កម្ពុជា​កំពុង​សហការ​ជាមួយ​ឥណ្ឌូនេស៊ី​នាំ​ពលករ​ខ្មែរ​៥៨​នាក់​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​មក​កម្ពុជា

ដោយ យាង សុជាមេត្តា
2015.04.09
កុយ គួង ៦២០ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ក្រសួង​ការបរទេស​កម្ពុជា បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជាមួយ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១១។
Photo: RFA

ក្រសួង​ការ​បរទេស​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី ដើម្បី​នាំ​យក​ពលករ​ខ្មែរ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ខុស​ច្បាប់​ត្រឡប់​មក​កម្ពុជា វិញ។ កិច្ច​សហការ​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​រក​ឃើញ​ពលករ​បរទេស​ជាង ៣០០​នាក់​នៅ​លើ​កោះ​មួយ​ក្នុង​ខេត្ត​ម៉ូលុកស៍ (Moluccas) នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ក្នុង​នោះ​ក៏​មាន​ពលករ​ខ្មែរ​ចំនួន ៥៨​នាក់​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ មេសា ថា មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​មួយ​ក្នុង​ខេត្ត​ម៉ូលុកស៍ ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ទៅ​ជួប​ពលករ​ខ្មែរ​ចំនួន ៥៨​នាក់ ដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​អះអាង​ថា ពួក​គេ​ជា​ជនជាតិ​ខ្មែរ។ លោក កុយ គួង បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នោះ គឺ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ពួក​គេ​ជា​ពលករ​ខ្មែរ​ឬ​ក៏​យ៉ាង​ណា?

លោក កុយ គួង អះអាង​ថា ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​មែន មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ឥណ្ឌូនេស៊ី ព្រម​ទាំង​ជាមួយ​អង្គការ​អន្តរជាតិ​ផ្សេងៗ ដើម្បី​បញ្ជូន​ពួក​គេ​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត៖ «បើ​តាម​ព័ត៌មាន​គេ​ផ្តល់​ឲ្យ​មាន​ពលករ​រាប់​រយ​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ ៥៨​នាក់ ត្រូវ​បាន​គេ​ជួញ​ដូរ​ខុស​ច្បាប់​នៅ​តំបន់​នោះ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី ឃាត់​ទុក​ទាំងអស់ ហើយ​គេ​បាន​រាយការណ៍​មក​យើង។ ជា​រួម​ខាង​ឥណ្ឌូនេស៊ី គេ​ចាត់​ទុក​ពួក​គាត់​ជា​ជន​រងគ្រោះ។ គេ​នឹង​យក​ចិត្ត​ទុក​ដាក់ ហើយ​មាន​អង្គការ​អន្តរជាតិ ក៏​គេ​ខិតខំ​ជួយ​យក​ចិត្ត​ទុក​ដាក់​ពួក​គាត់​ដែរ»

យ៉ាង​ណា​ក៏ដោយ លោក កុយ គួង បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ថា លោក​ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​ខ្មែរ​ដែល​កំពុង​ចុះ​ពិនិត្យ​នោះ​បាន ព្រោះ​តែ​តំបន់​ដែល​ពលករ​ខ្មែរ​កំពុង​ឋិត​នៅ​នោះ ទូរស័ព្ទ​ពុំ​សូវ​មាន​សេវា។

បណ្ដាញ​សារព័ត៌មាន​បរទេស អាស៊ី ញូវ (Asia News) រាយការណ៍​ពី​ខេត្ត​ម៉ូលុកស៍ ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​៨ មេសា ថា ពលករ​ខ្មែរ​ចំនួន ៥៨​នាក់ ព្រម​ទាំង​ពលករ​បរទេស​ជាង ២៥០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​កោះ បែនជីណា (Benjina) ក្នុង​ខេត្ត​ម៉ូលុកស៍។ ពួក​គេ​ត្រូវ​បាន​គេ​ចាក់​សោ​ឲ្យ​ឋិត​នៅ​ក្នុង​ទ្រុង ហើយ​ខ្លះ​ទៀត​បាន​ព្យាយាម​លាក់​ខ្លួន​ក្នុង​ព្រៃ​លើ​កោះ ដើម្បី​គេច​ពី​ការ​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ទូក​នេសាទ។ អាស៊ី ញូវ (Asia News) រាយការណ៍​ថា ពលករ​ទាំងអស់​នោះ​ត្រូវ​បាន​គេ​ធ្វើ​បាប រំលោភ​បំពាន និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ពលករ​ខ្មែរ​រងគ្រោះ​ដោយសារ​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​លើ​ទូក​នេសាទ​ថៃ ចំនួន ១៩​នាក់ ក៏​ត្រូវ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បញ្ជូន​មក​កម្ពុជា វិញ។

ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា ពលករ​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​លើ​ទូក​នេសាទ​ថៃ។ ពួក​គេ​ត្រូវ​បាន​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី និង​អាជ្ញាធរ​ឥណ្ឌូនេស៊ី សហការ​ជួយ​សង្គ្រោះ​នៅ​ពេល​ទូក​នេសាទ​ថៃ ចូល​នេសាទ​ខុស​ច្បាប់​លើ​ដែន​ទឹក​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

សម្រាប់​ពលករ​ខ្មែរ ៥៨​នាក់​នៅ​ពេល​នេះ លោក កុយ គួង សន្និដ្ឋាន​ថា ពួក​គេ​អាច​ចាញ់​បោក​មេ​ខ្យល់​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​លោក​ថា​កន្លង​មក ធ្លាប់​មាន​មេ​ខ្យល់​បោកប្រាស់​ពលករ​ថា នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​ជាង​សំណង់ ឬ​ធ្វើ​ការ​ក្នុង​ចម្ការ​ដាំ​ដុះ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ពេល​ទៅ​ដល់​ទីនោះ ពួក​គេ​ត្រូវ​បាន​មេ​ខ្យល់​ប្រើ​ល្បិច​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ ទៅ​វិញ។ យ៉ាង​ណា​ក៏ដោយ លោក​ថា អាជ្ញាធរ​នឹង​សាកសួរ​ពលករ ដើម្បី​ស្វែង​រក​មុខ​មេ​ខ្យល់​ដែល​បាន​បោក​បញ្ឆោត​ពួក​គេ នៅ​ពេល​ពលករ​ទាំង​នោះ​វិល​មក​ដល់​ប្រទេស​កម្ពុជា វិញ។

របាយការណ៍​ក្រសួង​មហាផ្ទៃ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤ ជន​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ​ភេទ ជួញ​ដូរ​មនុស្ស និង​ជួញ​ដូរ​ពលកម្ម​មាន​ទាំងអស់ ៤១២​នាក់ ក្នុង​នោះ​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន ៩៥​ករណី ហើយ​ចាប់​បាន​ជន​ប្រព្រឹត្តិ​ការ​ជួញ​ដូរ​ចំនួន ១២៧​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។