នាយកប្រតិបត្តិនៃអង្គការស៊ីប៉ា (Sipar) គឺលោក ហុក សិទ្ធិ លោកមានប្រសាសន៍នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ ថា ទិសដៅរបស់អង្គការស៊ីប៉ា នឹងជំរុញឲ្យមានបណ្ណាល័យចល័តក្រៅពីតំបន់គោលដៅ ដែលកំពុងប្រតិបត្តិបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។
ទន្ទឹងនឹងនេះ លោកត្អូញត្អែរថា អង្គការស៊ីប៉ា នៅពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជំរុញឲ្យទិសដៅនេះដំណើរការបាននៅឡើយទេ ព្រោះខ្វះខាតផ្នែកហិរញ្ញវត្ថុ៖ «ការសំណូមពរកាន់តែច្រើនទៅៗនៅតាមតំបន់ដាច់ស្រយាល ជាពិសេសនៅតាមខេត្តនានា ហើយយើងពុំអាចនឹងផ្ដល់ គេហៅថាចម្លើយទៅគ្រប់សំណូមពរនានា ពីព្រោះបើយើងពង្រីកបណ្ណាល័យចល័តយើងឲ្យបានច្រើនដោយគ្មានព្រំដែននោះ យើងអត់អាចមានលទ្ធភាពដើម្បីទៅរកអ្នកផ្ដល់ឲ្យយើងបានគ្រប់ទេ»។
ការថ្លែងបែបនេះរបស់លោក ហុក សិទ្ធិ ធ្វើឡើងនៅគ្រាអង្គការស៊ីប៉ា ចុះកិច្ចព្រមព្រៀងមួយ ជាមួយស្ថានីយប្រេងសាំងដ៏ធំមួយនៅកម្ពុជា ដែលជាការវិនិយោគរបស់ប្រទេសបារាំង គឺក្រុមហ៊ុនតូតាល់ (Total)។
អ្នកចាត់ចែងទូទៅនៃក្រុមហ៊ុនពាណិជ្ជកម្មប្រេង និងហ្គាស លំដាប់លេខ៥ នៅក្នុងពិភពលោក អះអាងថា ខ្លួននឹងបង្កើនចំណេះដឹងដល់យុវជនកម្ពុជា ដែលពុំមានលទ្ធភាពសិក្សាតាមរយៈកម្មវិធីមនុស្សធម៌ សង្គម ដោយផ្តល់ជាសាំង សម្រាប់រថយន្តចុះប្រតិបត្តិការនៅតាមសហគមន៍ឲ្យអង្គការស៊ីប៉ា។
លោក ម៉ាទីន ម៉ាកាទី (Martin McCarthy) អគ្គនាយកក្រុមហ៊ុនតូតាល់ កម្ពុជា លោកចាត់ទុកថា នេះគឺជាផ្នែកមួយនៃការបង្កើនចំណេះដឹង និងជាការប្រយុទ្ធប្រឆាំងអនក្ខរភាពមួយ ពោលគឺការមិនចេះអក្សរនៅតាមសហគមន៍ជនបទ។ លោកគិតថា អ្វីដែលក្រុមហ៊ុនតូតាល់ គាំទ្រកម្មវិធីអប់រំតាមរយៈបណ្ណាល័យចល័តនេះ ក្នុងទំហំទឹកប្រាក់ជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោក ម៉ាទីន ម៉ាកាទី៖ «គេប្រើប្រហែលជា១ម៉ឺន២ពាន់លីត្រក្នុងមួយឆ្នាំ។ ដូច្នេះ យើងផ្ដល់ឲ្យគេ១ម៉ឺន២ពាន់លីត្រហ្នឹង។ យើងបានចុះហត្ថលេខាជាមួយគ្នាជារៀងរាល់ឆ្នាំ ហើយនេះគឺជាឆ្នាំទីមួយ។ យើងមានបំណងបន្តជាច្រើនឆ្នាំទៅមុខទៀត »។
ក៏ប៉ុន្តែ របាយការណ៍សិក្សាស្រាវជ្រាវផ្នែកសុខភាពវិទ្យាសាស្ត្រឆ្នាំ២០១០ របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យ អេ.អ.ធី (ART) រកឃើញថា អ្នកមិនចេះអក្សរ ឬចេះតិចតួចចំនួន៤៤% អ្នកដែលសិក្សាត្រឹមកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យចំនួន៤០%។ របាយការណ៍បន្តថា ចំណែកអ្នកដែលទទួលបានការអប់រំថ្នាក់សកលវិទ្យាល័យមានចំនួន៦%ប៉ុណ្ណោះ។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ និងជាអ្នកវិភាគបញ្ហាសង្គម លោកគិតថា ប្រទេសកម្ពុជានៅតែប្រឈមខ្ពស់នៅឡើយក្នុងវិស័យអប់រំ បើប្រៀបធៀបក្នុងតំបន់ និងពិភពលោក៖ «យើងឃើញថា អាណេត អ៊ីនរូមែន រ៉ែត (Net instrument rate) បានន័យថា អត្រានៃការចូលរៀនហ្នឹង បានតែ ២០.៦%ប៉ុណ្ណោះ។ អញ្ចឹងបានន័យថា បើយើងមើលទៅឃើញថា ការសិក្សារបស់ខ្មែរយើងភាគច្រើននោះ គឺរៀនបានត្រឹមតែបឋមសិក្សា ហើយនិងអនុវិទ្យាល័យ។ ប៉ុន្តែ បើដល់វិទ្យាល័យ ហើយនិងមហាវិទ្យាល័យ នៅតែទាបនៅឡើយ បើប្រៀបធៀបទៅ បាងកក ទៅថៃ ទៅម៉ាឡេ អី យើងនៅឆ្ងាយពីគេ»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យសាទរចំពោះបេសកកម្មរបស់អង្គការស៊ីប៉ា។ លោកចាត់ទុកថា នេះគឺជាផ្នែកមួយនៃការអប់រំក្នុងការជំរុញឲ្យពលរដ្ឋមានចំណេះដឹង។ យ៉ាងណាក៏ដោយ លោកគិតថារដ្ឋាភិបាលគឺជាអ្នកដែលដើរតួនាទីសំខាន់លើផ្នែកនេះ។
មន្ត្រីក្រសួងអប់រំយុវជន និងកីឡា មួយចំនួនមិនអាចស្នើសុំអត្ថាធិប្បាយបានទេជុំវិញបញ្ហានេះ ដោយអះអាងថាជាប់ប្រជុំ។
ទាក់ទិនករណីនេះ មន្ត្រីអង្គការស៊ីប៉ា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានយុវជនជាង១ម៉ឺន៥ពាន់នាក់ កំពុងទទួលសេវានៃបណ្ណាល័យចល័តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។