មេភូមិស្វាយជាំ លោក ម៉ៅ ជា អ្នកដឹកនាំសហគមន៍ដើរល្បាតព្រៃឡង់ ឲ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ថា ប្រជាសហគមន៍កំពុងនាំគ្នាដឹកឈើដែលរឹបអូសបាននោះ ដឹកតាមរទេះយកទៅរក្សាទុកបណ្ដោះអាសន្ន នៅផ្ទះរបស់គាត់ ក្នុងភូមិស្វាយជាំ ក្នុងឃុំបណ្ឌិត ស្រុកសណ្ដាន់ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីដែលក្រុមឈ្មួញលួចកាប់ នៅត្រង់ចំណុចអូរតាចាន់ នោះ។
លោកក៏បានរាយការណ៍ប្រាប់មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធរួចហើយ ឲ្យទៅទទួលកំណាត់ឈើទាំងនោះនៅផ្ទះរបស់គាត់ ដើម្បីចាត់ការទៅតាមនីតិច្បាប់៖ «ឈើហ្នឹង ខ្ញុំអត់ទាន់ឲ្យជំនាញខាងរដ្ឋបាលព្រៃឈើទៅយកផង ព្រោះខ្ញុំបញ្ជូនឈើហ្នឹងនៅសល់ប្រហែលជា២រទេះ ២ម៉ែត្រគូបទៀត ដល់អ៊ីចឹង ខ្ញុំយកទៅដាក់នៅផ្ទះខ្ញុំ។ ខ្ញុំយកទៅទុកដើម្បីបូកសរុបជូនដំណឹងឲ្យខាងមេព្រៃ និងឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ឲ្យគេមកយក ដើម្បីយកទៅទុកធ្វើតាមគោលការណ៍ច្បាប់របស់គេ។ ខ្ញុំអត់ដឹងរឿងថាវាទៅលួចអាអ៊ីចឹង ដល់ពេលខ្ញុំទៅប្រទះជួបរទេះអ្នកអារឈើហ្នឹងឈ្មោះ ជួន វុន រស់នៅភូមិអូរពកបណ្ដោះអាសន្ន ឃុំបណ្ឌិត ដដែល»។
ការចុះទៅល្បាតនេះ គឺបានធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ព្រៃឡង់ មើលឃើញពីវិនាសកម្ម នៃការបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយអ្នកភូមិបានដាក់វេនគ្នាដើរល្បាតក្នុងព្រៃ ដោយសង្ឃឹមថា បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ នឹងមានការថយចុះ។
តែទោះជាយ៉ាងណា បណ្ដាញសហគមន៍ព្រៃឡង់ បានរកឃើញថ្មីៗថា ឈើប្រមាណ៥០០ទៅ៦០០ម៉ែត្រគូប ត្រូវបានគេកាប់អារគរទុកក្នុងព្រៃ និងដីរាប់រយហិកតារ ត្រូវបានគេកាប់រានទុកធ្វើចម្ការ។
សហគមន៍អះអាងថា ការបំផ្លាញធនធានទាំងនេះ ធ្វើឡើងពីសំណាក់មន្ត្រីប៉ូលិស ប៉េអិម អធិការស្រុក អាជ្ញាធរឃុំ មន្ត្រីបរិស្ថានស្រុក មន្ត្រីអង្គការការពារព្រៃឈើនៅក្នុងស្រុកសណ្ដាន់ និងអ្នកមានលុយកាក់មួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។