សាលា​ក្រុង​ភ្នំពេញ​នឹង​ពង្រាយ​កម្លាំង​ចម្រុះ​ជាង​១​ម៉ឺន​នាក់​នៅ​ថ្ងៃ​បុណ្យ​ព្រះបរមសព

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៤ ខែ​មករា ថា សាលា​ក្រុង​ភ្នំពេញ សហការ​ជាមួយ​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គ្រោង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​រាជការ​ជាច្រើន​ម៉ឺន​នាក់​មក​ចូល​រួម​ព្រះរាជ​ពិធី​បុណ្យ​បូជា​ព្រះបរមសព និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ នៅ​វាល​ព្រះមេន ក្បែរ​ព្រះបរមរាជវាំង។
ដោយ សុខ សេរី
2013-01-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កែប ជុតិមា ៣០៥
អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០១៣។
RFA/Sok Serey

នៅ​ក្នុង​ឱកាស​នោះ​ដែរ ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ គ្រោង​ដាក់​ពង្រាយ​កម្លាំង​នគរបាល​ចម្រុះ​ចំនួន​ជាង ១ម៉ឺន​នាក់ ដើម្បី​ការពារ​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ នៅ​គ្រា​ដែល​ពិធី​សំខាន់​នោះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ១​សប្ដាហ៍។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា និង​ជា​អនុប្រធាន​នៃ​ក្រុម​ការងារ​គ្រប់គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​ពី​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ផ្លូវ​ថ្នល់​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ និង​ទូរទស្សន៍​ទាំង​អស់ នឹង​ផ្សាយ​បន្ត​ផ្ទាល់​អំពី​ពិធី​នេះ។

លោក កែប ជុតិមា៖ «ក្បួន​ហែ​ទាំង​មន្ត្រី​រាជការ ទាំង​សមាសភាព​ស្រទាប់​ប្រជាជន​ទាំង​អស់ វា​ចូល​ដល់​ថ្នាក់​ម៉ឺន​ហើយ អីចឹង​ប្រជាពលរដ្ឋ​ចូល​រួម​នេះ និង​មាន​លក្ខណៈ​ច្រើន។ ជា​ទូទៅ យើង​មាន​ផែនការ​បង្វែង​ចរាចរណ៍​សម្រាប់​រថយន្ត ហើយ​ផ្លូវ​ហែ​នោះ​ដូច​បាន​ដឹង​ហើយ​ថា គឺ​យើង​ត្រូវ​បិទ​ទាំង​ស្រុង​ហើយ គឺ​ផ្លូវ​សុធារស ផ្លូវ​នរោត្តម ហើយ​និង​ជុំវិញ​វិមាន​ឯករាជ្យ ផ្លូវ​សុរាមរិត យើង​ត្រូវ​បិទ​ទាំង​ស្រុង។ ប៉ុន្តែ​បញ្ហា​សំខាន់ គឺ​ថ្ងៃ​ហែ​ជា​ថ្ងៃ​ធំ គឺ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែល​យើង​ត្រូវ​ធ្វើ​ការ​បិទ​បង្វែង​រថយន្ត​ផ្សេងៗ​ចូល​ក្រុង។ ហើយ​បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​ទី២ ទី៣ និង​ទី៤ ជា​ថ្ងៃ​តម្កល់​ព្រះបរមសព យើង​គិត​ថា យើង​នឹង​រៀបចំ​ផែនការ​នេះ​ឲ្យ​បាន​ស្រួល​បួល​នៅ​តំបន់ សំខាន់​នៅ​តំបន់​ព្រះបរមរាជវាំង និង​តំបន់​ព្រះ​មេរុ»

នៅ​មុន​ការ​ឈាន​ដល់​ថ្ងៃ​ប្រារព្ធ​បុណ្យ​ព្រះបរមសព និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​ចុះ​ហត្ថលេខា​លើ​ប្រកាស​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​គ្រប់គ្រង​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព្រះបរមសព​នៃ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​មាន​លោក ស្វាយ ស៊ីថា ជា​ប្រធាន និង​មាន​អនុប្រធាន ព្រម​ទាំង​សមាជិក​ចំនួន​សរុប​ជិត ២០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល