ផ្ទះចំនួន ៣៥ខ្នង ភាគច្រើនសង់អំពីថ្មជាន់ក្រោមនិងខាងលើឈើ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានឆេះទាំងស្រុងនៅវេលាថ្ងៃត្រង់ម៉ោងជាង ១១ ថ្ងៃទី២៧ កក្កដា នេះ។
លោក នេត វន្ថា ប្រធានការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គីភ័យរាជធានី ឲ្យដឹងថា ផ្ទះ ៣៥ខ្នងនេះ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ៦០គ្រួសារបានឆេះទាំងស្រុង ប៉ុន្តែគ្មានមនុស្សស្លាប់ និងរបួសដោយសារគ្រោះអគ្គិភ័យនេះទេ។ លោកមានប្រសាសន៍ថា អាជ្ញាធរមិនទាន់ដឹងអំពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែប្រភពប្រជាពលរដ្ឋបាននិយាយថា អាចទាក់ទងជាមួយសកម្មភាពជាងដែកផ្សារសំយាបដំបូលផ្ទះ។

ប៉ូលិសបានឲ្យដឹងថា អគ្គិភ័យឆាបឆេះជាង ២ម៉ោងនេះ បានរលត់ទាំងស្រុងនៅម៉ោងជាង ១ថ្ងៃត្រង់ ហើយនគរបាលពន្លត់អគ្គិភ័យបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២៧គ្រឿងដើម្បីពន្លត់ ដោយដឹកទឹកបាញ់ពន្លត់អស់ ៥៤ជើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។