អាជ្ញាធរ​ដាក់​ឱសានវាទ​រុះរើ​សំណង់​ខុស​បច្ចេកទេស​នៅ​រតនគិរី

អាជ្ញាធរ​ខេត្ត​រតនគិរី ដាក់​ឱសានវាទ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បានលុង រុះរើ​សំណង់​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​សោភ័ណភាព​ទីក្រុង។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដាក់​បញ្ចូល​ក្រុង​បានលុង ទៅ​ជា​ទីក្រុង​ស្អាត​មួយ​នៅ​តំបន់​ភាគ​ឦសាន ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។
ដោយ រដ្ឋា វីសាល
2012-06-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ផ្ទះ​ប្រជាពលរដ្ឋ និង​សំណង់​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​ជាង ៣០០​ខ្នង នៅ​ក្នុង​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី នឹង​ត្រូវ​ធ្វើការ​រុះរើ​កែ​លំអ​ផ្នែក​ខ្លះ​ដែល​បង្ក​ផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​សោភ័ណភាព​ទីក្រុង។

អភិបាល​ក្រុង​បានលុង លោក លី វិន នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២ មាន​ប្រសាសន៍​បញ្ជាក់​ថា ផ្ទះល្វែង​និង​អាគារ​ដែល​ត​សំយាប ឬ​បិទ​បាំង​ធ្វើ​ជា​បន្ទប់​លយ​ចូល​មក​លើ​ដី​ចំណី​ផ្លូវ ឬ​សំណង់​ដែល​មាន​ខឿន​ចិញ្ចើម​ផ្លូវ​ខុស​ទៅ​នឹង​គោលការណ៍​សំណង់ ត្រូវ​ឲ្យ​រុះរើ និង​រៀបចំ​កែលំអ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា នេះ​ត​ទៅ។

លោក​បន្ត​ថា ទីក្រុង​បានលុង នឹង​ដាក់​បញ្ចូល​ទៅ​ជា​ទីក្រុង​ស្អាត​មួយ​នៃ​ប្រទេស​កម្ពុជា ឲ្យ​បាន​សំរេច​នា​ឆ្នាំ​២០១៥ ខាង​មុខ​នេះ៖ «យើង​ចង់​កាត់​តម្រង់​ជួរ​ឲ្យ​ស្អាត មិន​មែន​យើង​ដាច់​ខាត​ទេ ដាក់​ថ្ងៃ​ឱសានវាទ ២០​ថ្ងៃ លើក​ទី​មួយ។ លើក​ទី​ពីរ យើង​ដាក់ ៧​ថ្ងៃ ទៅ​យើង​នឹង​ចុះ​បាញ់​ថ្នាំ​ឲ្យ​គាត់»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ផ្សព្វផ្សាយ​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បានលុង ដោយ​ដាក់​ឱសានវាទ​រយៈពេល ២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​មាន​សំណង់​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​រុះរើ​ចេញ បើ​មិន​ដូច្នេះ​ទេ ក្រុម​សមត្ថកិច្ច​នឹង​ធ្វើ​ការ​រុះរើ។

ចៅ​សង្កាត់​ឡាបានសៀក លោក ញៀន តៃស៊ី មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​សង្កាត់​ឡាបានសៀក មាន​សំណង់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ជាង ២០០​គ្រួសារ​បន្ថែម​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុង​ទីក្រុង​បានលុង។

លោក​បន្ត​ថា ករណី​នេះ​ក្រុម​អាជ្ញាធរ​ក៏​នឹង​ចាត់​វិធានការ​រៀបចំ​សំណង់​ខុស​ច្បាប់​ទាំង​នោះ​ដូច​គ្នា ដើម្បី​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត៖ «លើក​មុន​ចៅហ្វាយ​ក្រុងៗ​ដាក់​ទៅ​អត់​មាន​ប្រសិទ្ធភាព។ កាល​ណា​យើង​ជូន​ដំណឹង​រួច​ហើយ បុគ្គល​ណា​រឹងរូស កាល​ណា​រុះរើ​ត្រូវ​ចេញ​សោហ៊ុយ​ឲ្យ​អ្នក​រុះរើ​ហ្នឹង​ហើយ។ សំណូមពរ​ទាល់​តែ​បង​ប្អូន​យើង​ទាំង​អស់​ហ្នឹង ធ្វើ​ម៉េច​ចូល​រួម​ចំណែក​ឲ្យ​ការងារ​សណ្ដាប់ធ្នាប់​ហ្នឹង​ឲ្យ​បាន​ស្អាត»

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​មួយ សង្កាត់​ឡាបានសៀក លោក ឈ ហ៊ួគ្រុយ សំដែង​ការ​គាំទ្រ​គំរោង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​កែលំអ​សោភ័ណភាព​ក្រុង​បានលុង​នេះ។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​វិធានការ​នេះ​ប្រកប​ដោយ​តម្លាភាព និង​ស្មើ​ភាព​គ្នា​ដោយ​កុំ​មាន​រើស​អើង៖ «បើ​វា​យុត្តិធម៌​ទាំង​អស់​គ្នា ខ្ញុំ​គាំទ្រ ផ្ទះ​គេ​ក៏​រុះ​ផ្ទះ​យើង​ក៏​រុះ​ស្មើ​ភាព​គ្នា។ បើ​ផ្ទះ​យើង​រុះ​ផ្ទះ​គេ​នៅ អត់​គាំទ្រ​ដែរ»

​​ចំណែក​អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន​មួយ​ចំនួន​សុទ្ធ​តែ​មាន​លំនៅឋាន​ខុស​លក្ខណៈ​បច្ចេកទេស ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ហេតុ​នេះ​លោក​យល់​ថា មន្ត្រី​ទាំង​នោះ​គួរ​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដើម្បី​រួម​ចំណែក​ប្រែក្លាយ​ក្រុង​បានលុង ទៅ​ជា​ទីក្រុង​ស្អាត។

លោក ប៉ែន ប៊ុណ្ណារ៍៖ «ជា​ការ​រៀបចំ​មួយ​ត្រូវ​តែ​ធ្វើ យើង​ទាមទារ​ថា ត្រូវ​តែ​មាន​ជា​និរន្ត​ត​ទៅ ដើម្បី​ជា​ទម្លាប់​មួយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទទួល​យក​សណ្ដាប់ធ្នាប់​អ៊ីចឹង​រហូត​ទៅ ហើយ​បើ​សិន​លើកលែង​ផ្ទះ​អ្នក​នេះ អ្នក​នោះ អា​ហ្នឹង​វា​បរាជ័យ​ដូច​កន្លង​មក។ វប្បធម៌​ហ្នឹង​ត្រូវ​តែ​បំបាត់​ចោល»

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ អាជ្ញាធរ​ក្រុង​បានលុង នឹង​ចូល​រួម​ចុះ​ហត្ថលេខា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ដាក់​បញ្ចូល​ក្រុង​បានលុង ប្រឡង​ប្រណាំង​ជា​ទីក្រុង​ស្អាត គ្មាន​សំរាម​ថង់ប្លាស្ទិក គ្មាន​សំយាប​ផ្ទះ ឬ​សង់​ផ្ទះ​លើ​ដី​ចំណី​ផ្លូវ មាន​ចិញ្ចើម​ថ្នល់​រាប​ស្មើ​គ្នា​មាន​របៀបរៀបរយ និង​ជា​ទីក្រុង​សម្បូរ​ទៅ​ដោយ​សួន​ច្បារ និង​រុក្ខជាតិ​ពណ៌​បៃតង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល