ពលរដ្ឋ​៦​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​និង​ផ្ទះ​រលំ​សង្កត់​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2017.04.29
រន្ទះ​បាញ់​ស្លាប់ សៀមរាប ២០១៧ ១៤៤០ អ្នក​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប កំពុង​ធ្វើ​មឈូស​ដាក់​សព​ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​រន្ទះ​បាញ់ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ប្រភព​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​នៅ​ស្រុក​ផ្សេង​ពី​គ្នា បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ផ្ទះ​រលំ​សង្កត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា បន្ទាប់​ពី​មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ខ្លាំង​លាយឡំ​ជាមួយ​រន្ទះ​ផង​នោះ។

នៅ​ឯ​ភូមិ​នគរក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​រន្ទះ​បាន​បាញ់​ស្លាប់​បុរស​ម្នាក់​ឈ្មោះ វង អំ អាយុ ៥៣​ឆ្នាំ និង​គោ​របស់​គាត់ ១​ក្បាល ហើយ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​បាន​រង​របួស និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា។

ភរិយា​របស់​អ្នក​រងគ្រោះ​ដោយសារ​រន្ទះ​បាញ់ គឺ​លោកស្រី គាំ សុច។ លោកស្រី​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មេសា ថា កាល​ពី​វេលា​ម៉ោង​ជាង ៥​ល្ងាច​ថ្ងៃ​ទី​២៨ ផ្ទៃ​មេឃ​ចាប់​ផ្ដើម​ខ្មៅ ហើយ​ខ្យល់​បាន​បក់​បោក​ខ្លាំង។ ប្ដី​របស់​គាត់​ឈ្មោះ វង អំ ឃើញ​ដូច្នេះ​ក៏​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ ដើម្បី​ដឹក​គោ​មក​ចង​នៅ​ក្នុង​ខ្ទម។ ភ្លាមៗ​នោះ រន្ទះ​ក៏​បាញ់​ប្ដី​របស់​គាត់​ស្លាប់​ជាមួយ​នឹង​គោ ១​ក្បាល​ទៀត ចំណែក​ឯ​កូន​ស្រី​ម្នាក់​អាយុ ១៣​ឆ្នាំ ក៏​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ៖ «មេឃ​ឡើង​ខ្មៅ​ទៅ ប្ដី​របស់​ខ្ញុំ​ក៏​ប្រាប់​កូន​ថា​ឪ ទៅ​ដឹក​គោ​សិន ទៅ​ចង​ក្នុង​ផ្ទះ បន្ទាប់​មក​ក៏​ឮ​សូរ​សំឡេង​ខ្លាំង និង​ខ្ទាត​ដី​ឆាវ មើល​ទៅ​ឪ​ក៏​ដួល​ស្លាប់​ភ្លាម»

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឲ្យ​ដឹង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​មេសា ដែរ គឺ​រន្ទះ​បាន​បាញ់​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​នៅ​ឃុំ​តាសោម ស្រុក​អង្គរជុំ ហើយ​នៅ​ស្រុក​បន្ទាយស្រី មាន​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ម្នាក់​ទៀត​ត្រូវ​ផ្ទះ​រលំ​សង្កត់​ស្លាប់​ដែរ។

ចំណែក​អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​តែ​មួយ​នេះ ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​សសរស្ដម្ភ ស្រុក​ពួក និង​ម្នាក់​ទៀត​នៅ​ស្រុក​សូទ្រនិគម ក៏​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ដូច​គ្នា៕

(អ្នក​ជំនាញ​ណែនាំ​ពី​វិធី​ការពារ​ខ្លួន​ដើម្បី​ឲ្យ​ជៀស​ផុត​ពី​រន្ទះ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។