នាយិកា​សាលា​នៅ​ខណ្ឌ​សែនសុខ​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

នាយិកា​វិទ្យាល័យ​ទួល​ប្រាសាទ​សែនសុខ ក្នុង​សង្កាត់​សែនសុខ រាជធានី​ភ្នំពេញ រង​ការ​ចោទ​ប្រកាន់​ពី​បុគ្គលិក​របស់​ខ្លួន ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ លួច​ចាយ​លុយ​ជាតិ​រាប់​រយ​លាន​រៀល និង​គ្រប់គ្រង​ការងារ​បែប​អានាធិបតេយ្យ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ដោយ ទេព សុរ៉ាវី
2013.02.27

បុគ្គលិក​ដែល​ជា​គ្រូបង្រៀន​ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ បាន​ដាក់​លិខិត​ប្ដឹង​តវ៉ា​ទៅ​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ចុះ​តាម​ដាន​ភាព​មិន​ប្រក្រតី​ទាំង​នោះ និង​ស្នើ​សុំ​ឲ្យ​ដក​តួនាទី​របស់​នាយិកា​ចេញ ព្រម​ទាំង​សុំ​ឲ្យ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បទល្មើស​ដែល​បាន​រក​ឃើញ។

គ្រូបង្រៀន​ក្រុម​២ ប្រមាណ​ជាង ១០​នាក់ នៅ​វិទ្យាល័យ​ទួល​ប្រាសាទ​សែនសុខ បាន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​រយៈពេល ២​ថ្ងៃ​មក​ហើយ ដើម្បី​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ទង្វើ​របស់​នាយិកា​វិទ្យាល័យ និង​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចុះ​ធ្វើ​អធិការកិច្ច​ជា​បន្ទាន់ នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​នៅ​ក្នុង​វិទ្យាល័យ​នេះ។

តំណាង​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ប្រាសាទ​សែនសុខ លោក ប្រាជ្ញ កំសាន្ត ដែល​បាន​ចូលរួម​កូដកម្ម​មិន​ចូល​បង្រៀន រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា អ្នក​គ្រូ​លោកគ្រូ​បាន​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ទង្វើ​របស់​នាយិកា​វិទ្យាល័យ គឺ​អ្នកស្រី ទា មិសា ដែល​បាន​កិបកេង​ប្រវ័ញ្ច ចុះ​បន្លំ​ហត្ថលេខា​របស់​បុគ្គលិក និង​យក​ឈ្មោះ​បុគ្គលិក​ខ្មោច​ទុក​បើក​ប្រាក់ខែ លាក់​ឈ្មោះ​សិស្ស​ជា​ថ្នូរ​នឹង​ការ​ទាមទារ​ប្រាក់​ពី​សិស្ស​ម្នាក់​ចំនួន ១០០ ទៅ ១៥០​ដុល្លារ និង​មិន​ព្រម​ឲ្យ​គ្រូ​ដំឡើង​កាំ​ប្រាក់ ឬ​មុខងារ​ដល់​គ្រូបង្រៀន បើ​ទោះ​បី​ជា​ក្រសួង ឬ​មន្ទីរ​អប់រំ​បាន​ទម្លាក់​ឈ្មោះ​ឲ្យ​ក្តី។

លោក ប្រាជ្ញ កំសាន្ត៖ «យើង​ខ្ញុំ​ទ្រាំ​លែង​បាន​ហើយ ពួក​យើង​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម ពួក​យើង​ព្យាយាម​ធ្វើ​យូរ​មក​ហើយ មិន​ដែល​បាន​សហការ​មូល​មតិ​គ្នា ទើប​តែ​ឥឡូវ​នេះ​យើង​មាន​ឯកសារ​ភស្តុតាង ទើប​យើង​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន»

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ ដែល​បាន​ដាក់​ទៅ​ក្រសួង​អប់រំ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឯ​ទៀត ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា លោកស្រី ទា មិសា ជា​នាយិកា​វិទ្យាល័យ​នេះ​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ករណី រួម​មាន​ការ​លាក់​ឈ្មោះ​គ្រូបង្រៀន​ទុក​បើក​ប្រាក់ខែ ដោយ​មិន​រាយការណ៍​ថ្នាក់​លើ​ឲ្យ​បាន​ដឹង និង​បន្លំ​ហត្ថលេខា​លិខិត​ស្នាម ដាក់​ឈ្មោះ​ខ្មោច​ទទួល​ប្រាក់ខែ និង​ដំឡើង​កំា​ប្រាក់។ ការ​ចាយ​វាយ​លុយ​សង្គមកិច្ច​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ។

ចំណែក​លុយ ភីអេភី (PAP) ឬ​លុយ​ភីប៊ី (PB) ជា​លុយ​ទ្រទ្រង់​ជា​អាទិភាព​សម្រាប់​សិស្ស​ដែល​មាន​ចំនួន ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក៏​នាយិកា​បន្លំ​មិន​ប្រគល់​ឲ្យ​សិស្ស​នោះ​ដែរ។ រី​ឯ​លុយ​ថែម​ម៉ោង​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់​គ្រូបង្រៀន ដែល​មាន​ចំនួន​រាប់​រយ​លាន​រៀល ត្រូវ​បាន​នាយិកា​បន្លំ​ចុះ​ហត្ថលេខា​បុគ្គលិក​យក​ដាក់​ក្នុង​ហោប៉ៅ​របស់​ខ្លួន។

នៅ​ក្នុង​លិខិត​បណ្ដឹង​សង្កត់​ធ្ងន់​ពី​ទង្វើ​ខុស​ឆ្គង​របស់​គណៈ​នាយក ជា​ពិសេស​នាយិកា ទា មិសា ជា​ច្រើន​ករណី បូក​រួម​ការ​លួច​ធ្វើ​ម៉ោង​លើស បំប៉ោង​ឈ្មោះ​គ្រូ និង​គ្រូ​ខ្មោច លួច​បន្លំ​ហត្ថលេខា​ក្លែងក្លាយ ដើម្បី​យក​លុយ​ជាតិ​ទៅ​ចែក​ចាយ​បក្ស​ពួក​នេះ ខាង​គ្រូបង្រៀន​ជា​បុគ្គលិក​ក្រោម​ឱវាទ មាន​ភស្តុតាង និង​សាក្សី​ច្បាស់លាស់ និង​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចុះ​អធិការកិច្ច និង​ផ្ដន្ទាទោស​លោកស្រី ទា មិសា ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ នាយិកា​វិទ្យាល័យ​ទួល​ប្រាសាទ​សែនសុខ លោកស្រី ទា មិសា បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ករណី​បណ្ដឹង​របស់​អ្នកគ្រូ លោកគ្រូ​នេះ ខាង​មន្ទីរ​អប់រំ​បាន​ចុះ​ទៅ​អធិការកិច្ច​រួច​ហើយ និង​កំពុង​ធ្វើការ​ស៊ើប​អង្កេត៖ «ឥឡូវ​នេះ​មន្ទីរ​កំពុង​ដោះស្រាយ​បញ្ហា​ហ្នឹង​ហើយ​មិន​ទាន់​បាន​ឆ្លើយ ព្រោះ​ពួកគេ​ត្រូវ​ការ​ស្រាវជ្រាវ​មើល​សិន។ខ្ញុំ​មិន​ទាន់​មាន​ស្អី​បំភ្លឺ ខ្ញុំ​ចាំ​មន្ទីរ​ដោះស្រាយ​ហើយ​សិន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

តាម​ជំហរ​របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ ដែល​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​បញ្ជាក់​ថា ពួក​គាត់​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​ឆាប់​ពី​ខាង​មន្ទីរ ឬ​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​បាន​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ចូល​បង្រៀន​សិស្ស​ឡើង​វិញ​នៅ​សប្ដាហ៍​ក្រោយ ពីព្រោះ​ពួក​គាត់​ក៏​មិន​ចង់​ឲ្យ​សិស្ស​ខាត​បង់​ការ​សិក្សា ឬ​រៀន​មិន​ទាន់​កម្មវិធី​សិក្សា​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ​នោះ ពួកគេ​នឹង​នៅ​តែ​បន្ត​មិន​ចូល​បង្រៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។