អាជ្ញាធរ​ខេត្ត​រតនគិរី​សង្គ្រោះ​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ជាប់​ចោទ​ចេះ​អាប​​ធ្មប់

ដោយ រដ្ឋា វិសាល
2015.04.23

អាជ្ញាធរ​ស្រុក​បរកែវ ខេត្ត​រតនគិរី បាន​សង្គ្រោះ​បុរស​ជនជាតិ​ដើម​ភាគតិច​មួយ​គ្រួសារ​ដែល​អ្នក​ភូមិ​គំរាម​សម្លាប់​ដោយ​ចោទ​ថា បុរស​នោះ​ចេះ​អំពើ​អាប​ធ្មប់។ បច្ចុប្បន្ន បុរស​អ្នក​ភូមិ​នោះ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ឲ្យ​មក​រស់​នៅ​ទី​មាន​សុវត្ថិភាព​បន្ទាប់​បុរស​នោះ​ភ័យ​ខ្លាច​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស​ចំពោះ​សកម្មភាព​កាត់​ទោស​ក្រៅ​ច្បាប់​តាម​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច​នេះ។

អធិការ​ប៉ូលិស​ស្រុក​បរកែវ លោក ម៉ៅ សាន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ថា អាជ្ញាធរ​ស្រុក​កំពុង​ស្វែង​រក​លទ្ធភាព​ឲ្យ​ក្រុម​គ្រួសារ​រង​គ្រោះ លោក រចំ ពិន អាច​វិល​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​អ្នក​ភូមិ​បាន​ដូច​ដើម​វិញ បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ៖ «ទស្សនៈ​របស់​គាត់​ខ្ញុំ​សួរ​ហើយ ទោះ​ជា​សម្របសម្រួល​បែប​ណា​ក៏​គាត់​អត់​ហ៊ាន​ទៅ​នៅ​ដែរ។ បញ្ហា​អំពើ​អាប​ធ្មប់​នៅ​ស្រុក​យើង​វា​សឹង​អស់​ហើយ ប៉ុន្តែ​ក្នុង​ច្បាប់​អត់​មាន​ភស្តុតាង កាប់​សម្លាប់​មនុស្ស​ថា​វា​មាន​មែន»

ចំណែក​អភិបាល​ខេត្ត​រតនគិរី លោក ថោង សាវុន បាន​ផ្ដល់​អង្ករ​ពីរ​បាវ ត្រីខ​ពីរ​យូរ និង​ប្រាក់​ ៤០​ម៉ឺន​រៀល​ដល់​គ្រួសារ​ជន​ជាតិ​ដើម​ភាគតិច​ចារ៉ាយ ដែល​រង​គ្រោះ​ពី​ការ​ប៉ុនប៉ង​សម្លាប់​​ក្រៅ​ច្បាប់​ពី​សំណាក់​អ្នក​ភូមិ​ជាមួយ​គ្នា​ក្រោម​ហេតុផល​ថា​បុរស​នោះ​ជា​ធ្មប់​ធ្វើ​ឲ្យ​អ្នក​ភូមិ​ឈឺ​​ស្លាប់។

ការ​ឧបត្ថម្ភ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ជនជាតិ​ដើម​គឺ​លោក រចំ ពិន អាយុ ៤៨​ឆ្នាំ រួម​ជាមួយ​ប្រពន្ធ​និង​កូន​ប្រុស​ស្រី ៨​នាក់ រស់​នៅ​ក្នុង​បន្ទុក កាល​ពី​ដើម​ខែ​មេសា បាន​នាំ​គ្នា​រត់​ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ដើម្បី​ចៀស​ផុត​ពី​ការ​គំរាម​សម្លាប់ និង​បណ្ដេញ​ចេញ​ពី​ភូមិ​ពី​សំណាក់​សាច់ញាតិ​អ្នក​ភូមិ និង​អាជ្ញាធរ​ភូមិ​ផង​ដែរ។

​លោក រចំ ពិន រស់​នៅ​ភូមិ​ជ្រុង ឃុំ​កក់ ត្រូវ​បាន​អ្នក​ភូមិ​សង្ស័យ​ថា មាន​ប្រទាល​សម្លាប់​មនុស្ស ឬ​ប្រទាល​ស៊ី​មនុស្ស ហើយ​ប្រើប្រាស់​ប្រទាល​នោះ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រមាណ ១០​នាក់​ដែល​លោក​មិន​ពេញ​ចិត្ត​ស្លាប់​តាម​រយៈ​អំពើ​ធ្មប់។

​ទាក់ទិន​ករណី​នេះ លោក រចំ ពិន បដិសេធ​ថា លោក​មិន​ចេះ​អំពើ​ធ្មប់ ហើយ​ក៏​មិន​បាន​ធ្វើ​​ឲ្យ​អ្នក​ភូមិ​ស្លាប់​ដូច​ការ​ចោទ​នោះ​ឡើយ។ លោក​សំដែង​ការ​ភ័យ​ខ្លាច​គេ​សម្លាប់​នៅ​ពេល​​សួរ​ថា តើ​លោក​អាច​វិល​ទៅ​រស់​នៅ​ក្នុង​ភូមិ​វិញ​ទេ ប្រសិន​អាជ្ញាធរ​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​​ស្រុះស្រួល​ទទួល​ឲ្យ​លោក​ទៅ​រស់​នៅ​វិញ៖ «ខ្ញុំ​អត់​ហ៊ាន​ទៅ​ភូមិ​ទេ អ្នក​ភូមិ ប្រធាន​ភូមិ គេ​អត់​ឲ្យ​ខ្ញុំ​ជាន់​ដី​ភូមិ​ជ្រុង ទេ យូរ​ទៅៗ​ខ្ញុំ​ខ្លាច​គេ​​ធ្វើ​បាប​ខ្ញុំ យប់​ព្រលប់។ ខ្ញុំ​ឆ្ងល់​ដែរ​គេ​ចោទ​ខ្ញុំ ខ្ញុំ​អត់​សម្លាប់​គេ អត់​ស៊ី​គេ ខ្ញុំ​អត់​ធ្វើ​អំពើ​គេ​ទេ»

​អាជ្ញាធរ​ស្រុក​បរកែវ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ជ្រុង ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​រឿងរ៉ាវ​ចោទ​ប្រកាន់ និង​គំរាម​សម្លាប់​ក្រៅ​ច្បាប់​នេះ។ ក៏ប៉ុន្តែ​​អភិបាល​ស្រុក​បរកែវ លោក ហេង ប៊ុននី បដិសេធ​មិន​អធិប្បាយ​ពី​លទ្ធផល​នៃ​ការ​​សម្របសម្រួល​នេះ​ទេ ដោយសារ​លោក​ជាប់រវល់។

​ទោះជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​គំរាម​សម្លាប់ និង​ការ​បណ្ដេញ​អ្នក​ភូមិ​តាម​រយៈ​ជំនឿ​អាប​ធ្មប់​គឺ​ជា​ទង្វើ​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែង​រក​ដំណោះស្រាយ​ការពារ​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ពី​ការ​គំរាម​សម្លាប់​ក្រៅ​ច្បាប់​នេះ៖ «យ៉ាងហោចណាស់​ក៏​យើង​ផ្លាស់ប្ដូរ​ភូមិ ដើម្បី​ចៀស​ទំនាស់ ជា​ការ​ភ័យខ្លាច​របស់​ជនរងគ្រោះ​ដែល​គេ​ចាត់​ទុក​ថា គាត់​ចេះ​ធ្មប់»

​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​បួន​នាក់​នៅ​ភូមិ​បី ឃុំ​ត្រពាំង​ក្រហម ស្រុក​កូនមុំ ខេត្ត​រតនគិរី បញ្ជូន​ទៅ​តុលាការ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ក្នុង​ជំនឿ​អាប​ធ្មប់​បណ្ដាល​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។