ក្នុងសារលិខិតចូលរួមអបអរវេទិកាសន្តិភាពអន្តរជាតិ លើកទី១០ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ លោក ហ៊ុន សែន បានលើកឡើងថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងពី ៧៦០ដុល្លារ ក្នុងឆ្នាំ២០១១ ដល់ប្រមាណ ៩៩០ដុល្លារ ក្នុងឆ្នាំ២០១២។ លោករំពឹងទៀតថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នឹងអាចឡើងដល់ ១.០៨០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣។
អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ២០០៩ មកនៅ ២០% នៅក្នុងឆ្នាំ២០១២ ហើយរំពឹងថា អាចនឹងចុះមកត្រឹម ១៩% នៅឆ្នាំ២០១៣។
យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា អត្រាភាពក្រីក្ររបស់កម្ពុជា ពិតជាថយចុះច្រើន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ប្រជាពលរដ្ឋនៅតាមជនបទ នៅតែមានអត្រាភាពក្រីក្រខ្ពស់គួរឲ្យព្រួយបារម្ភ។ លោកបន្តថា អ្នករស់នៅទីប្រជុំជនមានអត្រាភាពក្រីក្រប្រមាណ ៧% ខណៈពេលអ្នកជនបទមានអត្រាក្រីក្ររហូតដល់ជិត ៥០%។ លោក កែម ឡី បន្តថា តាមការស្រាវជ្រាវ កុមារនៅកម្ពុជា ដែលខ្វះអាហារូបត្ថម្ភ មានអត្រាខ្ពស់គួរឲ្យព្រួយបារម្ភ។ ដូចនេះ រដ្ឋាភិបាលត្រូវធ្វើការងារថ្មីៗបន្ថែមទៀត ដើម្បីធានាឲ្យពលរដ្ឋក្រីក្រមានជីវភាពកាន់តែប្រសើរ៖ «ស្ថានភាពក្រីក្រស្រុកខ្មែរធ្លាក់ចុះខ្លាំង ប៉ុន្តែស្ថានភាពកុមារដូចជាស្លេកស្លាំងក្រិន និងពលកម្មកុមារនៅមានសភាពធ្ងន់ធ្ងរនៅឡើយ។ រដ្ឋាភិបាលរៀបចំផែនការគាំពារសង្គមឆ្នាំ២០១១ ដល់២០១៥ ប៉ុន្តែតើការអនុវត្តផែនការហ្នឹងយ៉ាងម៉េច បើអនុវត្តបានល្អ អ៊ីចឹង បានន័យថា ភាពក្រីក្រនឹងត្រូវកាត់បន្ថយប្រាកដហើយ»។
តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា នៅឆ្នាំ២០១១ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,១% ហើយសម្រាប់ឆ្នាំ២០១២ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបាន ៦,៩% ធៀបនឹងការព្យាករណ៍មាន ៦,៥%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។