ពិធីសម្ពោធន៍ការដ្ឋានសាងសង់ស្ពានប្រវែងជិត ១គីឡូម៉ែត្រភ្ជាប់កោះពស់មកកាន់ដីគោកនៅឆ្នេរសមុទ្រក្រុងព្រះសីហនុនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
យោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក អេ.ភី. ក្រុមវិនិយោគកោះពស់នេះជាក្រុមរបស់ពួកអាជីវកររុស្ស៊ីហើយ គម្រោងបណ្តាក់ទុនអភិវឌ្ឍកោះពស់ មានតម្លៃរួម ៤៧២លានដុល្លារ ដែលកើនឡើងយ៉ាងច្រើនពីការប្រកាសកាលពីឆ្នាំ២០០៦ថា គម្រោងនឹងមានតម្លៃ ៣០០លានដុល្លារនោះ ។
លោក Alexey Chepa អ្នកកាន់កាប់ក្រុមហ៊ុនមួយរូបបានឲ្យដឹងថា ការវិនិយោគកោះពស់នេះនឹងបង្កើតឲ្យមានតំណែងការងារសម្រាប់ប្រជាជនទាំងអស់ ២៥.០០០នាក់ ។
ដៃគូម្នាក់របស់ក្រុមហ៊ុននេះ គឺ Alexander Trofimov បានត្រូវអាជ្ញាធរប្តឹង ហើយចាប់ដាក់គុករយៈពេល ១៣ឆ្នាំ ពីបទថា បានរំលោភផ្លូវភេទលើក្មេងស្រីអាយុ ១៤ឆ្នាំ ។
ជនរូបនេះបានត្រូវចាប់ កាលពីខែតុលា ឆ្នាំទៅមិញ បន្ទាប់ពីត្រូវគេចោទប្រកាន់ថា បានរំលោភក្មេងស្រីដល់ទៅ ១៩នាក់ ចាប់តាំងពីឆ្នាំ២០០៥ មក ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ស្ពានកោះពស់នឹងត្រូវចំណាយប្រាក់ ៣១លាន៣សែនដុល្លារ និងចំណាយពេលរហូតដល់ចុងឆ្នាំ២០១០ ទើបហើយស្រេច ។
លោកថា ស្ពាននេះនឹងជួយអភិវឌ្ឍកោះពស់ឲ្យក្លាយទៅជាទីកម្សាន្តមួយថ្នាក់ពិភពលោក ។
ខាងលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ីវិញ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរបន្ទីបន្ទាន់បើកគម្រោងកោះពស់នេះទេ គួរតែប្រើពេលឲ្យបានច្រើនស៊ើបអង្កេត ពីប្រភពដើមរបស់ក្រុមហ៊ុននេះសិន ក្រោយដែលមានដៃគូម្នាក់ ជាប់គុកជាប់ច្រវាក់របៀបនេះ ។
លោកថា រដ្ឋាភិបាលគួរតែបើកចំហឲ្យកាន់តែទូលាយ អំពីវិធីភ្ជាប់កិច្ចសន្យាជាមួយពួករុស្ស៊ីនេះ ៕
