បុរស​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​​រៀបរាប់​​រឿង​គេ​វាយ​ធ្វើ​បាប​នៅ​ខេត្ត​សៀមរាប

ដោយ ថា កិត្យា
2017-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ប្រាក់ នី រៀបរាប់​អំពី​ហេតុការណ៍​ដែល​គេ​វាយ​ធ្វើ​បាប​លោក និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម មាស វិចិត្រ នៅ​ស្រុក​កំណើត​របស់​លោក នា​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
លោក ប្រាក់ នី រៀបរាប់​អំពី​ហេតុការណ៍​ដែល​គេ​វាយ​ធ្វើ​បាប​លោក និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម មាស វិចិត្រ នៅ​ស្រុក​កំណើត​របស់​លោក នា​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

បុរស​ចំណាស់​ម្នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​បាន​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​វិញ​ហើយ គឺ​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ លោក​បាន​ចោទ​ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រង៉ែ ស្ថិត​ក្នុង​ក្រុង​សៀមរាប ថា បាន​វាយ​ធ្វើ​បាប​រូប​គាត់ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​ពេល​នេះ​ព្រះសង្ឃ​អង្គ​នោះ​នៅ​តែ​បាត់​ព្រះ​កាយ​នៅ​ឡើយ ដោយ​មិន​ដឹង​ថា នៅ​មាន​ជីវិត ឬ​ក៏​សុគត។ រី​ឯ​ស្នងការ​ខេត្ត​សៀមរាប ថា មិន​បាន​ដឹង​អំពី​ការ​បង្ហាញ​ខ្លួន​ឡើង​វិញ​នេះ​ទេ។

បុរស​ចំណាស់​ម្នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​នោះ ត្រូវ​បាន​រក​ឃើញ​វិញ ប៉ុន្តែ​ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ គឺ​មាន​រយៈពេល​ជិត ២​ខែ​ហើយ នៅ​តែ​មិន​ទាន់​មាន​ដំណឹង​ថា កំពុង​ឋិត​នៅ​ទី​ណា ឬ​ជួប​បញ្ហា​អ្វី​នៅ​ឡើយ។

លោក ប្រាក់ នី មាន​អាយុ ៥៥​ឆ្នាំ រៀប​រាប់​ថា លោក​បាន​មក​ដល់​ស្រុក​កំណើត​នៅ​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ៣​ថ្ងៃ​ក្រោយ​កើត​ហេតុ ចំណែក​ព្រះសង្ឃ​វិញ លោក​ក៏​មិន​ដឹង​ថា នៅ​ទី​ណា​ដែរ។

​លោក ប្រាក់ នី រម្លឹក​រឿងរ៉ាវ​ឡើង​វិញ​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧ គឺ​រូប​គាត់​ជាមួយ​នឹង​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​របស់​លោក ឆ្ពោះ​ទៅ​ភ្នំ​គូលែន ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប ក្នុង​បំណង​ទៅ​លេង​ផង និង​យក​វត្ថុ​បុរាណ​មាន​ខ្នាយតាន់​របស់​គាត់​ឲ្យ​ព្រះសង្ឃ​គង់​ទី​នោះ​ជួយ​ប្រសិទ្ធី​ឲ្យ​ផង។ លុះ​ដល់​ខេត្ត​សៀមរាប នៅ​ពេល​ល្ងាច ព្រះសង្ឃ​បាន​នាំ​គាត់​ទៅ​សម្រាក​នៅ​ក្លឹប​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​ភូមិ​ទទា សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ប៉ុន្តែ​ដោយសារ​ទី​នោះ​មាន​ក្មេង​ស្រី​រស់​នៅ និង​ហាត់​ក្បាច់​គុន​ច្រើន ទើប​ធ្វើ​ឲ្យ​ពួកគាត់​ត្រឡប់​មក​រក​ផ្ទះសំណាក់​ក្បែរ​ចំណត​រថយន្ត ដើម្បី​ព្រឹក​ឡើង​បន្ត​ដំណើរ​ទៅ​ភ្នំ​គូលែន។ ប៉ុន្តែ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​នោះ គឺ​ជួប​ជាមួយ​ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រងែ ហើយ​បាន​រុញ​ច្រាន និង​វាយ​ធ្វើ​បាប ព្រមទាំង​បាន​ចាប់​ព្រះសង្ឃ និង​រូប​គាត់​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រងែ ដោយ​គ្មាន​មូលហេតុ​ឡើយ។

