លោក សុង ថេង ដែលអះអាងថា ជាមនុស្សស្និតនឹងលោក គួច ប៊ុនលាភ ជាអតីតម្ចាស់អាជីវកម្មបូមខ្សាច់នៅឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល បញ្ជាក់នៅថ្ងៃទី៥ កញ្ញា ថា ការពិតក្រុមហ៊ុនរបស់លោក គួច ប៊ុនលាភ ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់នោះ ត្រូវបានបញ្ចប់កុងត្រាជាមួយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ចាប់តាំងពីខែឧសភា ឆ្នាំ២០១២ មក ហើយក៏ពុំមានសកម្មភាពនៃការបូមខ្សាច់ទៀតនោះដែរ។
លោក សុង ថេង៖ «យកឯកសារហ្នឹងឲ្យបងជួយកែលម្អ ដូចថា គាត់ហ្នឹងឈប់យូរហើយ អត់មានពាក់ព័ន្ធនឹងគាត់ទៀតទេអារឿងបូមខ្សាច់បូមអីហ្នឹងណាបង។ ក្រសួងបានប្រកាសតាំងពីថ្ងៃ៤ ឧសភា ណោះ ថា ឈប់ពាក់ព័ន្ធរឿងបូមខ្សាច់ តែរកស៊ីជាមួយគាត់ហ្នឹង គឺអើគាត់ចេះតែប្រព្រឹត្តរាល់ថ្ងៃអ៊ីចឹងទៅ ហើយអ៊ីចឹងវាប៉ះពាល់ដល់កិត្តិយសគាត់ ហើយគាត់គ្រាន់តែឲ្យខ្ញុំយកឯកសារជូនបង ឲ្យបងមើលថា គាត់អត់មានជាប់ពាក់ព័ន្ធនឹងអាហ្នឹងទេ កុំឲ្យផ្សាយចេញឈ្មោះគាត់។ រាល់ថ្ងៃហ្នឹង គឺឈ្មោះ ឃី បាទហើយដល់ពេលឥឡូវ អ្នកហ្នឹងអើ ឃី ហើយឈ្មោះ ធារិទ្ធ ទេ គាត់នៅតែបូមរាល់ថ្ងៃ បើទោះបីគេប្ដឹងអីអ៊ីចឹង ហើយនៅតែជាប់ឈ្មោះឯកឧត្ដម គួច ប៊ុនលាភ»។
ការប្រតិកម្មរបស់តំណាងអតីតក្រុមហ៊ុនបូមខ្សាច់ គួច ប៊ុនលាភ នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋនៅភូមិចំនួនពីរ គឺភូមិកណ្ដាលកោះអន្លង់ចិន និងភូមិក្បាលកោះអន្លង់ចិន ស្ថិតក្នុងស្រុកស្អាង ចោទប្រកាន់ថា ធ្វើឲ្យមានផលប៉ះពាល់លើដីចម្ការរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
