ការតវ៉ានេះធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១២ នៅមុខទីស្នាក់ការសេវាកម្មផ្គត់ផ្គង់ថាមពលអគ្គិសនីស្រុកសៀមប៉ាង ក៏ប៉ុន្តែមិនមានដំណោះស្រាយយ៉ាងណានោះទេ។
ប្រធានភូមិសៀមប៉ាង លោក សិត សំផន មានប្រសាសន៍បញ្ជាក់ថា ម្ចាស់អាជីវកម្មផ្គត់ផ្គង់ថាមពលអគ្គិសនីប្រចាំស្រុក បានដំឡើងថ្លៃថាមពលអគ្គិសនីពី ៣.០០០រៀល ដល់ ៣.៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងនៅពេលបច្ចុប្បន្ន ហេតុនេះប្រជាពលរដ្ឋអ្នកប្រើប្រាស់បានប្រតិកម្មថា ការដំឡើងថ្លៃនេះ ជាបន្ទុកធ្ងន់ប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជាពិសេសនាឡិកាកំណត់កម្រិតប្រើប្រាស់ថាមពលក៏មានភាពមិនប្រក្រតីច្រើន។
លោកបន្តថា កិច្ចសន្យារបស់ម្ចាស់អាជីវកម្មផ្គត់ផ្គង់ថាមពលអគ្គិសនី និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ គឺមានកម្រិត ៣ពាន់រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ហេតុនេះការឡើងថ្លៃហួសកម្រិតទើបប្រជាពលរដ្ឋធ្វើការតវ៉ា៖ «ឥឡូវទាមទារយកតម្លៃ ៣.០០០ហ្នឹង ហើយអាគីឡូហ្នឹងអ្នកខ្លះថា ចង់ទិញដាក់ថ្មីឲ្យត្រឹមត្រូវទៅ ព្រោះគេប្រើមានកំណត់របស់គេដែរ។ ឧទាហរណ៍គេប្រើបួនប្រាំអំពូលថាអស់ច្រើន ដល់ក្រោយគេប្រើមួយអំពូលពីរអំពូល អាតម្លៃប្រាក់វានៅដដែល»។
នៅស្រុកសៀមប៉ាង ការចែកចាយថាមពលអគ្គិសនីធ្វើឡើងតាមរយៈក្រុមហ៊ុនឯកជនដែលប្រើប្រាស់ម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីលក់ចែកជូនប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ តាមកិច្ចសន្យារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោមអាជ្ញាប័ណ្ណអនុញ្ញាត និងត្រួតពិនិត្យពីអាជ្ញាធរអគ្គិសនី។
ម្ចាស់អាជីវកម្មចែកចាយថាមពលអគ្គិសនីស្រុកសៀមប៉ាង លោក ម៉ាត់ សំណាង មានប្រសាសន៍ទទួលស្គាល់ថា លោកពិតជាបានដំឡើងថ្លៃថាមពលអគ្គិសនីដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ។
លោកបន្តថា ចំពោះនាឡិកាកំណត់កម្រិតប្រើប្រាស់ លោកបានបើកទូលាយឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ត្រួតពិនិត្យបានគ្រប់ពេលវេលា៖ «ខ្ញុំសូមជម្រាបលោកត្រង់ចុះ បើថ្ងៃណាប្រេងចុះ ខ្ញុំចុះតាមប្រេងហ្នឹងដែរ។ ខ្ញុំប្រជាធិបតេយ្យណាស់ ខ្ញុំសេរីណាស់ ពេលណាគេមកសួរថា មើល៍! សុំមើលលេខកុងទ័រ ពេលខ្ញុំចុះកត់អ៊ីចឹងណា! ខ្ញុំថាអត់បញ្ហាទេ មកមើលមកចង់ដឹងយើងអស់ប៉ុន្មានៗ»។
អភិបាលរងស្រុកសៀមប៉ាង លោក ស សុផល មានប្រសាសន៍បញ្ជាក់ថា លោកបានអន្តរាគមន៍ឲ្យប្រជាពលរដ្ឋអ្នកតវ៉ាវិលត្រឡប់ទៅលំនៅឋានវិញ ដើម្បីអាជ្ញាធរស្រុកអញ្ជើញភាគីពាក់ព័ន្ធជួបប្រជុំគ្នាដោះស្រាយបញ្ហានៅដើមសប្ដាហ៍ក្រោយ៖ «ប្រជាពលរដ្ឋគាត់បានមកតវ៉ារឿងអគ្គិសនីហ្នឹងហើយ ខ្ញុំបានជម្រាបជូនបងប្អូនវិញថា ឲ្យបងប្អូនហ្នឹងអញ្ជើញថ្ងៃច័ន្ទ មកជួបជុំគ្នាមក ព្រោះយើងមានភូមិ ឃុំ ស្រុក អ៊ីចឹងណា! ចាំមកសាលាស្រុកមក ហើយចាំយើងជួយសម្រុះសម្រួលពួកគាត់។សំខាន់ខាងអាជ្ញាធរអគ្គិសនីដែលលោកដឹងច្បាស់ការងារហ្នឹង ហើយគាត់សម្រុះសម្រួលយ៉ាងម៉េច»។
នៅខេត្តស្ទឹងត្រែង ក្រុមហ៊ុនអគ្គិសនីកម្ពុជា បានទិញថាមពលអគ្គិសនីពីប្រទេសឡាវ សំរាប់ចែកចាយប្រជាពលរដ្ឋនៅទីរួមខេត្ត និងស្រុកសេសាន ក្នុងបរិមាណប្រើប្រាស់ប្រមាណ ៥០ ទៅ ៦០គីឡូវ៉ាត់ និងមានតំលៃប្រើប្រាស់ ៩៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងប្រៀបធៀបតម្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់សេវាកម្មអគ្គិសនី ឯកជនក្នុងទីរួមខេត្តកន្លងទៅនេះ គឺមានតំលៃ ១.៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។