លទ្ធផលបណ្ដោះអាសន្នបង្ហាញអោយឃើញថា គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តនេះចំនួន ៣៦៣អាសនៈ គណបក្ស សម រង្ស៊ី ទទួលបានអាសនៈ ១៥៨ គណបក្សហ្វុនស៊ិនប៉ិច បានទទួលអាសនៈ ៣៦ គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានអាសនៈ ១២ គណបក្សសិទ្ធិមនុស្សទទួលបានអាសនៈ ៨ និងគណបក្ស ៤ទៀត មិនទទួលបានអាសនៈណាមួយឡើយ។
គណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១២ អោយដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងឆ្នោតឈ្នះក្នុងតំណែងប្រធានក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៧៩ ក្នុងចំណោមឃុំសង្កាត់ទូទាំងខេត្តមានចំនួន ៨១។ គណបក្ស សម រង្ស៊ី ទទួលបានលំដាប់លេខ ២ ក្នុងនោះឈ្នះជាតំណែងប្រធានក្រុមប្រឹក្សាឃុំចំនួន ២ ចំពោះគណបក្ស ហ្វុនស៊ិនប៉ិច និងសិទ្ធិមនុស្ស ទទួលបានលំដាប់លេខ៣ តែមិនបានតំណែងប្រធានក្រុមប្រឹក្សាឃុំសង្កាត់ណាមួយទេ។
ការប្រកាសលទ្ធផលបណ្ដោះអាសន្នស្ដីពីការបោះឆ្នោតនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តកំពង់ធំ។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោក ប្រែង សាវុធ មានប្រសាសន៍ថា លទ្ធផលបណ្ដោះអាសន្នដែលបានប្រកាសនៅពេលនេះ គឺជាលទ្ធផលពិនិត្យចុងក្រោយដែលគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដាក់បង្ហាញជូនតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលជួយពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែមទៀតមុននឹងរៀបចំបញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. ពិនិត្យសំរេចចេញជាលទ្ធផលផ្លូវការ។
លោកថា នៅក្នុងការសរុបនេះ មិនមានគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជំទាស់នោះទេ៖ «មកទល់ពេលចប់នេះ យើងអត់ឃើញមានគណបក្ស ឬក៏ NGO អង្គការក្រៅរដ្ឋាភិបាលណាដែលមកចូលរួមក្នុងការត្រួតពិនិត្យហ្នឹង មិនមានការជំទាស់តវ៉ា អត់មានទេដំណើរការយើងរលូត»។
ចំណែកឯលេខាធិការគណបក្ស សម រង្ស៊ី ប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ទី មានប្រសាសន៍ថា លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះ គឺជាលទ្ធផលដែលមានភាពមិនប្រក្រតី និងមិនអាចទទួលយកបានទេ ដោយសារតែប្រជាពលរដ្ឋប្រមាណជាង ៥០% ដែលមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពួកគាត់មិនបានបោះឆ្នោត។ ប៉ុន្តែលោកថា បើតាមលទ្ធផលបណ្ដោះអាសន្ននេះ សំឡេងឆ្នោតគាំទ្ររបស់គណបក្ស សម រង្ស៊ី មានកើនឡើងចំនួនជាង ១០% បើប្រៀបធៀបទៅនឹងអាណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី២។
លោក ស៊ុន ចន្ទី៖ «ពីព្រោះការបោះឆ្នោតប្រព្រឹត្តទៅដោយមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពីព្រោះដំណើរនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅមានរូបភាពអាក្រក់ជាទីបំផុត ដោយសារមានការគំរាមកំហែង មានការទិញប្ដូរសន្លឹកឆ្នោត មានការលួចចេញទម្រង់លិខិតបញ្ជាក់អត្តសញ្ញាណប្រើការបោះឆ្នោតនៅថ្ងៃបោះឆ្នោត ហើយនិងមានអនុញ្ញាតអោយប្រជាពលរដ្ឋយកទម្រង់ ១០១៨ ដែលមិនមានសុពលភាពទៅបោះឆ្នោត»។
ដោយឡែកលេខា អង្គការ ខុមហ្រ្វែល (COMFREL) ប្រចាំខេត្តកំពង់ធំ អ្នកស្រី រ៉ែន ម៉ាឌីណា បានកត់សំគាល់ឃើញថា ការផ្ទៀងផ្ទាត់លទ្ធផលរបស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងលទ្ធផលនៃក្រុមអ្នកសង្កេតការណ៍ខុមហ្វ្រែល បានទទួល គឺឃើញថា មានភាពត្រឹមត្រូវ បើទោះបីនៅថ្ងៃបោះឆ្នោតមានភាពមិនប្រក្រតីមួយចំនួនកើតមានក៏ដោយ។
ចំណែកនៅឯខេត្តព្រៃវែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣នេះ មានឃុំសង្កាត់សរុបចំនួន ១១៦ឃុំសង្កាត់ និងមានអាសនៈសរុបចំនួន ៨៩២អាសនៈ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង គឺលោក ហួត ផាន មានប្រសាសន៍នៅថ្ងៃទី៧ មិថុនា នេះ ថា លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ នេះ គឺមានគណបក្សនយោបាយចំនួន៤ ដែលបានឈ្នះឆ្នោតនៅក្នុងខេត្តនេះ។
គណបក្សទាំងនោះគឺទី១ គណបក្សប្រជាជនកម្ពុជា ឈ្នះបាន ១០៤ឃុំសង្កាត់ និងទទួលបានអាសនៈចំនួន ៥៣២អាសនៈ។ ទី២ គណបក្សសិទ្ធិមនុស្សឈ្នះបានចំនួន ១០ឃុំ និង ២០៥អាសនៈ។ ទី៣ គណបក្ស សម រង្ស៊ី ឈ្នះបានចំនួន ២ឃុំ និង ១៥១អាសនៈ និងទី៤ គណបក្ស នរោត្ដម រណឫទ្ធិ ឈ្នះបាន ៤អាសនៈ។
តែយ៉ាងណាក៏ដោយ នេះគ្រាន់ជាលទ្ធផលបណ្ដោះអាសន្នក្រៅផ្លូវការប៉ុណ្ណោះ។ ចំពោះលទ្ធផលផ្លូវការនោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពុំទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។