លទ្ធផល​ឆ្នោត​ក្រៅ​ផ្លូវការ​នៅ​តាម​ខេត្ត​មួយ​ចំនួន

លទ្ធផល​ជា​បណ្ដោះអាសន្ន​ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ខ.ប.) ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​៧ មិថុនា នេះ។
ដោយ សេង សេរីរ័ត្ន និង ហ៊ុំ ចំរើន
2012-06-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លទ្ធផល​បណ្ដោះ​អាសន្ន​បង្ហាញ​អោយ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្ត​នេះ​ចំនួន ៣៦៣​អាសនៈ គណបក្ស សម រង្ស៊ី ទទួល​បាន​អាសនៈ​ ១៥៨ គណបក្ស​ហ្វុនស៊ិនប៉ិច បាន​ទទួល​អាសនៈ​ ៣៦ គណបក្ស នរោត្តម រណឫទ្ធិ ទទួល​បាន​អាសនៈ ១២ គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​អាសនៈ​ ៨ និង​គណបក្ស ៤​ទៀត មិន​ទទួល​បាន​អាសនៈ​ណា​មួយ​ឡើយ។

គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ធំ បាន​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១២ អោយ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​សំឡេង​ឆ្នោត​ឈ្នះ​ក្នុង​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៧៩ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​មាន​ចំនួន ៨១។ គណបក្ស សម រង្ស៊ី ទទួល​បាន​លំដាប់​លេខ ២ ក្នុង​នោះ​ឈ្នះ​ជា​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ចំនួន ២ ចំពោះ​គណបក្ស ហ្វុនស៊ិនប៉ិច និង​សិទ្ធិ​មនុស្ស ទទួល​បាន​លំដាប់​លេខ​៣ តែ​មិន​បាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ណា​មួយ​ទេ។

ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ស្ដីពី​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​កំពង់ធំ។

ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត លោក ប្រែង សាវុធ មាន​ប្រសាសន៍​ថា លទ្ធផល​បណ្ដោះអាសន្ន​ដែល​បាន​ប្រកាស​នៅ​ពេល​នេះ គឺ​ជា​លទ្ធផល​ពិនិត្យ​ចុង​ក្រោយ​ដែល​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ដាក់​បង្ហាញ​ជូន​តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​បន្ថែម​ទៀត​មុន​នឹង​រៀបចំ​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប. ពិនិត្យ​សំរេច​ចេញ​ជា​លទ្ធផល​ផ្លូវការ។

លោក​ថា នៅ​ក្នុង​ការ​សរុប​នេះ មិន​មាន​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​ជំទាស់​នោះ​ទេ៖ «មក​ទល់​ពេល​ចប់​នេះ យើង​អត់​ឃើញ​មាន​គណបក្ស ឬ​ក៏ NGO អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​មក​ចូល​រួម​ក្នុង​ការ​ត្រួត​ពិនិត្យ​ហ្នឹង មិន​មាន​ការ​ជំទាស់​តវ៉ា អត់​មាន​ទេ​ដំណើរការ​យើង​រលូត»។

ចំណែក​ឯ​លេខាធិការ​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ទី មាន​ប្រសាសន៍​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ គឺ​ជា​លទ្ធផល​ដែល​មាន​ភាព​មិន​ប្រក្រតី និង​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០​% ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​ពួក​គាត់​មិន​បាន​បោះ​ឆ្នោត។ ប៉ុន្តែ​លោក​ថា បើ​តាម​លទ្ធផល​បណ្ដោះអាសន្ន​នេះ សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស សម រង្ស៊ី មាន​កើន​ឡើង​ចំនួន​ជាង ១០% បើ​ប្រៀបធៀប​ទៅ​នឹង​អាណត្តិ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​២។

លោក ស៊ុន ចន្ទី៖ «ពីព្រោះ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ពីព្រោះ​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​មាន​រូបភាព​អាក្រក់​ជា​ទីបំផុត ដោយសារ​មាន​ការ​គំរាមកំហែង មាន​ការ​ទិញ​ប្ដូរ​សន្លឹក​ឆ្នោត មាន​ការ​លួច​ចេញ​ទម្រង់​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ប្រើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ហើយ​និង​មាន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​យក​ទម្រង់ ១០១៨ ដែល​មិន​មាន​សុពលភាព​ទៅ​បោះ​ឆ្នោត»។

ដោយ​ឡែក​លេខា អង្គការ ខុមហ្រ្វែល (COMFREL) ប្រចាំ​ខេត្ត​កំពង់ធំ អ្នកស្រី រ៉ែន ម៉ាឌីណា បាន​កត់​សំគាល់​ឃើញ​ថា ការ​ផ្ទៀងផ្ទាត់​លទ្ធផល​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត និង​លទ្ធផល​នៃ​ក្រុម​អ្នក​សង្កេតការណ៍​ខុមហ្វ្រែល បាន​ទទួល គឺ​ឃើញ​ថា មាន​ភាព​ត្រឹមត្រូវ បើ​ទោះ​បី​នៅ​ថ្ងៃ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​មាន​ក៏ដោយ។

ចំណែក​នៅ​ឯ​ខេត្ត​ព្រៃវែង ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣​នេះ មាន​ឃុំ​សង្កាត់​សរុប​ចំនួន ១១៦​ឃុំ​សង្កាត់ និង​មាន​អាសនៈ​​សរុប​ចំនួន ៨៩២​អាសនៈ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រៃវែង គឺ​លោក ហួត ផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មិថុនា នេះ ថា លទ្ធផល​ក្រៅ​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នេះ គឺ​មាន​គណបក្ស​នយោបាយ​ចំនួន​៤ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ។

គណបក្ស​ទាំង​នោះ​គឺ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ១០៤​ឃុំ​សង្កាត់ និង​ទទួល​បាន​អាសនៈ​ចំនួន ៥៣២​អាសនៈ។ ទី​២ គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​បាន​ចំនួន ១០​ឃុំ និង ២០៥​អាសនៈ។ ទី​៣ គណបក្ស សម រង្ស៊ី ឈ្នះ​បាន​ចំនួន ២​ឃុំ និង ១៥១​អាសនៈ និង​ទី​៤ គណបក្ស នរោត្ដម រណឫទ្ធិ ឈ្នះ​បាន ៤​អាសនៈ។

តែ​យ៉ាង​ណា​ក៏ដោយ នេះ​គ្រាន់​ជា​លទ្ធផល​បណ្ដោះអាសន្ន​ក្រៅ​ផ្លូវការ​ប៉ុណ្ណោះ។ ចំពោះ​លទ្ធផល​ផ្លូវការ​នោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ពុំ​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល