ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​ប៉ូលិស​ថា​ប្រើ​អំពើ​ហិង្សា

នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រំលេច ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ធ្វើ​ការ​វាយ​ដំ​និង​ប្រើ​អាវុធ​ភ្ជង់​គំរាម​អ្នក​ស្រុក។

0:00 / 0:00

បុរស​ឈ្មោះ ទាវ ធូ អាយុ​៤៣​ឆ្នាំ ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់ក្តី ឃុំ​រំលេច មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ថា នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រំលេច គឺ​លោក សេង សិរី បាន​បញ្ឈប់​គោយន្ត​គាត់​រួច​ទាមទារ​យក​ឧស​មួយ​បាច់​ធំ​ពី​គាត់​តែ​គាត់​មិន​ព្រម​ឲ្យ ស្រាប់​តែ​ប៉ូលិស​រូប​នេះ​បាន​យក​កាំភ្លើង​អាកា​៤៧ មក​ភ្ជង់​គាត់​និង​វាយ​ដំ​មក​លើ​រូប​គាត់​ដោយ​កាំភ្លើង​នោះ​ទៀត​ផង។គាត់​បន្ត​ថា មុខ​និង​កណ្ដៀត​ក្អម​គាត់​បាន​រង​របួស​ក្នុង​ការ​វាយ​ដំ​យ៉ាង​កម្រោល​នេះ។

លោក ទាវ ធូ ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​យក​កាំភ្លើង​មក​ភ្ជង់​ខ្ញុំ ខ្ញុំ​យក​ដៃ​ផាត់​ចេញ ហើយ​គេ​លើក​កាំភ្លើង​យក​មក​បុក​មួយ​ទំហឹង ដល់​ខ្ញុំ​គេច​ផុត​ទៅ​វា​ត្រូវ​ក្ដារ​និង​អាវ​ដាច់។ បន្ត​មក​ទៀត​គេ​កាន់​កាណុង​ដៃ​ពីរ គេ​លើក​រក​សំពង​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​យក​ដៃ​រង ដល់​ហើយ​គេ​ប្រមាថ​ខ្ញុំ​ថា អ្ហែង​ចង់​ងាប់​អី?»

ប្រភព​បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​នៃ​ថ្ងៃ​ទី​១៣ មីនា បុរស​ឈ្មោះ ទាវ ធូ ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់ក្តី ឃុំ​រំលេច បាន​បើក​គោយន្ត​ដឹក​ឧស​មក​ពី​ឃុំ​តាលោ យក​ទៅ​ប្រើប្រាស់។ មក​ដល់​ចំណុច​ប៉ុស្តិ៍​នគរបាល​ឃុំ​រំលេច ក៏​ជួប​លោក សេង សិរី នាយ​រង​ប៉ុស្តិ៍​ចេញ​មក​សុំ​ឧស​មួយ​បាច់ តែ​ឈ្មោះ ទាវ ធូ មិន​ព្រម​ឲ្យ រួច​ក៏​កើត​មាន​បញ្ហា​ជម្លោះ​នេះ​ឡើង។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​នាយ​រង​នគរបាល​ប៉ុស្តិ៍ គឺ​លោក សេង សិរី បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មីនា នេះ ដោយ​លោក​ត្រូវ​បាន​ថ្នាក់​លើ​ហៅ​ទៅ​ធ្វើការ​បំភ្លឺ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រំលេច គឺ​លោក រង សុវណ្ណរឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ៖ «សហការ​ជាមួយ​ប្រជា​ការពារ​ក្នុង​ការ​យាម​កាម​ពេល​យប់ ដល់​អ៊ីចឹង​ទៅ​មាន​គោយន្ត​មួយ​គ្រឿង​មក​ពី​ទិស​ខាង​ត្បូង​មក ប្រជា​ការពារ​គាត់​កាក់ ប៉ុន្តែ​គោយន្ត​អត់​ឈប់​ទេ ហើយ​ឲ្យ​ប៉ូលិស​យើង​កាក់ ហើយ​ប៉ូលិស​យើង​កាក់​ហ្នឹង​ក៏​អត់​ឈប់​ទៀត ប៉ូលិស​រង​ខ្ញុំ​ហ្នឹង​គាត់​យល់​ថា ឃាត់​មិន​ឈប់ ជេរ​គាត់​ទៀត ខឹង​ផង​អី​ផង គាត់​ក៏​តាម​ទៅ​កាក់​ទៀត។ ត្រួត​ពិនិត្យ​មើល​ទៅ​វា​អត់​មាន​អី​ទេ ក៏​ឲ្យ​គាត់​ទៅ​ផ្ទះ​ទៅ។ ដឹង​ស្រាប់​ហើយ​ប៉ូលិស​យើង​ក្នុង​ការ​ចេញ​ល្បាត ស្ពាយ​កាំភ្លើង​ស្ពាយ​អី​ដើរ អ៊ីចឹង​ទៅ​គាត់​ចោទ​ប្រកាន់​ថា ប៉ូលិស​ហ្នឹង​យក​អាវុធ​ទៅ​គំរាម​គាត់»

