បុរសអ្នកភូមិឈ្មោះ ជា សុផល ជាប្រជាពលរដ្ឋនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ សីហា ថា កាលពីយប់ថ្ងៃទី១៩ សីហា ចោរបានលួចគោដែលគាត់បានចងទុកនៅឯដីស្រែគាត់ នៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ។ លុះព្រឹកឡើង គាត់ដើររកតាមស្នាមជើង និងដានដែលចោរបានបន្សល់ទុក ក៏ប្រទះឃើញក្បាលស្នែង និងគ្រឿងក្នុងគោ ដែលពួកចោរបានបន្សល់ទុក នៅឯតំបន់ព្រៃមួយកន្លែង នៃឃុំមេលំ ស្រុកបរិបូណ៌។
លោក ជា សុផល៖ «វាយកមកធ្វើឃាត និងវះអីនៅចំណុចភូមិទួលរកា ឃុំមេលំ។ ខ្ញុំគ្រាន់តែចង់ប្រាប់ទៅខាងសមត្ថកិច្ចថា ឲ្យជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង និងប្រុងប្រយ័ត្ន។ ហើយខ្ញុំចង់ឲ្យសមត្ថកិច្ចជួយពង្រឹងសុវត្ថិភាពភូមិ-ឃុំ និងសង្គមទាំងមូលផង»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គោក្របីរបស់អ្នកភូមិបានបាត់ជាបន្តបន្ទាប់ រយៈពេលប្រមាណ១ខែកន្លងមកនេះ។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅឃុំព្រៃមូល ស្រុករលាប្អៀរ អ្នកស្រី មាស សុភ័ណ សម្ដែងក្ដីកង្វល់ចំពោះបញ្ហាចោរកម្មលួចទ្រព្យសម្បត្តិ គោក្របី របស់អ្នកភូមិ។ អ្នកស្រីសំណូមពរឲ្យអាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធ ជួយធ្វើយ៉ាងណាទប់ស្កាត់បញ្ហានេះឲ្យបានល្អ ទើបប្រជាពលរដ្ឋមានអារម្មណ៍នឹងនក្នុងការរកស៊ី៖ «ប្រជាពលរដ្ឋយើងនៅខេត្តកំពង់ឆ្នាំង ភាគច្រើនមានរបរធ្វើស្រែចម្ការ យើងមានការព្រួយបារម្ភពីបញ្ហាការបាត់គោក្របី»។
កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ ជនល្មើសបានលួចគាស់ផ្ទះអ្នកភូមិឈ្មោះ យឹម ពៅ អាយុ៥៦ឆ្នាំ នៅឃុំស្រែថ្មី ចូលលួចទ្រព្យសម្បត្តិគាត់គ្មានសល់ តែពួកនេះពុំអាចវាយបំបែកទូដែកយកវត្ថុមានតម្លៃពីក្នុងទូនោះបានទេ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រស្និប លោក កែវ គឹមឡុង សុំមិនធ្វើការបំភ្លឺចំពោះបញ្ហានេះទេ ដោយលោកជំរុញឲ្យសួរទៅលោកអធិការនគរបាលស្រុករលាប្អៀរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអធិការនគរបាលស្រុករលាប្អៀរ គឺលោក សឹង វិសិដ្ឋ បានទេ នៅរសៀលថ្ងៃទី២០ សីហា ដោយលោកមានប្រសាសន៍ថា លោកជាប់រវល់។
យ៉ាងនេះក្ដី កន្លងទៅលោកអធិការធ្លាប់បានពន្យល់ថា អាជ្ញាធរប៉ូលិសកំពុងស្រាវជ្រាវបណ្ដាញជនល្មើសទាំងនេះយ៉ាងសកម្ម។ ហើយលោកសង្ឃឹមថា អាចនឹងបង្ក្រាបបានក្នុងពេលឆាប់ៗនេះ។
ចំពោះវិធានការការពារវិញ លោកថាកម្លាំងប៉ូលិសបានសហការជាមួយកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារយាមកាមយ៉ាងតឹងរ៉ឹង៖ «យើងកំពុងមានវិធានការជាបន្តបន្ទាប់ ជាពិសេស គឺបំផុសឲ្យប្រជាពលរដ្ឋគាត់ចូលរួមក្នុងការការពារផ្ទះគាត់ផង។ កន្លងទៅ ចោរលួចគាស់តែផ្ទះណាដែលម្ចាស់មិននៅ។ ម្យ៉ាងទៀត យើងក៏បានរាយការណ៍ជូនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមសហការជាមួយយើងដែរ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ការពារសិទ្ធិមនុស្ស ខេត្តកំពង់ឆ្នាំង គឺលោក សំ ច័ន្ទគា មានប្រសាសន៍ថា អំពើលួចប្លន់ភាគច្រើន កើតចេញពីកត្តាគ្រឿងញៀន ភាពអត់ការងារធ្វើ និងភាពក្រីក្រ ពិសេសគឺភាពទន់ជ្រាយក្នុងការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។