លោក ប្រាក់ នី៖ «ស្រាប់​តែ​ចេញ​មក​វា​មាន​ហេតុការណ៍​អ៊ីចឹង គឺ​ជួប​សន្តិសុខ​មែន ដែល​យើង​ស្មាន​ថា ជា​សន្តិសុខ​ស្រួលបួល តែ​នេះ​មិន​មែន​ជា​សន្តិសុខ​ស្រួលបួល​ទេ គឺ​គេ​មក​រញ៉េរញ៉ៃ។ ដំបូង​យើង​ឃើញ​តែ​ម្នាក់​ពីរ​ទេ តែ​គេ​ចេះ​តែ​ហៅ​សន្តិសុខ​គ្នា​គេ​មក​ថែម​ប្រហែល ៥ ទៅ ៦​នាក់ ហើយ​គេ​មក​ដល់​ចេះ​តែ​រុញ​ច្រានៗ ទាញ​ចុះ​ទាញ​ឡើង​រហូត​ដល់​លោក​របូត​ស្បង់​ចីពរ​អស់។ (សំណួរ៖ តើ​ហេតុ​អី​បាន​ជា​សន្តិសុខ​នោះ​មក​រុញ​ច្រាន​ដូច្នេះ?) ចម្លើយ៖ គេ​ថា កន្លែង​នេះ​កន្លែង​គេ ហើយ​គេ​ទើបតែ​ហូប​ហើយ​អី​ហើយ គឺ​ផឹក​ស្រា​ស្រវឹង​អ៊ីចឹង​ទៅ។ គេ​វាយ​លោក តែ​យើង​អត់​ថា​ច្រើន ឬ​តិច​ទេ ព្រោះ​ពេល​នោះ​មួយ​នៅ​នេះ មួយ​ទៀត​គេ​រុញ​នៅ​នោះ។ ហេតុការណ៍​នោះ ប្រហែល​ជា​កើត​ឡើង​នៅ​ម៉ោង ៧​យប់។ ដល់​ហើយ ទាល់​តែ​បាន​យូរ​បន្តិច​ទើប​ប៉ូលិស​មក​មែន ហើយ​ពេល​នោះ​លោក​ចាប់​ផ្ដើម​ទន់​ខ្លួន ហើយ​ប៉ូលិស​ក៏​មក​ដល់​ឲ្យ​សន្តិសុខ​ដឹក​ពួកគាត់​ទៅ​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ ហើយ​គាត់​ក៏​ប្រាប់​ពី​គោល​បំណង​ទៅ​ភ្នំ​គូលែន និង​បង្ហាញ​វត្ថុ​មួយ​ចំនួន​ដូចជា​ព្រះ និង​ចែកាច់​ជាដើម ដើម្បី​យក​ទៅ​ឲ្យ​លោក​នៅ​ភ្នំ​គូលែន ឲ្យ​គេ​ជួយ​ប្រសិទ្ធី ហើយ​ម្យ៉ាង​ទៀត យើង​ក៏​មិន​ដែល​ស្គាល់​ភ្នំ​គូលែន ដែរ»

លោក ប្រាក់ នី ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ប៉ូលិស​ប៉ុស្តិ៍​ស្រង៉ែ សួរ​នាំ​រួច​ហើយ​រក​មិន​ឃើញ​កំហុស​នោះ ប៉ូលិស​ក៏​បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ​ភូមិ​ដដែល បើក​ម៉ូតូ ២​គ្រឿង គឺ​ម៉ូតូ​មួយ​គ្រឿង​ដឹក​ព្រះសង្ឃ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដឹក​រូប​គាត់​ទៅ​រក​ចំណត​ឡាន​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​បែរ​ជា​ប្រជា​ការពារ​នោះ​ឈប់​ម៉ូតូ​តាម​ផ្លូវ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​បន្ថែម​ទៀត៖ «ពេល​នោះ​ខ្ញុំ​ចេះ​តែ​ជិះ ហើយ​ប្រាប់​ថា អា​អូន​កុំ​លឿន​ពេក ចាំ​ម៉ូតូ​ដឹក​លោក​ផង ព្រោះ​ខ្ញុំ​ដឹង​ថា លោក​អត់​ស្រួល។ ស្រាប់​តែ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ សន្តិសុខ​ដែល​ឌុប​លោក​នោះ បាន​វាយ​អាយកូម​មក​ប្រាប់​សន្តិសុខ​ដែល​ឌុប​ខ្ញុំ គេ​ថា អា​លោក​មួយ​ហ្នឹង​វា​សន្លប់​បាន​ហើយ​អ្ហា! ដល់​អ៊ីចឹង​ខ្ញុំ​ក៏​ប្រាប់​ថា តោះ​អូន​ត្រឡប់​ទៅ​រក​លោក​វិញ វា​អត់​ចង់​បក​មក​វិញ​ទេ ទាល់​តែ​យូរ​ទើប​វា​ព្រម​បក​មក​វិញ។  ពេល​បក​ក្រោយ​នោះ ស្រាប់​តែ​ខ្ញុំ​ឃើញ​លោក​ស្រាត​ននលគក កំពុង​ដេក​នៅ​លើ​ដី នៅ​លើ​ផ្លូវ​តែម្ដង ពេល​នោះ​ខ្ញុំ​បាន​ដោះ​ខោអាវ ដើម្បី​បំពាក់​អោយ​លោក ព្រោះ​ស្បង់​ចីពរ​លោក​មិន​ដឹង​នៅ​ទី​ណា​ឡើយ។ ខ្ញុំ​មិន​ស្គាល់​ទី​នោះ​ថា​ទី​ណា​ឡើយ។ ខ្ញុំ​បាន​ក្រឡាប់​មើល​មុខ​លោក តែ​លោក​អត់​មាត់​អត់​ក​អី​ទេ ស្រាប់​តែ​លោក​ងើប​ឈរ ហើយ​ប្រាប់​ថា កុំ​អោយ​គេ​ធ្វើ​បាប​ទៀត យើង​នាំ​គ្នា​រត់​ទៅ។ ពេល​នោះ​ខោ​អាវ​ដែល​ដោះ​ឲ្យ​លោក​នោះ ក៏​បោះ​ចោល ហើយ​រត់​តាម​លោក​តែម្ដង ដោយ​ទៅ​ដេក​ក្នុង​ព្រៃ ព្រោះ​លោក​អស់​កម្លាំង ហើយ​ពួក​វា​អត់​តាម​ទៀត​ទេ។ ពេល​នោះ​ខ្ញុំ​ក៏​មិន​បា​សួរ​នាំ​លោក​ដែរ ថា​តើ​គេ​វាយ​ធ្វើ​បាប​លោក​ម៉េច​ខ្លះ? ទោះ​យ៉ាង​ណា ពេល​នោះ​ខ្ញុំ​ឃើញ​មុខ​លោក​បែក និង​ជាំ​ជាដើម តែ​យើង​មិន​បាន​ចាប់​លោក​មើល​កន្លែង​ផ្សេង​ទៀត​ទេ»

ព្រះសង្ឃ មាស វិចិត្រ ២០១៧ ១៤៤០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម មាស វិចិត្រ កាល​ពី​មិន​ទាន់​បាត់​ព្រះ​កាយ។ Photo Provided Photo Provided

