ពលរដ្ឋ​ខ្មែរ​៣៤​នាក់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​ពេល​ចូល​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ទឹក​ដី​ថៃ

ដោយ ស៊ុន ហេង
2016.08.28

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ (Bangkok Post) នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ រាយការណ៍​ថា ប្រជាពលរដ្ឋ​ខ្មែរ ៣៤​នាក់​ត្រូវ​បាន​ទាហាន​ថៃ ឃាត់​ខ្លួន​ពី​រឿង​កាប់​ឈើ​ខុស​ច្បាប់​លើ​ទឹក​ដី​ថៃ។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ថៃ នៅ​ខេត្ត​បុរីរ៉ាំ បើក​យុទ្ធនាការ​ស៊ើប​អង្កេត​មួយ​នៅ​ថ្ងៃ​ទី​២៥ សីហា ដោយ​បន្លំ​ខ្លួន​ចូលរួម​ជាមួយ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ។

នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ក្រោយ​ពី​ទាហាន​ថៃ បាន​ដឹង​ពី​សមាសភាព​របស់​អ្នក​ចូល​លួច​កាប់​ឈើ​អស់​ហើយ ពួក​គេ​ក៏​ចាប់​ផ្ដើម​ព័ទ្ធ​ចាប់​ខ្លួន​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំងអស់ ដែល​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ៣៤​នាក់​ដែរ។

សារព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀង​ថា យុទ្ធនាការ​ស៊ើប​អង្កេត​នេះ​កំពុង​បន្ត​ដំណើរ​ការ តែ​មិន​បាន​បញ្ជាក់​ថា ខាង​អាជ្ញាធរ​ថៃ នឹង​ចាត់​វិធានការ​អ្វី​ដល់​ជនជាតិ​ខ្មែរ​ទាំង ៣៤​នាក់​នោះ​ទេ។

កន្លង​មក​ជា​រឿយៗ ប្រជាជន​ខ្មែរ​ក្រីក្រ​នៅ​តាម​ព្រំដែន តែង​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ ហើយ​ពេល​ខ្លះ​ឈាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ទាំង​ដឹង និង​មិន​ដឹង​ខ្លួន ហើយ​ពេល​ខ្លះ​ត្រូវ​បាន​ទាហាន​ថៃ តាម​ទាន់ ហើយ​ចាប់​ខ្លួន ឬ​ក៏​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។