ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុចខ្សាំង ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត បានប្រតិកម្មចំពោះមន្ត្រីនៃអង្គការស៊ីអាយ ដែលបានមកដកហូតយកកាំបិត ពូថៅ របស់ពួកគាត់។
បុរសអ្នកភូមិឈ្មោះ ផាត មានទីលំនៅត្រង់ចំណុចខ្សាំង។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ កក្កដា ថា នៅពេលដែលអ្នកភូមិកំពុងកាប់ឆ្ការព្រៃដែលអាជ្ញាធរភូមិឃុំចែកឲ្យពួកគាត់សម្រាប់ដាំដុះដោះស្រាយជីវភាពប្រចាំថ្ងៃ ស្រាប់តែមានមន្ត្រីនៃអង្គការស៊ីអាយ ដែលពួកគាត់មិនស្គាល់ឈ្មោះ បានមកដកហូតយកកាំបិត ពូថៅ របស់គាត់ ព្រមទាំងគំរាមថា នឹងចាប់ពួកគាត់ប្រសិនបើពួកគាត់ហ៊ានតវ៉ា។
បុរសរូបនេះបន្តថា អ្នកភូមិនៅតំបន់នេះប្រើកាំបិត ពូថៅ ដើម្បីកាប់ឆ្ការព្រៃធ្វើស្រែចំការដាំដំណាំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពួកគាត់ពុំបានធ្វើអ្វីខុសច្បាប់ទេ ហេតុអ្វីបានជាមន្ត្រីស៊ីអាយ មកដកហូតឧបករណ៍សម្រាប់ធ្វើស្រែចំការរបស់ពួកគាត់៖ «ភូមិឃុំឲ្យប្រជាពលរដ្ឋឡើងមកខាងលើដោយឲ្យក្បាលដីម្នាក់ ៥០សិបម៉ែត្រ។ ស្រាប់តែក្រុមការងារស៊ីអាយ មកគំរាមដកហូតកាំបិតអីអ៊ីចឹង។ អ្នកភូមិមិនដឹងធ្វើម៉េចទេ លែងហ៊ានធ្វើអីតែម្ដង...»។
មេភូមិវាលវង់ លោក សន ប៉ុនឈាង សំដែងការមិនពេញចិត្តចំពោះទង្វើរបស់មន្ត្រីស៊ីអាយ។ លោកមានប្រសាសន៍ថា អង្គការស៊ីអាយ គ្រាន់តែជាអង្គការក្រៅរដ្ឋាភិបាលមួយ។ អង្គការនេះមិនអាចធ្វើសកម្មភាពអ្វីមួយប៉ះពាល់ដល់ប្រជាពលរដ្ឋដោយគ្មានការសហការជាមួយអាជ្ញាធរដែនដីនោះឡើយ។
លោក សន ប៉ុនឈាង៖ «យើងបានឲ្យគាត់ឡើងមកខាងលើហើយវាស់ឲ្យគាត់ក្បាល ៥០បណ្ដោយតាមជាក់ស្ដែង។ តែព្រឹកមិញពួកគាត់មករាយការណ៍ឲ្យខ្ញុំថា ខាងស៊ីអាយ មករារាំង និងដកហូតកាំបិត ពូថៅ ពីពួកគាត់។ ខ្ញុំពិបាកដល់ហើយរាល់ថ្ងៃយើងអ្នកឲ្យធ្វើហើយគេអ្នកចាប់។ ខាងស៊ីអាយនេះច្រើនលើកច្រើនគ្រាហើយរឿងដកកាំបិតដកពូថៅពីប្រជាពលរដ្ឋនោះ...»។
កាលពីព្រឹកថ្ងៃអាទិត្យទី៨ កក្កដា មន្ត្រីនៃអង្គការស៊ីអាយ ដែលអ្នកភូមិមិនស្គាល់ឈ្មោះបានមកហាមឃាត់ និងដកហូតកាំបិតពូថៅពីអ្នកភូមិមិនឲ្យពួកគាត់ត្រួសត្រាយព្រៃដើម្បីដាំដុះដំណាំឡើយ។
ប្រភពពីអាជ្ញាធរភូមិឃុំបានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុចខ្សាំង ភាគខាងក្នុងត្រូវបានអាជ្ញាធរភូមិឃុំជម្លៀសឲ្យមកនៅជាបណ្ដោះអាសន្ននៅចំណុចខាងក្រៅតំបន់បាតអាងស្ដុកទឹក ដែលថ្នាក់ជាតិកំពុងដំណើរការកសាងប្រព័ន្ធអាងស្ដុកទឹកធារាសាស្ត្រដ៏ធំមួយក្នុងខេត្តនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីអង្គការស៊ីអាយ បានទេ នៅល្ងាចថ្ងៃទី៩ កក្កដា ដោយទូរស័ព្ទរោទ៍តែគ្មានអ្នកទទួល។
មេឃុំរកាត គឺលោក ពេជ្រ អ៊ីលួន មានប្រសាសន៍ថា អាជ្ញាធរឃុំពិតជាបានជម្លៀសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់បាតអាងស្តុកទឹកធារាសាស្ត្រដែលថ្នាក់ជាតិកំពុងដំណើរការឲ្យមកនៅតំបន់ខាងក្រៅមែន។ ចំពោះបញ្ហាមន្ត្រីស៊ីអាយ ដកហូតកាំបិតពូថៅរបស់អ្នកភូមិ លោកពុំទាន់បានចុះទៅស្រាវជ្រាវនៅឡើយ ដោយលោកជាប់ឡើងមកប្រជុំនៅសាលាខេត្ត។
លោក ពេជ្រ អ៊ីលួន៖ «ខ្ញុំអ្នកទៅចែកឲ្យអ្នកខ្សាំង ដែលលិចទឹកហ្នឹងណា! ឲ្យក្បាល ៥០ បណ្ដោយ ២០០ ដាំដុះអីទៅ។ ខ្ញុំមិនទាន់បានទៅជួបគេទេ ព្រោះជាប់ប្រជុំនៅខេត្ត ចាំមើលខ្ញុំនឹងទៅសួរនាំរឿងនេះមើល៍។ តែខ្ញុំឮមេភូមិរាយការណ៍បញ្ហានេះតាមទូរស័ព្ទថា ខាងស៊ីអាយ គេមកហាមឃាត់ និងដកកាំបិតពីអ្នកភូមិមែន...»។
ទាក់ទិនចំពោះបញ្ហាខាងលើនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា អង្គការស៊ីអាយ គួរតែពិភាក្សាជាមួយអាជ្ញាធរដែនដីសិនមុននឹងធ្វើការហាមឃាត់ និងដកហូតឧបករណ៍ធ្វើស្រែចំការរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរដែនដីកំពុងដោះស្រាយបញ្ហាជូនអ្នកស្រុកនៅចំណុចខ្សាំង ដែលរងផលប៉ះពាល់។ ការរារាំងមិនឲ្យអ្នកស្រុកចំណុចខ្សាំង កាប់ឆ្ការព្រៃធ្វើស្រែចំការជាយថាហេតុ បានធ្វើឲ្យអ្នកភូមិជួបទ្វេគ្រោះ គឺគ្រោះបណ្ដេញចេញពីលំនៅឋាន និងគ្រោះទុរភិក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។