នៅឯមន្ទីរពេទ្យខេត្តក្រចេះ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារកំពុងត្រូវការប្រាក់ទិញឈាមដើម្បីជួយសង្គ្រោះអាយុជីវិតកូនស្រីរបស់គាត់ កំពុងមានជំងឺជាទម្ងន់។
ប្រជាពលរដ្ឋជាអ្នកនេសាទក្រីក្រមួយរូប នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១២ មានប្រសាសន៍ឲ្យដឹងថា គាត់កំពុងត្រូវការជំនួយឈាមសង្គ្រោះកូនស្រីរបស់គាត់ ដែលកំពុងមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
កាលពីដើមសប្ដាហ៍នេះ បុរសជនជាតិចាម លោក ស៊ិន លី អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ បានបញ្ជូនកូនស្រីអាយុ៤ឆ្នាំ មានសភាពគ្រុនក្តៅខ្លាំង មិនដឹងជាជំងឺអ្វី ដើម្បីសុំកិច្ចសង្គ្រោះពីមន្ទីរពេទ្យខេត្ត។ លោក ស៊ិន លី បញ្ជាក់ថា គាត់គ្មានប្រាក់សេសសល់គ្រប់គ្រាន់ ដើម្បីនាំកូនទៅមន្ទីរពេទ្យឯកជននោះទេ ហើយការប្រឈមរបស់លោក គឺត្រូវការឈាមសង្គ្រោះកូនស្រី ខណៈពេលគ្រូពេទ្យបញ្ជាក់ថា ជំងឺកូនគាត់ត្រូវការឈាមដើម្បីសង្គ្រោះបន្ទាន់។
កាលពីថ្ងៃអង្គារ កន្លងទៅ លោក ស៊ិន លី បានចំណាយប្រាក់ដប់ប្រាំម៉ឺនរៀល ទៅឲ្យមនុស្សម្នាក់ស្លៀកពាក់ឯកសណ្ឋានដូចបុគ្គលិកពេទ្យ នៅមន្ទីរពេទ្យខេត្តក្រចេះ ជាថ្លៃទិញឈាមមួយផ្លោកចាក់បញ្ចូលទៅក្នុងឈាមកូនស្រីគាត់ តាមការណែនាំពីគ្រូពេទ្យ ធ្វើឲ្យសភាពគ្រុនក្តៅរបស់កូនស្រីគាត់បានចុះថយមួយកម្រិត ក៏ប៉ុន្តែ គាត់ត្រូវប្រឈមមុខនឹងគ្មានប្រាក់ទិញឈាមមួយផ្លោកបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា នេះ តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីសង្គ្រោះកូនស្រីគាត់បន្តនោះទេ។
គាត់បន្តថា គ្រូពេទ្យបានប្រឹក្សាយោបល់ឲ្យលោកពិនិត្យឈាមខ្លួនឯង ឬសុំឲ្យសាច់ញាតិមកបរិច្ចាគឈាមដល់កូនស្រី ប្រសិនគាត់គ្មានប្រាក់ទិញ៖ «ខ្ញុំទៅទិញខ្លួនឯង ទៅទិញនៅហ្នឹង ហើយដប់ប្រាំម៉ឺន ឃើញគេដាក់លក់នៅលើនេះ ហើយគេពាក់ខោអាវដូចពេទ្យដែរ ស្រីអ្នកលក់នៅខាងលើនេះ។ ថ្ងៃហ្នឹង គេថាឲ្យបូមខ្លួនខ្ញុំតែម្តង គេថាអត់ជួយបានទេ គេថាបើយើងរកបានយើងរកទៅ បើថាយើងរកមិនបានទេ គេថាឲ្យបូមខ្លួនយើង»។
យ៉ាងនេះក្តី លោក ស៊ិន លី ត្អូញត្អែរថា លោកមានបំណងនាំកូនចាកចេញពីមន្ទីរពេទ្យច្រើនលើក ដោយសារគ្មានប្រាក់ ហើយក្តីរំពឹងចុងក្រោយរបស់លោក គឺឋិតនៅលើឈាមរបស់លោកផ្ទាល់ ប្រសិនអាចបូមយកមកសង្គ្រោះកូនស្រីជាបន្ត ពីព្រោះលោកគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញឈាមជាថ្មីបាននោះទេ៖ «ហ៊ឺ! ខ្ញុំមានកង្វល់ងាប់ហើយ។ ខ្ញុំក្រអត់ទាំងមានលុយអត់កាក់ ចង់ឲ្យគេជួយមើលកូនចៅឲ្យជា បើថាដល់ថ្ងៃចេញរួចគេទារលុយបង់ថ្លៃគ្រែ ខ្ញុំអត់មាន មិនដឹងធ្វើម៉េចទេ។ គេអត់ទាន់ទារទេ តែឮអ្នកនៅក្នុងមន្ទីរពេទ្យថា យើងសម្ភាសជាប់ គេអត់គិតលុយទេ បើថាយើងសម្ភាសអត់ជាប់ទេមួយថ្ងៃបួនម៉ឺន»។
មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មានគោលការណ៍ឲ្យប្រជាពលរដ្ឋបង់ប្រាក់ថ្លៃសេវាព្យាបាលជំងឺ លើកលែងប្រជាពលរដ្ឋក្រីក្រមានប័ណ្ណកំណត់អត្តសញ្ញាណជនក្រីក្រ គឺមានកម្មវិធីសមធម៌របស់ក្រសួងសុខាភិបាល តាមរយៈអង្គការសកម្មភាពដើម្បីសុខភាព រ៉ាប់រងចេញថ្លៃព្យាបាលជូនមន្ទីរពេទ្យ ជំនួសជនក្រីក្រពិតប្រាកដ។
អនុប្រធានមន្ទីរពេទ្យខេត្តក្រចេះ លោក គាង ហុង មានប្រសាសន៍បញ្ជាក់ថា ជាគោលការណ៍ និងក្រមសីលធម៌ គ្រូពេទ្យមានភារៈសង្គ្រោះអ្នកជំងឺទូទៅ ដោយមិនបែងចែងពីវណ្ណៈភាព ក៏ប៉ុន្តែ ទាក់ទិននឹងការផ្តល់ឈាម មន្ទីរពេទ្យមានគោលការណ៍រកឈាមត្រៀមបម្រុងសម្រាប់សង្គ្រោះជនក្រីក្រគ្មានសាច់ញាតិ មិនអាចបរិច្ចាគឈាមបាន។ ហេតុនេះ ក្រុមគ្រួសារអ្នកជំងឺដែលមានលទ្ធភាពបរិច្ចាគឈាម ត្រូវផ្តល់ឈាមសង្គ្រោះមកអ្នកជំងឺជាសាច់ញាតិ ឬកូនចៅ ឬបរិច្ចាគឈាមជាថ្នូរជាមួយឈាមមានក្នុងមន្ទីរពេទ្យ សម្រាប់ទុកជួយសង្គ្រោះអ្នកជំងឺដទៃ នៅថ្ងៃក្រោយទៀត។
លោកពន្យល់ថា ថ្វីត្បិតមន្ទីរពេទ្យមានគោលការណ៍ឲ្យបង់ប្រាក់ថ្លៃសេវាព្យាបាលជំងឺ ក៏ប៉ុន្តែ មន្ទីរពេទ្យក៏មានការយោគយល់អនុគ្រោះចំពោះប្រជាពលរដ្ឋគ្មានប្រាក់បង់ថ្លៃសេវាមន្ទីរពេទ្យ និងជាពិសេស មន្ទីរពេទ្យបានចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូសម្រាប់ជួយបង់ថ្លៃសេវានេះជំនួសប្រជាពលរដ្ឋក្រីក្រពិតប្រាកដ៖ «គាត់មានលុយដប់ប្រាំម៉ឺន គាត់ទៅទិញឈាមរបស់ពួកម៉ូតូឌុប ព្រោះនៅមន្ទីរពេទ្យអត់មានផលិតឈាមបាន ក្រសួងក៏អត់មានផលិតឈាមបានដែរ។ ឈាមដែលយើងបានពីសប្បុរសជន យើងផ្តល់ឲ្យតែអ្នកអត់មានបងប្អូន ដែលគាត់ទាល់មែនទែន គាត់មិនដឹងទៅរកឈាមឯណាបាន ហើយខ្លួនគាត់ក៏ចាស់អ៊ីចឹង យើងឲ្យគាត់។ ខ្ញុំប្រាប់គាត់ហើយព្រឹកមិញ បើសិនត្រូវការដាក់ ខ្ញុំឲ្យគាត់ទៅពិនិត្យហើយៗ ប្អូនថ្លៃគាត់ស្រីម្នាក់ទៀត។ ទោះបីឈាមដាក់បានមិនបានគាត់ត្រូវតែបូម គេនឹងរកឈាមដែលត្រូវក្រុមកូនរបស់គាត់ដាក់ឲ្យ»។
សេចក្តីរាយការណ៍របស់មន្ត្រីអង្គការសកម្មភាពដើម្បីសុខភាព (Action for health) ខេត្តក្រចេះ ឲ្យដឹងថា កាលពីឆ្នាំ២០១១ អង្គការនេះបានផ្តល់ប្រាក់សម្រាប់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យខេត្តក្រចេះ ៤.៦៨៨ករណី និងមណ្ឌលសុខភាពស្រុកឆ្លូង ២.៩១៧ករណី។
អ្នកសម្របសម្រួលអង្គការសកម្មភាពដើម្បីសុខភាព ប្រចាំខេត្តក្រចេះ លោកស្រី ស្រីប៉ាក រៀបរាប់ថា ពលរដ្ឋក្រីក្រដែលមានប័ណ្ណអ្នកក្រីក្រ ឬប្រជាពលរដ្ឋក្រ ដែលបានសម្ភាសរកឃើញថា ជាជនក្រីក្រពិត មូលនិធិសមធម៌នឹងចេញប្រាក់ថ្លៃសេវាព្យាបាលជំងឺសម្រាប់មន្ទីរពេទ្យខេត្តជំនួស ផ្តល់ថ្លៃអាហារសម្រាប់អ្នកកំដរជំងឺ៥.០០០រៀល ក្នុងមួយថ្ងៃ និងផ្តល់ថ្លៃធ្វើដំណើរទៅមកសម្រាប់អ្នកជំងឺ។
អ្នកស្រីអំពាវនាវឲ្យជនក្រីក្រទំនាក់ទំនងមកការិយាល័យអង្គការសកម្មភាពដើម្បីសុខភាព មានទីតាំងនៅក្នុងមន្ទីរពេទ្យខេត្ត ដើម្បីពិនិត្យផ្តល់មូលនិធិសង្គ្រោះនេះ៖ «បើសិនជាអត់ជាប់ទេ ខាងខ្ញុំឲ្យក្រដាសតូចមួយដើម្បីទៅមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យមិនមែនគេកំណត់ថា គេសម្ភាសអត់ជាប់ហើយ គាត់នឹងជំរិតទារលុយទេ គេមានគោលការណ៍លើកលែងថ្លៃមួយទៀត គេមានគណៈកម្មការវាយតម្លៃមួយទៀត បើសិនជាគាត់ក្រមែនពិត គេព្យាបាលដោយអត់គិតលុយទេ»។
យ៉ាងនេះក្តី ចំពោះលោក ស៊ិន លី នៅតែមានការព្រួយបារម្ភពីប្រាក់បង់ថ្លៃមន្ទីរពេទ្យ ពីព្រោះរហូតមកទល់នឹងថ្ងៃព្រហស្បតិ៍ ទី២៣ នេះ លោកមិនទាន់បានទទួលការបញ្ជាក់ណាមួយពីមន្ទីរពេទ្យថា គាត់នឹងត្រូវបានកំណត់ថាជាជនក្រីក្រ ដែលនឹងទទួលបានការឧបត្ថម្ភមូលនិធិព្យាបាលជំងឺកូនគាត់នោះឡើយ។
គាត់អះអាងថា ជាក់ស្តែងគាត់គឺជាអ្នកនេសាទក្រីក្រ មានទូកចែវមួយគ្រឿង សម្រាប់ធ្វើនេសាទបង់សំណាញ់ដាក់មងចិញ្ចឹមគ្រួសារ មានកូនតូចៗ៥នាក់ និងនៅសេសសល់ប្រាក់តិចតួចទិញអាហារប្រចាំថ្ងៃ រង់ចាំជំងឺកូនស្រីបានធូរស្រាលនឹងវិលត្រឡប់ទៅលំនៅឋានវិញតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។