អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់

ដោយ អ៊ុក សាវបូរី
2015.01.18
បូម​ខ្សាច់ ភ្នំពេញ ៦២០ សកម្មភាព​កាណូត​បូម​ខ្សាច់​នៅ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

កាណូត​បូម​ខ្សាច់​នៅ​ពេល​យប់ ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​បន្ត​សកម្មភាព​បូម​ជា​ដដែល បើ​ទោះ​បីជា​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា កិច្ច​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​រវាង​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខេត្ត​កណ្ដាល នៅ​មិន​ទាន់​រឹត​បន្តឹង​ខ្លាំងក្លា​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្ត​កណ្ដាល នឹង​រឹត​បន្តឹង​ការ​សហការ​ដើម្បី​បង្ក្រាប​បទល្មើស​បូម​ខ្សាច់ ខណៈ​កាណូត​បូម​ខ្សាច់​ច្រើន​គ្រឿង​នៅ​បន្ត​លួច​បូម​នៅ​ពេល​យប់​ក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។

ចៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ លោក លីវ វណ្ណថេង ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៥ ថា ស្ទើរ​រាល់​យប់​កាណូត​ធំៗ បាន​លួច​ចូល​បូម​ខ្សាច់​ក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី។ អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​បាន​ចុះ​ទូត​ដើម្បី​ចាប់ ត្រូវ​ពួក​នោះ​បើក​កាណូត​បូម​ខ្សាច់​ចូល​ក្នុង​ទឹកដី​​នៃ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​នៅ​ទល់​មុខ​សង្កាត់​ព្រែក​ថ្មី​នេះ ទើប​មិន​អាច​ចាប់​កាណូត​ល្មើស​​បាន​ភ្លាមៗ៖ «វា​មាន​តែ​ពួក​ក្រុម​លួច​ឆ្មក់ ហើយ​យើង​បាន​បង្ក្រាប​ជា​រឿយៗ រហូត​ដែរ។ ជាក់ស្ដែង ព្រឹក​មិញ​យើង​គ្រាន់​តែ​ទទួល​បាន​ព័ត៌មាន យើង​បញ្ចេញ​អូប័រ​ទៅ​ចាប់ វា​អែប​ទៅ​ខាង​ខេត្ត​កណ្ដាល បាត់​ទៅ។ វា​នៅ​បន្ត​មាន​បៅ​ស្រុក​តាខ្មៅ តែម្ដង ហើយ​មួយ​កង់​ទៀត​នៅ​ខាង​ស្រុក​ស្អាង ហើយ​ឥឡូវ​ខ្ញុំ​បាន​បង្ក្រាប​ជាក់ស្ដែង​ហើយ បទល្មើស​ជាក់ស្ដែង គ្រាន់​តែ​យើង​បាន​ចេះ​អូប័រ​ទៅ​វា​ចូល​ខាង ហើយ​ឥឡូវ​វា​អត់​ហ៊ាន​ចេញ​ទេ»

ការ​ដេញ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល កាល​ពី​ថ្ងៃ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ អភិបាល​ខេត្ត​កណ្ដាល និង​អភិបាល​ខេត្ត​ព្រៃវែង មិន​ឲ្យ​មាន​ការ​បូម​ខ្សាច់​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​ពីរ​នោះ​នៅ​ក្នុង​ភូមិសាស្ត្រ​ដែល​បាន​កំណត់​ព្រំដែន​នៅ​ទន្លេ​មេគង្គ​ក្រោម ទន្លេ​មេគង្គ​លើ និង​ទន្លេបាសាក់។

ពាក់ព័ន្ធ​កាណូត​បូម​ខ្សាច់ បើក​កាណូត​ចូល​ទឹកដី​ខេត្ត​កណ្ដាល ដើម្បី​គេច​ពី​ការ​តាម​ចាប់​កាណូត​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​អភិបាល​ខេត្ត​កណ្ដាល លោក ម៉ៅ ភារុណ ថ្លែង​ថា ពិត​ជា​មាន​កាណូត​លួច​បូម​ខ្សាច់​ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល នៅ​ពេល​យប់ បាន​កើត​ឡើង​ញឹកញាប់​មែន។ លោក​ថា ករណី​នេះ​ដោយសារ​ទឹកដី​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​ក្នុង​ទន្លេ​តែមួយ។ លោក​ថា នឹង​ពង្រឹង​ការ​សហការ​បង្ក្រាប​បទ​ល្មើស​បូម​ខ្សាច់​របស់​អាជ្ញាធរ​ទាំង​២ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដើម្បី​ចាប់​កាណូត​ល្មើស​បូម​ខ្សាច់​ឲ្យ​ទាន់​ហេតុការណ៍​ទោះ​បី​សកម្មភាព​បង្ក​នៅ​​ពេល​យប់​ក៏ដោយ៖ «កើត​រឿង​អត់​ច្បាប់ ដល់​អ៊ីចឹង​វា​ធ្វើ​តែ​នៅ​ក្នុង​ពេល​យប់ ចន្លោះ​ប្រហោង ពួក​នឹង​ឆ្លៀត អា​ហ្នឹង​ខ្ញុំ​ទទួល​ស្គាល់​បញ្ហា​ហ្នឹង ហើយ​ខ្ញុំ​បាន​ចាត់​វិធានការ​ហើយ។ អ្វី​ដែល​វា​អត់​មាន ច្បាប់​គឺ​ត្រូវតែ​បញ្ចប់​អត់​មាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម រួម​ទាំង​នៅ​ទន្លេ​មេគង្គលើ មេគង្គក្រោម ទន្លេ​បាសាក់ ទន្លេសាប អា​ហ្នឹង​គឺ​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល អ្នក​ដែល​អត់​មាន​ច្បាប់ គឺ​មិន​អនុញ្ញាត​បន្ត​ទៀត​ទេ»

​បញ្ហា​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​នេះ​ដែរ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ប្រឹងប្រែង​សហការ​បង្ក្រាប​បទល្មើស​បូម​ខ្សាច់​ជាមួយ​អាជ្ញាធរ​ខេត្ត​កណ្ដាល ព្រោះ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ ទាំង​មូល ក្រសួង​រ៉ែ​និង​ថាមពល ប្រកាស​​មិន​ឲ្យ​មាន​ការ​បូម​ខ្សាច់​ទេ៖ «ព្រោះ​អី​តាម​ខ្ញុំ​ដឹង គឺ​ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល បាន​សហការ​គ្នា​ហើយ​ថា មិន​ឲ្យ​មាន​ទេ ដូច្នេះ​ទោះ​បី​គេច​ចេញ​ពី​ភ្នំពេញ ទៅ​តាខ្មៅ ក៏​យើង​មិន​ឲ្យ​ដែរ ពីព្រោះ​នៅ​ក្នុង​ខេត្ត​កណ្ដាល ក៏​មិន​អនុញ្ញាត​ដែរ»

​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ល្វាឯម ស្រុក​កោះធំ ស្រុក​ស្អាង ក្នុង​ខេត្ត​កណ្ដាល អះអាង​ដូចគ្នា​ថា កាណូត​ច្រើន​គ្រឿង​បើក​មក​ពី​ប្រទេស​វៀតណាម ចត​ក្នុង​ទឹក​ទន្លេ​មេគង្គ នៅ​ពេល​ថ្ងៃ ប៉ុន្តែ​​នៅ​ពេល​យប់ បាន​ធ្វើ​សកម្មភាព​លួច​បូម​ខ្សាច់។ ពួកគាត់​បន្ត​ថា បើ​សិន​អាជ្ញាធរ​ខេត្ត​កណ្ដាល និង​​រាជធានី​ភ្នំពេញ មាន​ចេតនា​រឹត​បន្តឹង​ករណី​លួច​បូម​ខ្សាច់​មែន គួរ​ចាប់​កាណូត​សំចត​នៅ​ក្នុង​ទន្លេ អូស​យក​ទៅ​ទុក ទើប​មិន​មាន​សកម្មភាព​លួច​បូម​ខ្សាច់​នៅ​ពេល​យប់​បន្ត​ទៀត។

​កាលពី​ថ្ងៃ​៥ ខែ​មករា ឆ្នាំ​២០១៥ គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់ បាន​ឃាត់ទុក​កាណូត​បូម​ខ្សាច់​ចំនួន ១៩​គ្រឿង ចត​បូម​យក​ខ្សាច់​គគ្រឹកគគ្រេង មុខ​ព្រះបរមរាជវាំង និង​នៅ​ជ្រោយចង្វារ ក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ ក្រោយ​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ផ្ញើ​លិខិត​រំលឹក​​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រៃវែង ឲ្យ​ទប់ស្កាត់​បទល្មើស​បូម​ខ្សាច់ និង​អាជីវកម្ម​ខ្សាច់ ហើយ​សូម​ឲ្យ​ចាប់​ផ្ដន្ទាទោស​ជនល្មើស​តាម​មាត្រា​៣៥ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​
​អាជីវកម្ម​ធនធាន​រ៉ែ ព្រោះ​អតីត​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល បាន​ប្រកាស​និរាករណ៍​រាល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទាំង​អស់​ក្នុង​តំបន់​ទន្លេបាសាក់ ទន្លេ​មេគង្គក្រោម និង​ទន្លេ​មេគង្គលើ ហាម​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ទន្លេ​ទាំង​៣​នោះ តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។