អធិការ​នគរបាល​ស្រុក​បាកាន គឺ​លោក ប៉ែន ទុង មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​បង្ហាញ​ថា ភាគី​ទាំង​សង្ខាង​សុទ្ធ​តែ​មាន​កំហុស​រៀងៗ​ខ្លួន។ លោក​បន្ត​ថា ដោយ​ខឹង​នឹង​ការ​តិះដៀល កម្លាំង​មាន​សមត្ថកិច្ច​ពី​សំណាក់​លោក ទាវ ធូ នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រំលេច មិន​អាច​ទប់​ចិត្ត​បាន​ទើប​កើត​មាន​ការ​ប្រទូស្តរាយ​គ្នា​ឡើង។

លោក ប៉ែន ទុង មាន​ប្រសាសន៍​ដូច្នេះ ៖ «តាម​ពិត​ទៅ​អ្នក​គោយន្ត​ហ្នឹង​ជេរ​ប៉ូលិស​យើង​សព្វ​បែប​សព្វ​យ៉ាង​រឿង​កាក់​ហ្នឹង អ៊ីចឹង​ទៅ​វា​អាច​អាកប្បកិរិយា​នៅ​ក្នុង​ពេល​ហ្នឹង ទាំង​គោយន្ត​ទាំង​ប៉ូលិស វា​អាច​មាន​អាកប្បកិរិយា​មួយ ខ្ញុំ​មិន​កាន់​ជើង​ប៉ូលិស​អី​ទេ គ្រាន់​តែ​ថា វា​អាច​មាន​អាកប្បកិរិយា​មួយ​ជ្រុលជ្រួស​ទាំង​អស់​គ្នា ទាំង​អ្នក​គោយន្ត​ទាំង​ប៉ូលិស​ហ្នឹង វា​អាច​មាន​ពាក្យ​សម្ដី​ធំ​តូច​អ៊ីចឹង​ទៅ។ តាម​ពិត​វា​មិន​ដល់​ថ្នាក់​យក​អាវុធ​ទៅ​គំរាម​កំហែង​ទេ»

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ គឺ​លោក សឺន សែនករុណា មាន​ប្រសាសន៍​ថា តាម​ការ​ស៊ើប​អង្កេត​បញ្ជាក់​ថា នាយ​រង​នគរបាល​ប៉ុស្តិ៍​រំលេច បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​មែន។ លោក​សំណូម​ពរ​ឲ្យ​ថ្នាក់​លើ​ធ្វើការ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​សុក្រឹត​និង​ល្អិត​ល្អន់ ចៀស​វាង​ការ​បាត់​បង់​ជំនឿ​របស់​ប្រជាពលរដ្ឋ​ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច៕