សកលវិទ្យាល័យ​មួយ​រង​ការ​ចោទ​ថា​មិន​ឲ្យ​និស្សិត​ចូល​ក្នុង​​​ពិធី​​ចែក​​សញ្ញាប័ត្រ​ព្រោះ​ខ្លាច​ស្កាត់​ជួប​លោក ហ៊ុន សែន

ដោយ យាង សុជាមេត្តា
2017-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន ឃឹម ប្រខួច ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
យុវជន ឃឹម ប្រខួច ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Yeang Socheametta
RFA/Yeang Socheametta

និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ចោទ​សាលា​នេះ​ថា​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ព្រោះ​ខ្លាច​និស្សិត​ពួកគេ​ស្កាត់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នោះ។ និស្សិត​ដែល​មិន​បាន​ចូលរួម​ចាត់​ទុក​ការ​ហាមប្រាម​របស់​សាកលវិទ្យាល័យ ថា​ជា​ការ​រើសអើង និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ។

និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ឈ្មោះ ឃឹម ប្រខួច ដែល​កើត​ទុក្ខ​មិន​សុខចិត្ត​ដោយសារ​តែ​រូបគេ និង​ប្អូនប្រុស​បង្កើត​មួយ​រូប​ទៀត​ឈ្មោះ ឃឹម ប្រុសលាភ បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ដូច​គ្នា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ថា រូបគេ​សោកស្ដាយ​ដែល​សាកលវិទ្យាល័យ​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​កម្មវិធី​ចែក​សញ្ញាប័ត្រ​ដូច​និស្សិត​ដទៃ​ទៀត។

និស្សិត ឃឹម ប្រខួច រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៦ រូបគេ​និង​ម្ដាយ​ធ្លាប់​ព្យាយាម​ស្កាត់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ច្រើន​លើក​ដើម្បី​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ក្នុង​ករណី​ដែល​រូបគេ​ទទួល​រង​ការ​វាយដំ​របួស​ធ្ងន់ធ្ងរ​ដោយ​កូន​ចៅ​អ្នក​ជំពាក់​លុយ​ម្ដាយ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​រូបគេ ហើយ​ប្ដឹងផ្ដល់​ទៅ​តុលាការ រួច​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ទៅ​វិញ។

យុវជន ឃឹម ប្រខួច ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ពេល​ព្យាយាម​ស្កាត់​ជួប​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ក្នុង​ពេល​កន្លង​ទៅ រូបគេ​និង​ម្ដាយ​ត្រូវ​បាន​កង​ការពារ​របស់​លោក ហ៊ុន សែន ចាប់​ឃាត់​មិន​ឲ្យ​ជួប​លោក ហ៊ុន សែន ឡើយ ហើយ​ថែម​ទាំង​ចោទ​ប្រកាន់​ពួកគេ​ថា ប៉ុនប៉ង​ធ្វើឃាត​លោក ហ៊ុន សែន ទៀត​ផង។ លើស​ពី​នេះ រូបគេ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន ហើយ​ថែម​ទាំង​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​ដែល​បញ្ជាក់​ថា ទី​ណា​មាន​វត្តមាន​លោក ហ៊ុន សែន ពួកគេ​មិន​អាច​មាន​មុខ​ឡើយ។

​យុវជន ឃឹម ប្រខួច អះអាង​ថា ព្រោះ​តែ​មូលហេតុ​នេះ​ហើយ​ទើប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប មិន​អនុញ្ញាត​ឲ្យ​រូប​គេ និង​ប្អូនប្រុស​ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ។ បើ​ទោះ​ជា​សាកលវិទ្យាល័យ​សន្យា​ថា នឹង​ផ្ដល់​សញ្ញាប័ត្រ​ឲ្យ​ពួកគេ​នៅ​ក្រោយ​ពេល​ពិធី​ចែក​សញ្ញាប័ត្រ​ក្ដី ប៉ុន្តែ​និស្សិត​រូប​នេះ​ថា គេ​ពិបាក​ទទួល​យក​បាន និង​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​សាកល​វិទ្យាល័យ​ថា ជា​ការ​រើសអើង​ហួសហេតុ៖ «ខ្ញុំ​ចង់​ទាមទារ​ឲ្យ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ឲ្យ​សញ្ញាប័ត្រ​ខ្ញុំ​ឲ្យ​ឆាប់ៗ​ពីរ​នាក់​បង​ប្អូន ហើយ​ខ្ញុំ​ក៏​សំណូមពរ​ថា ឲ្យ​មាន​ច្បាប់​យុត្តិធម៌​ឡើង​ចំពោះ​ប្រទេស​ខ្មែរ បើ​ថា​ខុស​ដឹង​ខុស ត្រូវ​ដឹង​ត្រូវ ពីព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សម្បូរ​ដោយ​ភាព​ឈឺ​ចាប់​ជា​ច្រើន​ខែ​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​មិន​ទទួល​បាន​ភាព​យុត្តិធម៌»

ម្ដាយ​របស់​យុវជន ឃឹម ប្រខួច អ្នកស្រី ឃឹម ពៅ ថ្លែង​ថា អ្នកស្រី​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​មិន​បាន​ឃើញ​កូន​ទាំង​២ ទៅ​ចូលរួម​ទទួល​សញ្ញាប័ត្រ​នឹង​គេ។ អ្នកស្រី​ថា អ្នកស្រី​បាន​ប្រឹងប្រែង​រក​ប្រាក់​បង់​ថ្លៃ​សាលា​ឲ្យ​កូន តែ​ទីបំផុត​ដោយសារ​តែ​រឿង​អ្នកស្រី​ស្វែង​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​បែរ​ជា​សាលា​មិន​អនុញ្ញាត​ឲ្យ​កូន​អ្នកស្រី​ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ទៅ​វិញ៖ «​ពេល​ខ្ញុំ​ទៅ​រក​សម្ដេច​នាយករដ្ឋមន្ត្រី​នៅ​វត្ត​ក្រពើហារ ម្ដង​រក​យុត្តិធម៌​ត្រូវ​គេ​ឃាត់​ខ្លួន ហើយ​ពេល​ទៅ​វិទ្យាស្ថាន​អប់រំ កាល​ពី​ឆ្នាំ​២០១៦ ត្រូវ​គេ​ឃាត់​ខ្លួន​ទៀត ប៉ុន្តែ​ឃាត់​ខ្លួន​លើក​ហ្នឹង​ឃាត់​ខ្លួន​ធ្ងន់ គេ​ឃាត់​ខ្លួន​ខ្ញុំ ២​នាក់​ម៉ែ​កូន​ឲ្យ​ផ្ដិត​មេដៃ ហើយ​ប្រាប់​ខ្ញុំ​ថា ឈប់​ឲ្យ​មីង​ឯង និង​កូន​មីង​ឯង​ទៅ​កម្មវិធី​ណាៗ​ដែល​មាន​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប លោក ជា សុភាព បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក ជា សុភាព ថា សាលា​មិន​បាន​ហាម​ឃាត់​និស្សិត​ណា​ម្នាក់​ចូល​រួម​ទទួល​សញ្ញាប័ត្រ​ឡើយ។ លោក​អះអាង​ថា យុវជន ឃឹម ប្រខួច មិន​បាន​មក​ចុះឈ្មោះ និង​ជួល​អាវ​ដើម្បី​ចូលរួម​នោះ​ទេ។

លោក ជា សុភាព ថ្លែង​ដែរ​ថា ក្នុង​កម្មវិធី​ចែក​សញ្ញាប័ត្រ​កាល​ពី​ឆ្នាំ​២០១៦ យុវជន ឃឹម ប្រខួច បាន​ទៅ​ចូលរួម​ដែរ ហើយ​ព្យាយាម​ស្កាត់​ជួប​លោក ហ៊ុន សែន តែ​ត្រូវ​ក្រុម​រៀបចំ​ការពារ​សុវត្ថិភាព​លោក ហ៊ុន សែន ឃាត់។ ទោះ​ជា​​យ៉ាង​ណា​លោក​ថា នេះ​មិន​មែន​ជា​មូលហេតុ​ដែល​សាកលវិទ្យាល័យ​លោក​ហាម​មិន​ឲ្យ​យុវជន ឃឹម ប្រខួច ចូល​ទទួល​សញ្ញាប័ត្រ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ចំពោះ​សញ្ញាប័ត្រ​វិញ​លោក​ថា យុវជន ឃឹម ប្រខួច មក​ទទួល​ពី​សាលា​ពេល​ណា​ក៏​បាន៖ «ជា​ធម្មតា​ចែក​សញ្ញាប័ត្រ​និស្សិត​ទាំង​អស់​ត្រូវ​មក​ជួល​អាវ​នៅ​សាលា មាន​ស៊ីង (Sign) សម្រាប់​ចូល​ថ្ងៃ​ចែក​សញ្ញាប័ត្រ តែ​ឆ្នាំ​នេះ​ប្រហែលជា​គាត់​អត់​មក​ជួល​មក​អី​អ៊ីចឹង​ក៏​អត់​មាន​ឈ្មោះ»

កន្លង​ទៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ព្យាយាម​ស្កាត់​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ជួយ​នៅ​ពេល​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ដែល​ពួកគេ​យល់​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​បាន​ដោះស្រាយ​ដោយ​យុត្តិធម៌។ អ្នក​ខ្លះ​ស្កាត់​ជួប​បាន​សម្រេច​តែ​អ្នក​ខ្លះ​ទៀត ក៏​ត្រូវ​បាន​កង​ការពារ​ហាមឃាត់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា បើ​សិន​ជា​សាលា​ហាមឃាត់​និស្សិត​ខ្លួន​មិន​ឲ្យ​ចូល​ទទួល​សញ្ញាប័ត្រ​មែន​វា​បង្ហាញ​ពី​ការ​រើសអើង និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​និស្សិត។ លោក​ថា សាលា​គួរ​ដើរ​តួនាទី​ជា​ស្ថាប័ន​ឯករាជ្យ និង​ផ្ដល់​ឱកាស ឬ​លើក​ទឹក​ចិត្ត​ដល់​និស្សិត​ឲ្យ​បាន​ស្មើៗ​គ្នា។ លើស​ពី​នេះ​លោក​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ប្រទេស ដូច្នេះ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្វែង​រក​អន្តរាគមន៍​ពី​លោក ពេល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក ហើយ​ពលរដ្ឋ​មិន​គួរ​ត្រូវ​បាន​គេ​ហាមឃាត់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ហានិភ័យ

ពី តាកែវ

ពួកគេចង់បានតែសន្លឹកឆ្នោតទេ ជាក់ស្តែងរដ្ឋធម្មនុញ្ញបានចែងពីសមាជជាតិ ដែលប្រមុខរដ្ឋាភិបាលត្រូវជួបជាមួយពលរដ្ឋ​ តែពួកគេគេចវេះរហូត។

Apr 20, 2017 06:53 PM

គេហទំព័រ​ទាំងមូល