ស្ត្រី​បឹងកក់​ម្នាក់​សន្លប់​ពេល​តស៊ូ​ទម្លាយ​របាំង​ផ្លូវ​យក​ញត្តិ​ដាក់​ទូត​អូស្ត្រាលី​រឿង​ជន​ភៀស​ខ្លួន

ដោយ ខែ សុណង
2014.09.26
ជន​ភៀសខ្លួន​អូស្ត្រាលី ៦២០ ស្ត្រី​សហគមន៍​បឹងកក់​ម្នាក់​បាន​សន្លប់​ដោយ​រង​របួស​ក្បាល ក្នុង​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៤។
RFA/Khe Sonorng

ពលរដ្ឋ​មក​ពី​សហគមន៍​មួយ​ចំនួន​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី ដូចជា សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល សហគមន៍​ឡពាង ខេត្ត​កំពង់ឆ្នាំង សហគមន៍​គាស់ក្រឡ ខេត្ត​បាត់ដំបង បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ក្រុម​យុវជន​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា បាន​ប្រមូល​ផ្ដុំ​គ្នា​យក​ញត្តិ​ដាក់​ស្ថាប័ន​ចំនួន​៣ ដើម្បី​បដិសេធ​ចំពោះ​ការ​ទទួល​យក​របស់​រដ្ឋាភិបាល​នូវ​ជន​ភៀស​ខ្លួន ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា។

ការ​តស៊ូ​ទម្លាយ​របាំង​រាំង​ផ្លូវ​របស់​សមត្ថកិច្ច មិន​ឲ្យ​អ្នក​តវ៉ា​ចូល​ទៅ​ជិត​ស្ថានទូត​អូស្ត្រាលី ដើម្បី​ដាក់​ញត្តិ​ប្រឆាំង​នឹង​គម្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ទាក់ទង​ជន​ភៀស​ខ្លួន​ដែល​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី បាន​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​បឹងកក់​ម្នាក់​សន្លប់ និង​រង​របួស​ក្បាល។

«សំឡេង​អ្នក​តវ៉ា​ស្រែក»

អ្នក​តវ៉ា​បាន​ដើរ​វៀង​ផ្លូវ​ជាច្រើន​ច្រក និង​បើក​របាំង​រាំង​ផ្លូវ​របស់​សមត្ថកិច្ច ដែល​បាន​ព្យាយាម​បិទ​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ជិត​ស្ថានទូត​អូស្ត្រាលី រហូត​ដល់​ស្ត្រី​បឹងកក់​ម្នាក់​របួស​ស្រាល នៅ​ពេល​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក។ ទីបំផុត​ទៅ គេ​បាន​អនុញ្ញាត​ឲ្យ​តំណាង ៤​នាក់​ចូល​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី។

នាយក​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ទិប ទាវ ដែល​ចេញ​ពី​ដាក់​ញត្តិ ថ្លែង​នៅ​ខាង​មុខ​ស្ថានទូត​ថា មន្ត្រី​កុងស៊ុល​នៃ​ស្ថានទូត​អូស្ត្រាលី បាន​ទទួល​យក​ញត្តិ​ពី​ពួក​គាត់ ដោយ​មិន​អត្ថាធិប្បាយ​ច្រើន​ទេ៖ «គេ​ទទួល​ហើយ ប៉ុន្តែ​គេ​សុំ​យក​ទៅ​ពិនិត្យ ព្រោះ​អី​ញត្តិ​យើង​ជា​ភាសា​ខ្មែរ ក្រោយ​ពី​គេ​ពិនិត្យ​ហើយ គេ​នឹង​ស៊ីញេ គេ​បញ្ជូន​១​ច្បាប់​ទុក​ឲ្យ​យើង ១​ច្បាប់​ទុក​ឲ្យ​គេ។ ខ្ញុំ​គិត​ថា អូស្ត្រាលី ប្រហែល​ជា​មិន​បញ្ឈប់​មហិច្ឆតា​ហ្នឹង​ទេ និង​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ក្ដី​កង្វល់​របស់​ខ្ញុំ ប៉ុន្តែ​បើ​សិន​ជា​អូស្ត្រាលី ជា​អ្នក​ចេះ​អ្នក​ដឹង​ដូច​នឹង​ប្រជាពលរដ្ឋ​អូស្ត្រាលី រស់នៅ​មែន ខ្ញុំ​ជឿ​ថា អូស្ត្រាលី នឹង​ពិចារណា ហើយ​និង​ដក​ការ​ចុះ​ហត្ថលេខា​បញ្ជូន​ជន​ភៀស​ខ្លួន​មក​ឲ្យ​នៅ​ស្រុក​ខ្មែរ​នេះ ទៅ​រស់​នៅ​អូស្ត្រាលី វិញ ហើយ​រៀបចំ​ឲ្យ​ពួក​គាត់​រស់នៅ​ល្អ​ប្រសើរ ពីព្រោះ​អូស្ត្រាលី បរិបទ​ការងារ បរិបទ​ប្រព័ន្ធ​អប់រំ​អី គឺ​ល្អ​ប្រសើរ​ជាង​រាប់​សិប​រយ​ដង»

ក្រៅ​អំពី​ដាក់​ញត្តិ​បដិសេធ​ចំពោះ​ដំណើរ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ប្រទេស​អូស្ត្រាលី នៅ​ស្ថានទូត​អូស្ត្រាលី តំណាង​អ្នក​តវ៉ា​បាន​ចូល​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ទៀត។

ស្ត្រី​សហគមន៍​បឹងកក់ អ្នកស្រី សុង ស្រីលាភ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ជា​បន្ទាន់​នូវ​ដំណើរ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ដោយ​សំអាង​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាច្រើន​ជូន​ពលរដ្ឋ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ។

អ្នកស្រី សុង ស្រីលាភ៖ «ខ្ញុំ​តក់ស្លុត​មែន​ទែន​នូវ​ទង្វើ​របស់​រដ្ឋាភិបាល ពីព្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។ គាត់​អត់​ទាន់​បាន​ដី​ស្រែ​ធ្វើ ហើយ​ផ្ទះ​របស់​គាត់​ក៏​អត់​ទាន់​បាន​រស់នៅ​សមរម្យ។ ស​បញ្ជាក់​ប្រាប់​ថា ទូត​អូស្ត្រាលី គាត់​មាន​បំណង​អាក្រក់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​មាន​បំណង​អាក្រក់​ជាមួយ​ប្រទេស​ខ្មែរ ដោយសារ​គាត់​មើល​ឃើញ​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​យើង ឃ្លាន​លុយ ចង់​បាន​លុយ គាត់​យក​អំណាច​ទឹក​លុយ​យក​មក​ជះ​លើ​រដ្ឋាភិបាល​ខ្មែរ ដោយ​មិន​គិត​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​តែ​ចង់​បាន​យុត្តិធម៌​ដូច​គ្នា»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​ចេញ​មក​ជួប​អ្នក​តវ៉ា មាន​ទស្សនៈ​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​ធុង​សំរាម​សម្រាប់​យក​ជន​ភៀស​ខ្លួន​ដែល​គេ​មិន​ទទួល មក​ដាក់​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ។ ហើយ​ប្រទេស​នេះ​ទៀត​សោត ក៏​ជា​ប្រទេស​មួយ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​មុខ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​គោរព​សិទ្ធិ​ជន​ភៀស​ខ្លួន​បាន​នៅ​ឡើយ​ដែរ។

យ៉ាង​ណា​ក៏ដោយ លោក សុន ឆ័យ នៅ​តែ​មាន​ក្ដី​រំពឹង​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ស្ដីពី​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ មិន​មែន​ជា​ការ​សម្រេច​ចុង​ក្រោយ ដែល​មិន​អាច​កែប្រែ​បាន ហើយ​ឆ្ពោះ​ទៅ​រក​ការ​អនុវត្ត​នោះ​ដែរ។

ទាក់ទង​ទៅ​នឹង​ការ​ចូលរួម​ដាក់​ញត្តិ បដិសេធ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី នេះ ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​ក្នុង​វត្ត​នាគវ័ន្ត ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត និង​អាជ្ញាធរ​ខណ្ឌ កោះ​ហៅ​ឲ្យ​ចូល​ជួប​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។

ការ​កោះ​ហៅ​នេះ បន្ទាប់​ពី​ព្រះអង្គ​បាន​ផ្ដល់​ទីកន្លែង​ដល់​បណ្ដាញ​យុវជន​ជួប​ប្រជុំ​គ្នា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ពី​គម្រោង​រួម​គ្នា​ហែ​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី។

ព្រះតេជព្រះគុណ កែវ សុម៉ាលី គង់​នៅ​វត្ត​នាគវ័ន្ត មាន​ថេរ​ដីកា​ថា ព្រះចៅ​អធិការ​វត្ត​ព្រះនាម ងិន ឃីម បាន​និមន្ត​ព្រះអង្គ​ជួប​ប្រជុំ​នៅ​រសៀល​ថ្ងៃ​សុក្រ នេះ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទួលគោក ពាក់ព័ន្ធ​នឹង​បញ្ហា​សកម្មភាព​ក្នុង​កុដិ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា មូលហេតុ​អាច​ដោយសារ​ព្រះអង្គ​ជួប​ប្រជុំ​ជាមួយ​ក្រុម​យុវជន និង​អ្នក​រងគ្រោះ​ដីធ្លី ស្ដីពី​បញ្ហា​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី មក​កម្ពុជា ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ចៅ​អធិការ​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។