មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ​បង្កើត​ទីផ្សារ​បន្លែ​សរីរាង្គ​២​បន្ថែម​នៅ​ភ្នំពេញ

ដោយ អ៊ុំ រង្សី
2016.03.17
សម្ពោធ​សហករណ៍​សរីរាង្គ ៨៥៥ ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល Eco-Agri Center និង​សហករណ៍​សរីរាង្គ​ខ្មែរ នៅ​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Um Raingsy

មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) ព្រួយ​បារម្ភ​ថា ការ​ហូរ​ចូល​ផលិតផល​កសិកម្ម និង​ចំណី​អាហារ​ពី​ក្រៅ​ប្រទេស ជា​ការ​គំរាមកំហែង​ថ្មី​សម្រាប់​វិស័យ​កសិកម្ម និង​សុវត្ថិភាព​ចំណី​អាហារ​នៅ​ប្រទេស​កម្ពុជា។ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ មជ្ឈមណ្ឌល​នេះ​បាន​បង្កើត​ទីផ្សារ​បន្លែ​សរីរាង្គ​ចំនួន​២​បន្ថែម​នៅ​ភ្នំពេញ ដោយ​រំពឹង​ថា ផ្សារ​នេះ​អាច​ជួយ​ផ្គត់ផ្គង់​ចំណី​អាហារ​ប្រកប​ដោយ​សុវត្ថិភាព​ដល់​អ្នក​បរិភោគ។

​មន្ត្រី​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ អះអាង​ថា ទីផ្សារ​បន្លែ​សរីរាង្គ​ចំនួន​២​នេះ ដែល​ជា​​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ ជី.អាយ.ហ្សិត (GIZ) នៃ​ប្រទេស​អាល្លឺម៉ង់ គឺ​ជា​ចំណែក​មួយ​ឈាន​ទៅ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ដែល​មាន​សារធាតុ​គីមី ចាប់​ពី ៣០០ ទៅ ៥០០​គីឡូក្រាម​ក្នុង​១​ថ្ងៃ។ ការ​លើក​ឡើង​របស់​មន្ត្រី​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ ធ្វើ​ឡើង​នៅ​ក្នុង​វិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​មជ្ឈមណ្ឌល Eco-Agri Center និង​សហករណ៍​សរីរាង្គ​ខ្មែរ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ លោក អៀង សុធារ៉ា មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​នាំចូល​បន្លែ​មក​ពី​ប្រទេស​ជិត​ខាង​បន្ថែម​ប្រមាណ ២០០​តោន​ទៅ ៤០០​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ។ លោក​ថា នេះ​ជា​គ្រោះថ្នាក់​ដល់​សុខភាព និង​សេដ្ឋកិច្ច​ខ្លាំង ព្រោះ​ផលិត​កសិកម្ម​ទាំង​នោះ​ភាគ​ច្រើន​មាន​ផ្ទុក​ថ្នាំ​ពុល ជី​គីមី និង​ថ្នាំ​កសិកម្ម​ផ្សេងៗ។ ហេតុ​នេះ ផ្សារ​នេះ មាន​សារសំខាន់ មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​លំហូរ​ផលិត​ពី​បរទេស វា​ក៏​ជា​មជ្ឈមណ្ឌល​ផ្ដល់​បច្ចេកទេស​កសិកម្ម​ដល់​ពលរដ្ឋ​ផង​ដែរ«កាល​ណា​យើង​ហូប​បន្លែ​មាន​ជាតិ​គីមី ហេតុ​នេះ​យើង​ត្រូវ​ចំណាយ​លុយ​ទៅ​លើ​បញ្ហា​សុខភាព​ក៏​ច្រើន​ដែរ ប៉ុន្តែ​បើ​យើង​បរិភោគ​ផលិត​គីមី​កាន់​តែ​តិច ការ​ចំណាយ​ទៅ​សុខភាព​ក៏​តិច​ដែរ។ ហេតុ​នេះ​ដោយ​មើល​ឃើញ​ពី​សារសំខាន់​របស់​ផលិតផល​សរីរាង្គ ទើប​យើង​បង្កើត​លើ​បញ្ហា​នេះ»

ទន្ទឹម​គ្នា​នេះ​ដែរ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា លោក អោអាឃីម បារ៉ូន ហ្វន់ ម៉ាសាល់ (Joachim Baron von Marschall) យល់​ថា មិន​ថា​បន្លែ ឬ​ផលិតផល​ក្លែងក្លាយ គឺ​បញ្ហា​ចម្បង​ដែល​ទាមទារ​ឲ្យ​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ហេតុ​នេះ ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ GIZ នៃ​ប្រទេស​អាល្លឺម៉ង់​នេះ នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កសិករ​ផលិត​បន្លែ​សរីរាង្គ​ឲ្យ​បង្កើន​ការ​ផលិត​កាន់​តែ​ច្រើន។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​ជំនួយ​ឧបត្ថម្ភ​ទីផ្សារ​​សរីរាង្គ​នេះ​ចំនួន​ប៉ុន្មាន​ឡើយ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ​បន្លែ​សរីរាង្គ​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ លោក មៀច សុផាន់ណា មាន​ប្រសាសន៍​ថា ការ​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ គឺ​ជា​ទិសដៅ​សំខាន់​មួយ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែងក្លាយ។ លោក​រំពឹង​ថា ផ្សារ​សរីរាង្គ​ទាំង​ពីរ​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ជៀសវាង​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា«បើ​កម្មវិធី​បាន​ជោគជ័យ ហើយ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ពលរដ្ឋ​ទូទាំង​ប្រទេស វា​ចំណេញ​ច្រើន​ណាស់ ឲ្យ​កសិករ​បង្កើន​ការ​ផលិត​ច្រើន យើង​អាច​មាន​ផលិតផល​ក្នុង​ស្រុក ហើយ​យើង​មាន​ស្លាក​សញ្ញា​សម្គាល់​ផលិតផល​របស់​យើង​ទៀត។ វា​នឹង​អាច​ឲ្យ​យើង​កាត់​បន្ថយ​បន្លែ​នាំ​ចូល​បាន​ច្រើន»

​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ បង្កើត​បាន​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​ចំនួន​បី​កន្លែង​រួច​មក​ហើយ​នៅ​ភ្នំពេញ។ ផ្សារ​ផលិតផល​កសិកម្មសរីរាង្គ​ចំនួន​២ ដែល​ទើប​បង្កើត​បន្ថែម​ទៀត​នេះ និង​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​កសិករ​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។ ជាង​នេះ​ទៀត មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ ក៏​មាន​មហិច្ឆតា​បង្កើត​ផ្សារ​នេះ​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា និង​ជំរុញ​ការ​ផលិត​ក្នុង​ស្រុក​សំដៅ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។