ពលរដ្ឋ៖ ឈ្មួញ​ឈើ​ប្រើ​កាំភ្លើង​ប៉ូលិស​បាញ់​ស្លាប់​ក្មេង​​ម្នាក់

ក្មេង​មួយ​រូប​អាយុ ១២​ឆ្នាំ ត្រូវ​អ្នក​រក​ស៊ី​អារ​ឈើ​បាញ់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៧ សីហា នៅ​ឃុំ​រអាង ស្រុក​សង្គមថ្មី ខេត្ត​ព្រះវិហារ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​ដែល​អ្នក​រក​ស៊ី​ឈើ​ប្រើ​នោះ ជា​អាវុធ​របស់​ប៉ូលិស​ស្រុក​សង្គមថ្មី។
ដោយ កែវ និមល
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ដែល​សុំ​មិន​ចេញ​ឈ្មោះ បាន​និយាយ​ឲ្យ​ដឹង​ថា អ្នក​បាញ់​នោះ​ជា​អ្នក​រក​ស៊ី​អារ​ឈើ ហើយ​បាន​បាញ់​ទៅ​លើ​ក្មេង​ឲ្យ​ស្លាប់​ក្នុង​ពេល​ដេញ​បាញ់​ស្វា​នៅ​ក្នុង​ព្រៃ​ក្បែរ​រោង​អារ​ឈើ។

មន្ត្រី​ប៉ូលិស​ខេត្ត​ព្រះវិហារ បាន​បញ្ជាក់​ថា មាន​ការ​បាញ់​សម្លាប់​ក្មេង​នៅ​ស្រុក​សង្គមថ្មី ពិត​មែន។ ប៉ុន្តែ​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លំអិត​ទេ។

លោក ឡោ ចាន់ អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក នៅ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ការ​បាញ់​មនុស្ស​ឲ្យ​ស្លាប់​នេះ ទោះ​បី​មាន​ចេតនា ឬ​មិន​មាន​ចេតនា​ក៏ដោយ ក៏​ត្រូវ​មាន​ទោស​ដែរ គឺ​មាន​ទោស​ទាំង​អ្នក​បាញ់ និង​ម្ចាស់​កាំភ្លើង​ដែល​គេ​យក​ទៅ​បាញ់​ឲ្យ​មនុស្ស​គ្រោះថ្នាក់។

លោក ឡោ ចាន់៖ «ករណី​បាញ់​ឲ្យ​ក្មេង​ប្រុស​ស្លាប់​នេះ គឺ​ជន​ប្រព្រឹត្ត​ត្រូវ​តែ​មាន​ទោស ទោះ​បី​ជន​ប្រព្រឹត្ត​មាន​ចេតនា​ក្ដី អចេតនា​ក្ដី។ ទោស​នោះ​ទាក់ទង​ជាមួយ​ក្រមព្រហ្មទណ្ឌ មាត្រា ២០៧ គឺ​ជន​ប្រព្រឹត្ត​ត្រូវ​តែ​មាន​ទោស​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា។ បទ​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ»

ប្រភព​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​គេ​បាញ់​ស្លាប់​នោះ ឈ្មោះ ជន់ ភី មាន​អាយុ ១៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ខ្នារ ឃុំ​រអាង ស្រុក​សង្គម​ថ្មី។ចំណែក​អ្នក​បាញ់​ឈ្មោះ គួន ឃឿត មាន​អាយុ ៣២ឆ្នាំ។ បច្ចុប្បន្ន​តុលាការ​ខេត្ត​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​ក្មេង​នោះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល