កម្មករ​ថា​ការ​ដំឡើង​ប្រាក់ខែ​១៧០​ដុល្លារ​នៅតែ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ល្អ​ប្រសើរ

ដោយ អាស៊ីសេរី
2017-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​រោងចក្រ​សៅលែន (Southland Cambodia Co., Ltd.) ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ស្ថិត​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ RFA/Reach Vingur
កម្មករ​រោងចក្រ​សៅលែន (Southland Cambodia Co., Ltd.) ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ស្ថិត​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧។ RFA/Reach Vingur
RFA/Reach Vingur

កម្មករ​រោងចក្រ​មួយ​ចំនួន បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការដំឡើង​ប្រាក់​ឈ្នួល​គោល ១៧០​ដុល្លារ​ចាប់ពី​ឆ្នាំ​២០១៨ ប៉ុន្តែ​ភាគច្រើន​យល់ថា ការដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​១៧០ ដុល្លារ​នេះ គឺ​មិនទាន់​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ​នោះ​ទេ។ រីឯ​សហជីព យល់ថា ចំនួន​នេះ គឺ​អាច​ទទួល​យក​បាន។

ថ្វីបើ​រដ្ឋាភិបាល បានសម្រេច​ដំឡើង​ប្រាក់​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ក្ដី ប៉ុន្តែ​កម្មករ នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង នៅ​មិនទាន់​ពេញ ចិត្ត​ទាំងស្រុង​នោះ​ទេ ដោយ​ពួកគេ​យល់ថា ប្រាក់​ឈ្នួល​គោល​នេះ មិនទាន់​អាច​ផ្គត់​ផ្គង​ជីវភាព​ប្រ ចាំ​ថ្ងៃ​ឲ្យ​បាន​សមរម្យ​នៅឡើយ។

កម្មការិនី​ម្នាក់​ឈ្មោះ ផន សុខនៅ រៀបរាប់​ថា ការដំឡើង​ប្រាក់ខែ​ឲ្យ​ដល់​១៧០​ដុល្លារ​នេះ គឺ​មិន ទាន់​ច្រើន​នោះ​ឡើយ ព្រោះ​មិន​អាច​ទប់ទល់​ការ​ចំណាយ​ជាមួយ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ និង ថ្លៃ​ផ្ទះ​ជួល​ព្រមទាំង ទឹក​ភ្លើង​បាន​នោះ​ទេ«ខ្ញុំ​ថា ១៧០​ដុល្លារ​នេះ​ថោក​ណាស់ បើ​២០០ដុល្លារ​ល្មម​ព្រោះ​ឥឡូវ​ស្អី​ក៏​ថ្លៃ សូម្បី​តែ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​វា ៣០ ទៅ​៤០​ដុល្លារ ហើយ​នៅ​ចំណាយ​លើ​ទឹក​ទៀត​អ៊ីចឹង​ទៅ ចំពោះ​សាច់​ជ្រូក​សាច់​គោ​អី​វិញ​ក៏​ថ្លៃ​ដែរ។ខ្ញុំ​អោយ​គាត់​ជួយ​ឲ្យ​បាន​ប្រាក់ខែ​ឡើង​ជា​បន្ត​បន្ទាប់»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​កម្មការិនី​ម្នាក់ទៀត ឈ្មោះ​សម ធាន រៀបរាប់​ថា ទោះបីជា​ចំនួន​នេះ​មិន ទាន់​ច្រើន​ក្ដី ប៉ុន្តែ​អ្នកស្រី​សប្បាយចិត្ត​ដែល​ខាង​សហជីព ជួយ​ទាមទារ​ឲ្យ​បាន​ប្រាក់​ឈ្នួល​រហូតដល់ ១៧០​ដុល្លារ។ អ្នកស្រី​រៀបរាប់​ថា ចំនួន​នេះ វា​ច្រើន​គួរសម​ជាង​មុន ប៉ុន្តែ​សម្រាប់​កម្មករ​ដែល​ជួប បញ្ហា​ជីវភាព​ជាច្រើន​ជំពូក គឺ​នៅតែ​មិន​អាច​ដោះស្រាយ​ជីវភាព​បាន​សមរម្យ​ដដែល«សម្រាប់​ខ្លួន​ខ្ញុំ​ដែល​ជា​អ្នក​អត់​វា​មិន​សូវ​បាន​ប៉ុន្មាន​ទេ ព្រោះ​ផាត់​ចុះ​ឡើង​ទៅ​វា​អត់​គ្រាន់​ទេ នៅ​កូន​រៀន​ទៀត ដូច្នេះ ១៧០ដុល្លារ​នេះ​វា​មិន​ប៉ុន្មាន​ទេ»

កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ថា ក្រសួង​ដែល​យោង​ទៅ​លើ​បទដ្ឋាន​ច្បាប់​នានា​តាម​សំណើ​របស់​និយោជក សហជីព និង​គណៈកម្មការ​ប្រឹក្សា​ការងារ រួម​ទាំង​អនុសាសន៍​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ផង បាន​សម្រេច បន្ថែមចំនួន​៥​ដុល្លារ ទៅលើ​តួលេខ​ចំនួន​១៦៥​ដុល្លារ នៃ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដែល​សម្រេច​ដោយ​គណៈកម្មការ​ប្រឹក្សា​ការងារ។ ដូច្នេះ​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ កម្មករ​រោងចក្រ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​១៧០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៦៥​ដុល្លារ​សម្រាប់​កម្មករ សាកល្បង។ ចំពោះ​អត្ថ​ប្រយោជន៍​ដទៃ​ទៀត​ដែល​កម្មករ​ធ្លាប់​ទទួល​បាន​គឺ​នៅ​រក្សា​ដដែល។

រីឯ​កម្មការិនី​ម្នាក់ទៀត​ធ្វើការ​នៅ​រោងចក្រ​តំបន់​កាណាឌីយ៉ា និយាយ​ថា នាង​មិនទាន់​ដឹង​អំពី​ការ ដំឡើង​នេះ នៅឡើយ​ទេ ប៉ុន្តែ​បើ​ដំឡើង​ចំនួន​១៧០​ដុល្លារ​នេះ គឺ​មិន​ច្រើន​ទេ។ ទោះ​ចំនួន​នេះ នៅ​តិច​ក្ដី នាង​បញ្ជាក់​ថា នាង​មិន​ហ៊ាន​តវ៉ា​ទាមទារ​ទៀត​នោះ​ទេ ព្រោះ​បារម្ភ​ពី​ការ​បង្ក្រាប​របស់​កម្លាំង​រដ្ឋាភិបាល​ដូច​កាល​កន្លងទៅ«ខ្ញុំ​មិន​ដឹង​ទេ គេ​អោយ​ប៉ុន្មាន​ប៉ុណ្ណឹង​ហើយ មិន​ហ៊ាន​តវ៉ា​នឹង​គេ​ទេ»

ទាក់ទង​នឹង​ការដំឡើង​ប្រាក់​ឈ្នួល​១៧០​ដុល្លារ​នេះ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា ជា​ការ​ដំឡើង​មួយ​សមរម្យ​អាច​ទទួល​យក​បាន ព្រោះ​ថា លទ្ធផល​ទាំងអស់​នេះ គឺជា​ដំណើរ​រួម​របស់ ភាគី​សហជីព​ទាំងអស់​ដែល​វត្តមាន​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រាក់​ឈ្នួល​នេះ។

លោក​ប៉ាវ ស៊ីណា បន្ថែម​ថា សហជីព នៅតែ​បន្ត​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ពង្រីក​បណ្ដាញ​ទឹក និង អគ្គិសនី​ឲ្យ​បាន​គ្រប់កន្លែង​ដែល​មាន​កម្មករ​រស់នៅ និង​ជួយ​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​កម្មករ​ដែល​ធានា កុំ​ឲ្យ​មាន​គ្រោះថ្នាក់ ផ្សេង​ជាដើម។ បន្ថែម​ពី​នេះ ខាង​សហជីព ក៏បាន​សំណូមពរ​ឲ្យ​ពង្រឹង​ការ​ចុះ អធិការកិច្ច​តាម​បណ្ដា​រោងចក្រ សហគ្រាស ទាំង​អស់​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ជំរុញ​ឲ្យ​និយោជក ទាំងអស់​គោរព​ទៅតាម ប្រព័ន្ធ​ស្តង់ដារ​ការងារ ក៏ដូចជា​ប្រព័ន្ធ​បទដ្ឋាន​របស់​អង្គការ​ILO ខណៈ​ដែល កន្លងមក​មាន​ករណី​កម្មករ​រោងចក្រ​ដួល​សន្លប់​ជា​បន្តបន្ទាប់។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុម​កម្មករ​នៅតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើន​ប្រាក់​ឈ្នួល​បន្ថែម​ទៀត និង​ជួយ​បញ្ចុះតម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ និង​តម្លៃ​ផ្ទះ​ជួល​ជាដើម ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​មាន ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល