ពលរដ្ឋ​មួយ​គ្រួសារ​នៅ​កំពង់ឆ្នាំង​បារម្ភ​ពី​ការ​តាម​សម្លាប់​ក្នុង​រឿង​គំនុំ

ដោយ ជិន ជេដ្ឋា
2016.12.15
ផែនទី​ខេត្ត​កំពង់ឆ្នាំង ៨៥៥ ផែនទី​ខេត្ត​កំពង់ឆ្នាំង។
Photo: RFA

ពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​គ្រួសារ​ជនជាតិ​ចាម មួយ​គ្រួសារ​គំរាម​សម្លាប់ និង​បង្ក​បញ្ហា​ជា​បន្តបន្ទាប់។ ប៉ុន្តែ​គ្រួសារ​ជនជាតិ​ចាម បាន​ប្ដឹង​ចោទ​គ្រួសារ​ខ្មែរ​ថា បាន​ប្រើ​ហិង្សា​បង្ក​របួស​ស្នាម​លើ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ហើយ​នគរបាល​យុត្តិធម៌​កំពុង​ស៊ើប​អង្កេត​បន្ថែម​ជុំវិញ​ករណី​នេះ។

គំនុំ​រឿង​រក​ស៊ី​រត់​ឡាន​ដឹក​កម្មករ​រោងចក្រ និង​បង្កើត​កំពង់​ចម្លង​ក្បែរ​គ្នា​រវាង​គ្រួសារ​ជនជាតិ​ចាម និង​ខ្មែរ បាន​ក្លាយ​ជា​ការ​វាយ​តប់​គ្នា​ ហើយ​ប្ដឹង​គ្នា​ទៅ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ។

សមាជិក​គ្រួសារ​ខ្មែរ​ម្នាក់​រស់​នៅ​ភូមិ​ដកស្និត ឃុំ​ច្រេស លោក ផុន សារ៉ាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ថា កូន​ប្រុស​របស់​លោក លី អូស្មាន់ ឈ្មោះ លី រ៉ាហ្វាត់ ធ្លាប់​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ប្អូន​ប្រុស​លោក​ឈ្មោះ ផុន សារិន កាល​ពី​ម៉ោង​ជិត ៧​ព្រឹក ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ ប៉ុន្តែ​បាញ់​ចំ​បញ្ឆិត​ដៃ​អាវ ហើយ​រឿង​រ៉ាវ​នេះ​បាន​ប្ដឹង​ដល់​តុលាការ ហើយ​​មិន​ទាន់​រក​ឃើញ​យុត្តិធម៌។ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ គ្រួសារ​លោក អូស្មាន់ និង​កម្មករ បាន​បង្ក​រឿង​ដោយ​បើក​សាឡាង​បុក​ពី​ក្រោយ​សាឡាង​លោក ទើប​មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា និង​ឈាន​ដល់​ការ​ប្រើ​ដំបង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បណ្ដាល​ឲ្យ​របួស​ទាំង​សង​ខាង។

លោក ផុន សារ៉ាត់ បន្ថែម​ថា ក្រៅ​ពី​រឿងរ៉ាវ​នេះ កូន​ប្រុស​ច្បង​របស់​លោក លី អូស្មាន់ ឈ្មោះ លី ខ្លឹង ធ្លាប់​បើក​ឡាន​កៀរ​ឡាន​លោក​ដែល​កំពុង​ដឹក​កម្មករ​ចំនួន​បី​លើក បន្ទាប់​ពី​គ្រួសារ​លោក លី អូស្មាន់ ចោល​សម្ដី​ថា នឹង​សម្លាប់​សមាជិក​គ្រួសារ​លោក​ឲ្យ​បាន​ពីរ ឬ​បី​នាក់ មុន​នឹង​គេ​ឡើង​ចុះ​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ។ ការ​ព្យាបាទ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​កម្មករ៖ «គ្រួសារ​ខ្ញុំ​ត្រូវ​គេ​តាម​សម្លាប់​មួយ​គ្រួសារ ខ្ញុំ​ក៏​ពិបាក​ក្នុង​ការ​រស់​នៅ ហើយ​មាន​ប៉ះពាល់​ដល់​អ្នក​រោងចក្រ។ ក្នុង​ចំណោម​អ្នក​រោងចក្រ​នៅ​ក្នុង​ឡាន​ខ្ញុំ​វា​មាន ២០០​នាក់​ជាង​ហើយ បើ​នៅ​ខាង​គេ​ណោះ​មាន​ជាង ១០០​នាក់ អ៊ីចឹង​ខ្លាច​ពេល​ប៉ះ​ពៀរ​គ្នា​ទៅ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​កម្មករ​រោងចក្រ និង​គ្រួសារ​ខ្ញុំ។ ខ្ញុំ​អំពាវនាវ​ឲ្យ​ក្រសួង​គ្រប់​ជាន់​ថ្នាក់​ហ្នឹង​ជួយ​ដោះស្រាយ​ឲ្យ​បាន​លឿន​បន្តិច​ទៅ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​គ្រួសារ​លោក លី អូស្មាន់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ ប៉ុន្តែ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា បញ្ជាក់​ថា បច្ចុប្បន្ន​គ្រួសារ​លោក អូស្មាន់ បាន​ប្ដឹង​ភាគី​ម្ខាង​ទៀត​ថា បាន​ប្រើ​ហិង្សា​បង្ក​របួស​ស្នាម​បណ្ដាល​ឲ្យ​បាត់​បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន ហើយ​សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​រឿង​នេះ​បន្ថែម៖ «នេះ​កំពុង​ទៅ​ស្រាវជ្រាវ ដោយសារ​មាន​បណ្ដឹង​ហើយ​យើង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឲ្យ​គ្រប់​ទៅ​តាម​បច្ចេកទេស អ៊ីចឹង​អត់​ទាន់​ដឹង​ថា យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ព្រោះ​ទទួល​ពាក្យ​បណ្ដឹង​ភាគី​ម្ខាង តែ​ភាគី​ម្ខាង​ទៀត​មិន​ទាន់​មក​ដល់។ រឿង​អស់​នេះ ខាង​ប៉ូលិស​យើង​គ្រាន់​ថា អ្នក​រៀបចំ​ឯកសារ និង​របាយការណ៍​អី ហើយ​សម្របសម្រួល​គាត់ បើ​គាត់​ព្រមព្រៀង​គ្នា​ក៏​ចប់​ទៅ បើ​គាត់​មិន​ព្រម​បញ្ជូន​ទៅ​តុលាការ»

អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច លោក ម៉ាត់ លី ថា​គ្រួសារ​ទាំង​ពីរ​នេះ​មាន​រឿង​នឹង​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពួកគេ​មិន​សូវ​គោរព ឬ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្របសម្រួល​របស់​សមត្ថកិច្ច​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។