ពាក់ព័ន្ធការត្អូញត្អែរនោះ លោក ជា សំបូរ ម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានអះអាងថា ដោយសារទឹកស្រះ សម្រាប់ផ្គត់ផ្គង់ទឹកនោះ បានរីងទឹកអស់ និងកំពុងស្ដារបន្ថែម គាត់បានបើកទឹកអណ្ដូងចែកជូនអតិថិជន ដែលបានជាវទឹកស្អាតយកទៅប្រើប្រចាំថ្ងៃបានខ្លះៗប៉ុណ្ណោះ៖ «ព្រោះអត់ទឹក ព្រោះទឹកស្រះវាអស់ ព្រោះនៅតំបន់នេះវាអត់ទឹក ខ្ញុំត្រូវការជីកស្រះ ដើម្បីស្តុកទឹកដើម្បីចែកចាយ ហើយដល់ពេលឆ្នាំនេះ វារាំងស្ងួតខ្លាំងពេក ទឹកផ្គត់ផ្គង់អត់គ្រប់ អ៊ីចឹងអត់ប្រហែលជាកន្លះខែ តែនៅមានទឹកអណ្ដូង ខ្ញុំផ្គត់ផ្គង់បាន១ថ្ងៃមួយដងដែរ ចេញនៅពេលប្រហែលជាម៉ោង៤ទៅម៉ោង៥ល្ងាចអីចឹង។ ហើយស្រះនោះ ខ្ញុំស្ដារជីកជារាល់ឆ្នាំ តែវានៅតែមិនគ្រប់ មិនមែនអត់ទឹកទេ គឺអស់ទឹកសម្រាប់ផ្គត់ផ្គង់»។
លោក ជា សំបូរ ឲ្យដឹងថា គាត់បានធ្វើអាជីវកម្មទឹកស្អាត នៅក្នុងស្រុកអង្គតាសោម នេះ ជាង៦ឆ្នាំមកហើយ។ អាជីវកម្មទឹកស្អាតនេះ បានផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងអស់ជាង២០០ម៉ែត្រគូបក្នុង១ថ្ងៃ។ នៅរដូវវស្សា បានផ្គត់ផ្គង់ទឹកស្អាតអស់ជាង១០០ម៉ែត្រគូបក្នុង១ថ្ងៃ សម្រាប់ឲ្យអតិថិជនក្នុងទីប្រជុំជនអង្គតាសោម ដែលជាវទឹកស្អាតយកទៅប្រើ។
ពេលប្រទេសកំពុងអភិវឌ្ឍ គេឃើញប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន ខេត្ត-ក្រុង និងជនបទ កាន់តែច្រើន និយមប្រើទឹកស្អាត បន្ថយការប្រើប្រាស់ទឹកពាង ឬទឹកភ្លៀង ដើម្បីរក្សាសុខភាព និងលើកដំកើងកម្រិតជីវភាពរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។