​ក្រោយពី​រត់​គេច​ខ្លួន​នោះ គឺ​រូប​គាត់ និង​ព្រះសង្ឃ បាន​ក្លាយ​ជា​មនុស្ស​អាក្រាត​កាយ ដើរ​រសាត់​តែលតោល សុំ​ខោអាវ​គេ​ស្លៀក​ដណ្ដប់​កាយ​ឡើង​វិញ ប៉ុន្តែ​ពុំ​មាន​អ្នក​អោយ​ឡើយ ព្រោះ​មនុស្សម្នា​ចាត់​ទុក​ពួកគាត់​ថា ជា​មនុស្ស​វិកលចរិត៖ «ពេល​នោះ ខ្ញុំ​នៅ​សល់​តែ​ខោខ្លី ក៏​ស្រាត​ទៅ​ស្លៀក​អោយ​លោក តែ​លោក​ស្រាត​ខោ​នោះ​ចោល​វិញ ដោយ​និយាយ​ថា អាត្មា​អត់​ត្រូវ​ស្លៀក​អ៊ីចឹង​ទេ ទោះ​បី​ជា​អាត្មា​ត្រូវ​គេ​ស្រាត ក៏​អាត្មា​នៅ​ជា​សង្ឃ​ដែរ។ ដល់​តែ​លោក​បោះ​ខោ​ខ្លី​ចោល​អត់​ស្លៀក ខ្ញុំ​ក៏​សុខ​ចិត្ត​ដើរ​អត់​ខោ​ទាំង​ពីរ​នាក់​តែម្ដង​ទៅ។ ដើរ​តាម​ផ្លូវ ហើយ​លោក​ចេះ​តែ​ដើរ​រើស​ទឹក​ហូប ព្រោះ​លោក​ស្រេក​ទឹក និង​អស់​កម្លាំង តែ​ដល់​បាន​ទឹក​ផឹក លោក​ក៏​ចេះតែ​ដើរ​ទៅ​មុខ​តិចៗ​ទៀត។ (សំណួរ៖ តើ​មាន​គេ​ឃើញ គេ​ជួយ​អី​ទេ?) ចម្លើយ៖ មាន​ម៉ូតូ​គេ​រត់​ឌុប​អីវ៉ាន់​ដែរ តែ​គេ​មាន​ទៅ​គិតគូរ​យើង​អី តែ​ពេល​នោះ វា​មិន​ទាន់​ភ្លឺ​ច្បាស់​ទេ ដូច្នេះ​មិន​សូវ​មាន​មនុស្ស​ចេញ​ច្រើន​ឡើយ។ យើង​ក៏​ចេះ​តែ​ដើរ​ទៅ​មុខ ក៏​ជួប​សន្តិសុខ​មួយ សុំ​ខោអាវ​គេ តែ​គេ​ថា​អត់​មាន ក៏​គេ​អោយ​បាវ​ពីរ ហើយ​យក​កន្ត្រៃ​កាត់​អោយ​យើង​ស្លៀក​ទៅ។ ពេល​នោះ​ក៏​មក​អង្គុយ​នៅ​វត្ត​ក្នុង​ក្រុង​សៀមរាប ហើយ​ក៏​មាន​ប៉ូលិស​យក​ខោ​ខ្លី​ពីរ​អោយ​ស្លៀក។ ពេល​នោះ​លោក​ទន់​អស់​រលីង​ហើយ និង​នាំ​គ្នា​ដេក​ទី​នោះ ហើយ​ខ្ញុំ​ចេះ​តែ​បោស​ដី​អោយ​លោក​ដេក​ទៅ។ បន្តិច​ក្រោយ​មក ក៏​ប៉ូលិស​ដឹក​ពួកគាត់​ចេញ​ពី​វត្ត​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ក្នុង​វត្ត​មួយ​ក្បែរ​ប្រាសាទ​អង្គ ដោយ​គេ​ប្រាប់​ថា មក​ដល់​ទី​នេះ​ចង់​ទៅ​ណា​ដើរ​ទៅ ព្រោះ​ទី​នេះ​សុទ្ធ​តែ​ព្រៃ»

​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​ដឹក​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ​នោះ លោក ប្រាក់ នី ក៏​ដើរ​សុំ​លុយ​គេ​បាន​ប្រហែល​ជា ១​ម៉ឺន​រៀល ហើយ​ក៏​បាន​សម្រេច​ជិះ​ម៉ូតូ​ឌុប​មក​រក​ឡាន​ឈ្នួល​ឡើង​មក​ស្រុក​កំណើត​វិញ ដោយ​បែក​ផ្លូវ​គ្នា​ជាមួយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​រហូត​តែម្ដង។

​លោក ប្រាក់ នី និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទើបតែ​ស្គាល់​គ្នា​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុន​កើត​ហេតុ ដោយសារ​ព្រះអង្គ​និមន្ត​ទៅ​ធ្វើ​បុណ្យ​នៅ​លើ​ភ្នំ​គិរីរម្យ ហើយ​ក៏​មាន​និស្ស័យ​ជាមួយ​លោក ទើប​សុំ​លោក​ទៅ​លេង​ភ្នំ​គូលែន ជាមួយ។ លោក ប្រាក់ នី ថា លោក​មិន​ចង់​ប្ដឹង​ស្វែង​រក​យុត្តិធម៌​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែង​រក​ព្រះសង្ឃ​អង្គ​នោះ​ឲ្យ​ឃើញ៖ «សូម​ជួយ​រក​លោក​ឲ្យ​ឃើញ​ផង។ បើ​លោក​នៅ​ផ្ទះ ឬ​នៅ​ភូមិ​ជាមួយ​ខ្ញុំ គឺ​ខ្ញុំ​នឹង​មក​ជាមួយ​លោក​ហើយ តែ​លោក​គង់​នៅ​វត្ត​ផ្សេង ចំណែក​ខ្ញុំ​នៅ​ផ្ទះ​ផ្សេង»

​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១​ព្រះវស្សា មាន​កំណើត​នៅ​ភូមិ​ជ្រៃតាសូរ ឃុំ​កីយ៉ា ស្រុក​មាត់សមុទ្រ នៃ​ខេត្ត​ព្រះត្រពាំង បាន​និមន្ត​មក​គង់​នៅ​វត្ត​ទួលសង្កែ នៃ​ទីក្រុង​ភ្នំពេញ រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ ព្រះអង្គ បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ហើយ​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ព្រះអង្គ​មាន​ជោគវាសនា​យ៉ាង​ណា​ឡើយ។ ក្នុង​ពេល​បាត់​ព្រះ​កាយ​នេះ គេ​ក៏​បាន​ឃើញ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​ព្រះតេជព្រះគុណ​អង្គ​នេះ ថត​ជាមួយ​នឹង​អ្នក​ទោស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ដែល​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ជា​ឃាតក​​ម្នាក់​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

​ជុំវិញ​ករណី​នេះ ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ការ​បង្ហាញ​ខ្លួន​របស់​បុរស​ចំណាស់​ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ឡើយ៖ «នៅ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ខាង​ណា​ខាង​ណី​ទេ»

​ដោយ​ឡែក នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រង៉ែ លោក ស៊ាវ ធឿត  បាន​បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ីសេរី​ឡើយ ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​អធិការរង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ៖ «ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​ខាង​អធិការ ហើយ​អ្វីៗ​គ្រប់​យ៉ាង គឺ​អធិការ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់»

​អធិការ​រង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ លោក នួន ស័ក្តិចំរើនរិទ្ធ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់ ហើយក៏​បិទ​ទូរស័ព្ទ។ រី​ឯ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​តាមដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា បើ​តាម​ចម្លើយ​របស់​លោក ប្រាក់ នី គឺ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​តែ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម៖ «ការ​បាត់​ខ្លួន​លោក​នេះ គឺ​ទី​១ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​នោះ ហើយ​ទី​២ អាជ្ញាធរ​ប៉ូលិស​ត្រូវ​តែ​ចាត់​វិធានការ​ជាមួយ​ជន​ដៃ​ដល់​ដែល​វាយដំ​ទៅ​លើ​ព្រះសង្ឃ និង​លោក​តា​អាចារ្យ​នោះ រហូត​ដល់​សាធារណជន​ឃើញ​ថា លោក​ទៅ​ជា​ជន​វិកលចរិត​ទៅ​ជា​បាត់​ខ្លួន បាត់​ព្រះ​កាយ​អី​នេះ គឺ​ជា​កាតព្វកិច្ច​រក​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ»

​ទន្ទឹម​គ្នា​នេះ លោក ស៊ឹង សែនករុណា អះអាង​ថា ខាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ស្វែង​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម​បន្ត​ទៀត ទោះ​បី​ជា​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​តម្រុយ​យ៉ាង​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល