អ្នក​ភូមិ​នៅ​ស្រុក​ស្អាង​ចោទ​ក្រុមហ៊ុន​បូម​ខ្សាច់​ថា​ធ្វើ​ឲ្យ​បាក់​ដី​ចម្ការ​ពួក​គាត់

អ្នក​ភូមិ​ចំនួន​ពីរ​ភូមិ ស្ថិត​នៅ​ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្ដាល អះអាង​ថា ក្រុមហ៊ុន​ចំនួន​ពីរ កំពុង​បូម​ខ្សាច់​ធ្វើ​ឲ្យ​បាក់​ដី​ចម្ការ​របស់​ពួក​គាត់។
ដោយ វិជ័យ អានន្ទ
2012-09-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ភូមិ​ឈ្មោះ លោក ម៉ាក ម៉េងគា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១២ ថា ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​ច័ន្ទ ឫទ្ធិស័ក្ដិ និង​ក្រុមហ៊ុន​គួច ប៊ុនលាភ។ ក្នុង​បណ្ដា​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ក្រុមហ៊ុន​ច័ន្ទ ឫទ្ធិស័ក្ដិ កំពុង​បូម​ខ្សាច់​នៅ​ភូមិ​កណ្ដាល​កោះ​អន្លង់ចិន។ ចំណែក​ឯ​ក្រុមហ៊ុន​គួច ប៊ុនលាភ កំពុង​បូម​នៅ​ក្បាល​កោះ​អន្លង់ចិន។

លោក ម៉ាក ម៉េងគា បាន​ចោទ​ថា ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ កំពុង​ធ្វើ​ឲ្យ​ដី​ចម្ការ​របស់​អ្នក​ភូមិ​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ ដោយ​សារ​ក្រុមហ៊ុន​ទាំង​នោះ​បូម​ខ្សាច់​មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​បាន​កំណត់ ព្រោះ​ក្រុមហ៊ុន​នេះ​តែង​លួច​ចូល​បូម​ក្បែរៗ​ច្រាំង​ទន្លេ នៅ​ពេល​យប់ ដែល​ធ្វើ​ឲ្យ​ដី​ច្រាំង​បាក់​ធ្លាក់។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក​លើក​ឡើង​បន្ត​ថា ដី​ចម្ការ​របស់​អ្នក​ភូមិ​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ភូមិ​ក្បាលកោះ។ ចាប់​តាំង​ពី​ក្រុមហ៊ុន​ចុះ​មក​បូម​ខ្សាច់​នោះ កោះ​ចំនួន​ពីរ គឺ​កោះ​រាំង និង​ក្បាល​កោះ​ស្នេហ៍ ដែល​ជា​តំបន់​ទេសចរណ៍ តែង​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​នោះ បាន​បាក់​ធ្លាក់​ចូល​ទន្លេ​បាត់​អស់​ហើយ៖ «ហើយ​នៅ​ភូមិ​ក្បាល​កោះ​ហ្នឹង ទទួល​ឥទ្ធិពល​ខ្លាំង​ជាង​គេ ដោយ​សារ​វា​ស្រួច ហើយ​តំបន់​ដែល​មាន​កោះ​ស្នេហ៍​ពី​មុន​ហ្នឹង ក្រុមហ៊ុន​បាន​បូម​អស់​រយៈពេល​៥ឆ្នាំ​ហើយ ហើយ​កោះ​ហ្នឹង​លែង​មាន​ទៀត ហើយ​បាក់​កោះ​មួយ​ទៀត​ដែល​នៅ​ក្បែរ​ហ្នឹង ហើយ​បាក់​រហូត​ដល់​នៅ​ក្បែរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ហើយ​រហូត​ដល់​គាត់​ភ័យ​ខ្លាច​ពី​កន្លែង​ហ្នឹង គាត់​រើ​ទៅ​កន្លែង​ផ្សេង»

ទោះ​យ៉ាង​ណា មេ​ឃុំ​ទើប​ជាប់​ឆ្នោត​អាណត្តិ​ថ្មី នៃ​ឃុំ​កោះអន្លង់ចិន លោក ហ៊ន់ ឲ្យ​ដឹង​ថា លោក​រាយការណ៍​ពី​បញ្ហា​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នោះ ដល់​ថ្នាក់​លើ​ហើយ ប៉ុន្តែ​លោក​មិន​ដឹង​ថា គេ​នឹង​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ពេល​ណា​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​នោះ​ទេ ដោយ​ហេតុ​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ទាំង​នោះ​មាន​អាជ្ញាប័ណ្ណ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ចាត់​ចែង​លើ​រឿង​នេះ​បាន​ទេ។

មួយ​វិញ​ទៀត ទាក់​ទង​នឹង​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ថា មាន​បាក់​ដី​ធ្លាក់​ចូល​ទន្លេ​នោះ លោក​ហាក់​មិន​ទាន់​ឃើញ​ករណី​នោះ​កើត​ឡើង​ឡើយ។ ដូច្នេះ វា​គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ ខណៈ​ពេល​ដែល​ពួក​គេ​ឃើញ​កប៉ាល់​បូម​ខ្សាច់​នោះ ចូល​មក​បូម​ខ្សាច់​កៀក​ច្រាំង​ពេក។

អ្នក​ភូមិ​បញ្ជាក់​ថា ក្រុមហ៊ុន​គួច ប៊ុនលាភ ចូល​មក​បូម​ខ្សាច់​នៅ​ភូមិ​ក្បាលកោះអន្លង់ចិន អស់​រយៈពេល​៥ឆ្នាំ​មក​ហើយ។ រីឯ​ក្រុមហ៊ុន​ច័ន្ទ ឫទ្ធិស័ក្ដិ ចូល​មក​បូម​ខ្សាច់​ភូមិ​កណ្ដាលកោះ អស់​រយៈពេល​២ឆ្នាំ​មក​ហើយ។ អ្នក​ភូមិ​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ បូម​ខ្សាច់​មិន​គោរព​ការ​កំណត់​របស់​ក្រសួង​នោះ​ឡើយ ដោយ​ហេតុ​ថា ក្រុមហ៊ុន​តែង​បញ្ជា​កប៉ាល់​របស់​ខ្លួន​ចូល​មក​បូម​កៀក​ច្រាំង ដែល​នាំ​ឲ្យ​ដី​ច្រាំង​បាក់​ធ្លាក់​ចូល​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល