ក្រសួង​អប់រំ​និង​សង្គម​ស៊ីវិល​រក​ឃើញ​ថា​កុមារ​ជាង​៥ម៉ឺន​នាក់​បោះបង់​ចោល​ការ​សិក្សា

ដោយ អ៊ុក សាវបូរី
2015-01-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​កីឡា ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ដៃគូ​រួមគ្នា ដើម្បី​​ជួយ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា ២០១៥។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​កីឡា ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​គម្រោង​ដៃគូ​រួមគ្នា ដើម្បី​​ជួយ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ព្រឹក​ថ្ងៃ​ទី ២៩ មករា ២០១៥។
RFA/Khe Sonorng

ការ​សិក្សា​របស់​សង្គម​ស៊ីវិល​រក​ឃើញ​ថា ជា​រឿយៗ កុមារ​ត្រូវ​បាន​គេ​ឲ្យ​បោះ​បង់​ការ​សិក្សា​ច្រើន​ជាង​ការ​ឈប់​រៀន​ដោយ​ខ្លួន​ឯង។ បញ្ហា​នេះ ត្រូវ​បាន​លើក​មក​ជជែក​រវាង​សង្គម​ស៊ីវិល និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ពិធី​សម្ពោធ​គម្រោង​ដៃគូ​រួម​គ្នា ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។

កុមារ​កម្ពុជា ជាង ៥​ម៉ឺន ៧​ពាន់​នាក់ ដែល​នៅ​ក្រៅ​សាលា​រៀន ត្រូវ​បាន​សង្គម​ស៊ីវិល និង​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន និង​ជួយ​ពួក​គេ​ឲ្យ​បន្ត​រៀន​ដល់​ចប់​ថ្នាក់​បឋម​សិក្សា ចាប់​ពី​ឆ្នាំ​សិក្សា​២០១៤ ទៅ​ដល់​ឆ្នាំ​២០១៧។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ដៃគូ​រួម​គ្នា ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​បណ្ឌិត ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ដៃគូ​រួម​គ្នា ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ ថា បច្ចុប្បន្ន​កុមារ​ដែល​មិន​បាន​ចូល​រៀន ភាគ​ច្រើន​ជា​កុមារ​ពិការ កុមារ​រស់នៅ​ក្នុង​គ្រួសារ​ចំណាក​ស្រុក កុមារ​ជនជាតិ​ដើម​ភាគ​តិច កុមារ​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ កុមារ​នៅ​តំបន់​ដាច់​ស្រយាល ទើប​មិន​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន។

លោក​បន្ត​ថា កុមារ​ទាំង​នោះ​ត្រូវ​តែ​ជួយ​ឲ្យ​បាន​ចូល​រៀន​ពី​ឆ្នាំ​សិក្សា​២០១៤ ទៅ​ដល់​ឆ្នាំ​២០១៧ ដែល​ជា​គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ។ លោក​ថា នៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ អត្រា​ចូល​រៀន​ថ្មី​នៅ​បឋម​សិក្សា​មាន​ចំនួន ៩៦% ច្រើន​ជាង​ឆ្នាំ​កន្លង​មក ដែល​មាន​កុមារ​តែ ៨% បាន​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​បាន​ឈប់​ទៅ​វិញ​មុន​ចប់​ថ្នាក់​ទី​១៖ «ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​នឹង​បន្ត​ការ​កែលំអ​បន្ត​ទៀត។ ខ្ញុំ​គិត​ថា យើង​អាច​ជួយ​បណ្តុះបណ្តាល​គ្រូ​ក្តី ក៏​រៀបចំ​ដោយ​អង្គការ​ឃែរ ប៉ុន្តែ​គ្រូ​ទាំងអស់​ហ្នឹង​ជា​គ្រូ​សហគមន៍ ជា​សាលា​សហគមន៍ អ៊ីចឹង​យើង​មាន​សាលា​ប្រហែល​ជា​ជាង ៥០ បញ្ចូល​ទៅ​ក្នុង​សាលា​រដ្ឋ ហើយ​យើង​នឹង​ពង្រីក​បណ្ដាញ​សាលា​ហ្នឹង​ឲ្យ​បាន​ច្រើន​ថែម​ទៀត»

ប្រធាន​អង្គការ អេដ អេ អាក់ស្យុង (Aide et Action) លោក វន សំភាស់ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កុមារ​មួយ​ចំនួន​មិន​បាន​ចូល​រៀន​ដូច​ក្តី​ស្រមៃ​របស់​គេ​ឡើយ។ បញ្ហា​នេះ​ហើយ​ទើប​អង្គការ​នេះ និង​សង្គម​ស៊ីវិល​ចំនួន ១៧​អង្គការ​ជាតិ​អន្តរជាតិ​ផ្សេង​ទៀត ផ្ដួចផ្ដើម​គំនិត​អនុវត្ត​គម្រោង​ទី​១​មាន​ឈ្មោះ​ថា គម្រោង​ដៃគូ​រួម​គ្នា​ផ្តល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា ដើម្បី​ឲ្យ​កុមារ​ទាំងអស់​គ្នា​មាន​ក្តី​សង្ឃឹម​ថ្មី ក្នុង​ការ​បាន​ចូល​ទៅ​រៀន និង​អាច​រៀន​ចប់​ថ្នាក់​បឋម​សិក្សា។ លោក​ថា គម្រោង​ទី​១ នេះ អនុវត្ត​រយៈពេល ៤២​ខែ​រាប់​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ ទៅ​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ច្រើន​លាន​ដុល្លារ ដើម្បី​ឲ្យ​កុមារ​រស់នៅ​ក្រៅ​សាលា​រៀន​បាន​ចូល​រៀន​ទាំងអស់​គ្នា។

កុមារា​អាយុ ៦​ឆ្នាំ ឈ្មោះ រតនៈ ឲ្យ​ដឹង​ថា ជម្លោះ​ឪពុក​ម្ដាយ​គេ​បាន​ធ្វើ​ឲ្យ​កុមារ​មិន​អាច​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​បាន។ គាត់​ត្រូវ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ឬ​ហៅថា ប៉េ.អេស.អឺ (PSE) ប្រមូល​ឲ្យ​ចូល​រៀន និង​ស្នាក់​នៅ​ក្នុង​អង្គការ​នោះ៖ «ព្រោះ​ខ្ញុំ​រៀន​អ៊ីចឹង​ល្អ ខ្ញុំ​រៀន​ចេះ​លេខ​ចែក​ហើយ»

ដូច​គ្នា​ដែរ​កុមារា ថាច់ មៀន អាយុ ១៥​ឆ្នាំ ឲ្យ​ដឹង​ថា ជីវភាព​គ្រួសារ​ទី​ទ័លក្រ ការ​សិក្សា​អាក់​ខាន តែ​គាត់​បាន​អង្គការ ប៉េ.អេស.អឺ យក​គាត់​ទៅ​រៀន​នៅ​ក្នុង​ថ្នាក់​ពន្លឿន គឺ​ថ្នាក់​រៀន​បញ្ចូល​គ្នា​សម្រាប់​កម្រិត​ថ្នាក់​ទី​៥ និង​ទី​៦ ជំរុញ​ឲ្យ​កុមារ​មាន​អាយុ​ច្រើន​តែ​ចេះ​ដឹង​ទាប អាច​រៀន​ចូល​អនុវិទ្យាល័យ​បាន។

ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា ក្រោយ​ពី​គណៈកម្មការ​នេះ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺ​វិស័យ​អប់រំ​ត្រូវ​ការ​កែលំអ​ច្រើន​ទៀត ដែល​រដ្ឋសភា​នឹង​ប្រមូល​មតិ​យោបល់​តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា​នៅ​ខែ​ក្រោយ។

របាយការណ៍​របស់​អង្គការ ស៊ី.ស៊ី.អូ.អេស.ស៊ី (Cambodian Consotium for Out of School Children = CCOSC) បង្ហាញ​ថា ក្មេងៗ​មិន​បាន​ចូល​រៀន​នៅ​កម្ពុជា ឆ្នាំ​២០១២ មាន​ក្មេង​ជិត ៣​ម៉ឺន​នាក់ មិន​បាន​ចូល​រៀន។ ភាគ​រយ​ក្មេង​មិន​ដែល​ចូល​រៀន​សោះ​មាន​អាយុ​ចន្លោះ​ពី ៧​ឆ្នាំ ទៅ ២៤​ឆ្នាំ មាន ៥,៥%។ ហេតុផល​មិន​ចូល​សាលា​មក​ពី​ភាព​ក្រីក្រ​មាន ២៦,៤% ភាគ​ច្រើន​ជា​កុមារ​អាយុ ៦​ឆ្នាំ ទៅ ១៧​ឆ្នាំ។ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​មក​ពី​រស់នៅ​តំបន់​ដាច់​ស្រយាល​ផង ហួស​អាយុ​ចូល​រៀន​ផង អត្រា​រៀន​ត្រួត​ថ្នាក់​ច្រើន​ផង។ របាយការណ៍​អង្គការ​ដដែល​បង្ហាញ​ថា ឆ្នាំ​២០១២ កុមារ​រស់នៅ​អនាថា​តាម​ដង​ផ្លូវ​មាន ១​ម៉ឺន ២​ពាន់ ទៅ ២​ម៉ឺន​នាក់ កើន ២០% ក្នុង​មួយ​ឆ្នាំ មិន​មាន​ឱកាស​ចូល​រៀន នៅ​ក្នុង​នោះ ក៏​មាន​កុមារ​ជនជាតិ​ភាគ​តិច​ដែល​មិន​ចេះ​ដឹង​ភាសា​ខ្មែរ។ ទន្ទឹម​នោះ ពិការ​ភាព ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ខ្វះ​ឧបករណ៍​ជំនួយ និង​សម្ភារៈ​ស្តង់ដារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើតាមការមើលឃើញជាក់ស្តែងរបស់ខ្ញុំ ទីមួយគ្រូត្រូវរើសពីក្នុងតំបន់ ទីពីរចាត់វិធានការ​លើគ្រូណាដែល​អវត្តមានច្រើន ទីបីប្រាក់ខែគ្រូចាប់ពី ១ លានរៀលឡើងទៅ ទីបួនបង្កើនអន្តេវេសិកដ្ឋាននៅតាមឃុំ និង ស្រុក ទីប្រាំផ្គត់ផ្គង់​ស្បៀងអាហារ​នៅអន្តេវេសិកដ្ឋានសម្រាប់សិស្ស ទីប្រាំមួយ ផ្តល់អាហារពេលព្រឹកសម្រាបកុមារបឋម ទីប្រាំពីរ ផ្តល់អាហារូបករណ៏ដល់សិស្សក្រីក្រ ទីប្រាំបីបង្កើតថ្នាក់ពីរភាសាក្នុងប្រព័ន្ធ តាមថ្នាក់ឃុំ និង ស្រុក។ សូមអរគុណ ពីខ្ញុំ សុខ សុជាតិ ខេត្តមណ្ឌលគិរី

Jan 29, 2015 06:16 AM

Jetlychan

Is there any mistake with this title?

Jan 29, 2015 01:14 AM

គេហទំព័រ​ទាំងមូល