បញ្ហា​ប្រឈម​ការ​ផ្គត់​ផ្គង់​ពូជ​ស្រូវ​បណ្ដា​ពី​អាជីវកម្ម​ផ្ដាច់​មុខ

ដោយ អាន ស៊ីថាវ
2014.05.29
អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក (ពីឆ្វេង) លោក ហ៊ាន វ៉ាន់ហន អគ្គនាយក​រង​នាយកដ្ឋាន​កសិកម្ម លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា / អគ្គនាយក និង​ជា​អភិបាល​ក្រុមហ៊ុន​សោម៉ាគ្រុប ចូលរួម​សិក្ខាសាលា​ពី​ការ​កែ​លម្អ​សង្វាក់​តម្លៃ​ស្រូវ​អង្ករ ដើម្បី​លើក​កម្ពស់ជីវភាព​កសិករ នា​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ(CKCC) នៅ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/An Sithav

អង្គការ​ក្រៅ​រដ្ឋាភិបាល​​និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​​​​ជា​ច្រើន​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៩ ឧសភា ថា សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា មិន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​ទីផ្សារ​អន្តរជាតិ។ ជាក់​ស្ដែង​បញ្ហា​ប្រឈម​​​របស់​ស្រូវ​​អង្ករ​នោះ រួម​មាន​​មូលដ្ឋាន​ផលិត​​ស្រូវ​របស់​កសិករ​​នៅ​ទន់​ខ្សោយ ការ​ផ្គត់​ផ្គង់​ពូជ​ស្រូវ​​​មាន​កម្រិត​ទាប និង​មាន​ការ​ផ្ដាច់​មុខ។

អ្នក​ជំនាញ​ផ្នែក​ស្រូវ​អង្ករ​បាន​លើក​​យក​បញ្ហា​ប្រឈម​ជា​ច្រើន​មក​ពិភាក្សា និង​ដោះស្រាយ​ជា​ចាំ​បាច់​រវាង​អ្នក​នាំ​ចេញ ម្ចាស់​រោង​ម៉ាស៊ីន​ និង​កសិករ ដើម្បី​ឈាន​ដល់​ការ​បង្កើត​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​​មួយ​ដែល​ខ្លាំង និង​អាច​ប្រកួត​ប្រជែង​​បាន នៅ​លើ​ទីផ្សារ​អន្តរជាតិ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​សំខាន់​​​មួយ​ចំនួន​​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​រួម​មាន បញ្ហា​បោះបង់​ចោល​ការ​ធ្វើ​កសិកម្ម​​ដោយសារ​តែ​ធ្វើ​មិន​ចំណេញ ទី​ពីរ ភាព​មិន​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​ផលិត​​ស្រូវ​ទៅ​កាន់​ទី​ផ្សារ​ចង់​បាន ទី​បី បញ្ហា​នេះ​​ការ​ប្រើប្រាស់​ពូជ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ជាដើម។ បញ្ហា​ទាំង​អស់​នេះ​​ គឺ​ជា​មូលដ្ឋាន​ធ្វើ​ឲ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណូល​ទាប ឬ​មិន​ចំណេញ។

«សំឡេង»

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​ឲ្យ​​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​មួយ​ឲ្យ​ខ្លាំង​បាន លុះ​ត្រា​ទាញ​យក​​​កសិករ​ឲ្យ​ក្លាយ​ជា​ដៃគូ​​សំខាន់។ ម៉្យាង​វិញ​ទៀត ការ​ផ្គត់ផ្គង់​ពូជ​សុទ្ធ​ល្អ​ គឺ​ជា​មូលដ្ឋាន​សំខាន់​បំផុត​នៅ​ក្នុង​ជំនួញ​ស្រូវ​អង្ករ។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធិវុធ មាន​ប្រសាសន៍​ថា បញ្ហា​​ចម្បង​​នៅ​ក្នុង​វិស័យ​​ផលិតកម្ម​ស្រូវ គឺ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​កសិករ ម្ចាស់​រោងម៉ាស៊ីន​ និង​អ្នក​នាំ​ចេញ។ ក្រៅ​ពី​នេះ កសិករ​ដែល​ផលិត​ស្រូវ​សល់​ពី​តម្រូវ​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ មាន​ចំនួន​តិច​ប៉ុណ្ណោះ។

«សំឡេង»

​អ្នក​វិភាគ​កសិកម្ម​បាន​សង្កេត​ឃើញ​ថា ការ​​លើក​កម្ពស់​មូលដ្ឋាន​ផលិត​ស្រូវ​ដើម្បី​ឲ្យ​កសិករ​មាន​ចំណូល​ខ្ពស់​នោះ គឺ​​អាស្រ័យ​លើ​ពូជ​ស្រូវ។ បច្ចុប្បន្ន​ កសិករ​ជា​ច្រើន​បាន​ប្រើប្រាស់​​ពូជ​រាប់​រយ​ប្រភេទ​​ ដែល​​មិន​ត្រូវ​នឹង​ទីផ្សារ​ចង់​បាន។ ម៉្យាង​វិញ​ទៀត ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​ពូជ​ស្រូវ​នៅ​កម្ពុជា មាន​ចំនួន​តិច​ និង​​ការ​ចែកចាយ​ពូជ​​​ហាក់​ជា​លក្ខណៈ​​ផ្ដាច់​មុខ ឬ​រួម​គ្នា​ផ្ដាច់​មុខ និង​កំណត់​​ថ្លៃ​ខ្ពស់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន​ចែក​ចាយ​ពូជ​ស្រូវ​អេគីប (AQIP) លោក សាក់ ជឿន មាន​ប្រសាសន៍​ថា តម្លៃ​ពូជ​ស្រូវ​​ខ្ពស់​ មិន​ឆ្លុះ​បញ្ចាំង​​​ថា​​កសិករ​ធ្វើ​កសិកម្ម​ខាត​នោះ​ទេ។ ការ​ប្រើប្រាស់​ពូជ​សុទ្ធ នឹង​បង្កើត​ទិន្នផល​ខ្ពស់​ និង​ត្រូវ​នឹង​ទីផ្សារ​ចង់​បាន។

«សំឡេង»

លោក សាក់ ជឿន មាន​​ប្រសាសន៍​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក គ្រោង​នឹង​ផ្គត់ផ្គង់​ស្រូវ​ពូជ​ចំនួន ៤​ពាន់​តោន​នៅ​​ក្នុង​ឆ្នាំ​២០១៤ ដែល​សមាមាត្រ​នឹង ១% ប៉ុណ្ណោះ នៃ​ទីផ្សារ​ស្រូវ​ពូជ​របស់​កម្ពុជា។

ក្រុមហ៊ុន​ចែកចាយ​ពូជ​ស្រូវ​នៅ​កម្ពុជា ទាំង​អស់ មាន​តិច​ជាង ១០​ក្រុមហ៊ុន ដែល​កំពុង​ប្រតិបត្តិការ​​អាជីវកម្ម​របស់​ខ្លួន ដែល​ក្រុមហ៊ុន​​នោះ​អាច​ផ្គត់ផ្គង់​​​ពូជ​ស្រូវ​បាន​បរិមាណ ១៥% នៃ​តម្រូវ​ការ​ទីផ្សារ។ ភាព​ខ្វះ​ខាត​នៃ​ការ​ផ្គត់ផ្គង់​ពូជ​ស្រូវ​នេះ នឹង​​ប៉ះពាល់​ដល់​គុណភាព​​ស្រូវ​សម្រាប់​នាំ​ចេញ ហើយ​​​ជីវភាព​កសិករ​នឹង​ធ្លាក់​​ចូល​ភាព​ក្រីក្រ​ដដែល ដោយសារ​តែ​ការ​ធ្វើ​កសិកម្ម​មិន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។