​ឲ្យ​មាន​បរិយាកាស​នយោបាយ​សន្តិភាព​ឡើង​វិញ និង​ធានា​ថា មេ​ដឹកនាំ​គណបក្ស​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ អាច​ចូលរួម​ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨។

ក្រុម​សង្គម​ស៊ីវិល​នេះ ក៏​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស បន្ត​គាំទ្រ និង​លើក​ស្ទួយ​ដំណើរការ​ប្រជាធិបតេយ្យ ពហុបក្ស និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល