ACU រង់ចាំ​ប្រតិកម្ម​ពី​អ្នក​ប្ដឹង​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​រឿង​ចោទ​ថា​ពុក​រលួយ

ដោយ ថា កិត្យា
2016.07.27
រុន រ័ត្នវាសនា ៨៥៥ ២០១៦ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រ័ត្នវាសនា បាន​បំភ្លឺ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន ក្រោយ​ពី​មាន​បណ្ដឹង​អនាមិក​ដែល​គេ​ជឿ​ថា​ជា​មន្ត្រី​ក្រោម​ឱវាទ​នោះ បាន​ប្ដឹង​ប្រឆាំង​រូប​លោក​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​មួយ​ចំនួន។ ក្រោយ​ការ​បំភ្លឺ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ពី​ខាង​អ្នក​ប្ដឹង ថា​តើ​ការ​បំភ្លឺ​របស់​លោក រុន រ័ត្នវាសនា សមស្រប ឬ​យ៉ាង​ណា ដើម្បី​ចាត់ការ​បន្ត។

បណ្ដឹង​អនាមិក​ប្រឆាំង​លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នោះ គឺ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ចំនួន ៦​ចំណុច រួម​មាន កិបកេង​ប្រាក់ បក្ខពួក​និយម រំលោភ​អំណាច និង​បទល្មើស​ផ្សេងៗ​ទៀត។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សង្ខេប​បណ្ដឹង​អនាមិក និង​ចម្លើយ​បំភ្លឺ​របស់​លោក រុន រ័ត្នវាសនា ហើយ​បាន​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន ដើម្បី​បញ្ចប់​នីតិវិធី​បឋម​នៃ​ការ​ទទួល​ពាក្យ​បណ្ដឹង។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា លោក រុន រ័ត្នវាសនា រំលោភ​អំណាច មិន​គោរព​ទៅ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​តួនាទី​ភារកិច្ច រចនាសម្ព័ន្ធ និង​ពិសេស​មិន​គោរព​ឋានានុក្រម​ការងារ។ អ្នក​ប្ដឹង​ដែល​គេ​ជឿ​ថា​ជា​កូន​ចៅ​នោះ បន្ត​ចោទ​ថា នៅ​តាម​គោលដៅ​ការិយាល័យ​ជំនាញ និង​គោលដៅ​ប្រមូល​លុយ​ពី​ការ​ផាក​ពិន័យ គឺ​សុទ្ធតែ​ជា​បក្ខពួក​របស់​លោក រុន រ័ត្នវាសនា។ បន្ថែម​ពី​នេះ​គេ​ដឹង​ថា លោក រុន រ័ត្នវាសនា ព្យាយាម​លក់​រថយន្ត Mazda មួយ​គ្រឿង​របស់​នាយកដ្ឋាន​ក្នុង​តម្លៃ ៣​ម៉ឺន ២​ពាន់​ដុល្លារ និង​មិន​ទាន់​បើក​ប្រាក់​បេសកកម្ម​ក្នុង​ថ្ងៃ​អង្គរ​សង្ក្រាន្ត​កាល​ពី​ឆ្នាំ​មុន ជូន​នគរបាល​ចរាចរណ៍​ជាង ១០០​នាក់​ទៀត​ផង។

ក្នុង​ពាក្យ​បណ្ដឹង​ដដែល ក៏​ចោទ​លោក រុន រ័ត្នវាសនា ថា​បាន​កិបកេង​ប្រាក់​ប្រហែល ៣​លាន​រៀល ដែល​បើក​ពី​អគ្គស្នងការ​នគរបាល​ជាតិ ព្រម​ទាំង​ប្រាក់​អប្បហារ ១០​ភាគរយ​នៃ​ប្រាក់​ពិន័យ​បទល្មើស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក រុន រ័ត្នវាសនា មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ដោយ​បង្វែរ​ឲ្យ​ទៅ​មើល​លិខិត​បំភ្លឺ​របស់​លោក ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្សព្វផ្សាយ។ លោក​យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្តល់​យុត្តិធម៌​ជូន​លោក។

ចំពោះ​ចម្លើយ​បំភ្លឺ​យ៉ាង​លម្អិត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចុះ​ផ្សាយ​នោះ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​រូប​នេះ អះអាង​ថា លោក​មិន​បាន​រំលោភ​អំណាច មិន​បាន​កិបកេង​ប្រាក់ គ្មាន​បក្ខពួក​និយម និង​មិន​បាន​ព្យាយាម​លក់​រថយន្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​ក៏​បាន​ប្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា នគរបាល​ចរាចរណ៍​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង​ដែល​ខ្លួន​ធ្វើ​ការ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នោះ ពីព្រោះ​ពួក​គេ​មិន​ទាន់​បាន​បំពេញ​លិខិត​ស្នាម​ដែល​ចាំបាច់។

រីឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ គឺ​ឋិត​ក្នុង​ដំណាក់​កាល​បឋម​នៅ​ឡើយ មិន​ទាន់​បិទ​បញ្ចប់​នោះ​ទេ ដោយ​រង់ចាំ​មើល​ប្រតិកម្ម​ពី​ខាង​អ្នក​ប្ដឹង ថា​តើ​ការ​បំភ្លឺ​របស់​លោក រុន រ័ត្នវាសនា អាច​ទទួល​យក​បាន ឬ​ក៏​គាត់​មាន​ភស្តុតាង​អ្វី​បន្ថែម​ដើម្បី​បន្ត​ប្ដឹង​ទៅ​មុខ​ទៀត៖ «នេះ​ជា​ដំណាក់​កាល​បឋម​មួយ​នៃ​ការ​ទទួល​ពាក្យ​ប្ដឹង គេ​ចោទ​ប្រកាន់ ហើយ​គេ​ឆ្លើយ​បំភ្លឺ យើង​ចប់​វគ្គ​ទី​មួយ​ហើយ។ ហើយ​វគ្គ​ទី​មួយ​នេះ​អាច​ត​ទៅ​ទៀត ឬ​មិន​ត ឬ​ចប់​ត្រឹម​ហ្នឹង អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​អ្នក​ប្ដឹង​បន្ត​ទៀត ថា​តើ​ការ​បំភ្លឺ​នេះ​គេ​ទទួល​យក​បាន​អត់ វា​បញ្ហា​យ៉ាង​ម៉េច? គេ​ឆ្លើយ​ឆ្លង ឬ​មួយ​អ្នក​ប្ដឹង​គេ​ឃើញ​អ៊ីចឹង​ទៅ គេ​បញ្ចេញ​អី​មក​ទៀត? ដូច្នេះ​រង់ចាំ​មើល​លើ​រឿង​ហ្នឹង»

លោក ឱម យ៉ិនទៀង បញ្ជាក់​ថា ចំពោះ​សំណុំ​រឿង​នេះ ខាង​អង្គភាព​របស់​លោក​មិន​ទាន់​បើក​ការ​ស៊ើប​អង្កេត​នោះ​ទេ។ លោក​ពន្យល់​ថា នៅ​ពេល​ចូល​ដល់​ការ​ស៊ើប​អង្កេត​នោះ គឺ​ត្រូវ​ចុះ​បញ្ជី មិន​អាច​ថយ​ក្រោយ​វិញ​បាន​ទេ ទោះ​ជា​ប្រមូល​បាន​ភស្តុតាង​ក្តី ឬ​មិន​បាន​ក្តី ក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដែរ ហើយ​តុលាការ គឺ​ជា​អ្នក​សម្រេច​បន្ត​នីតិវិធី ឬ​ត្រូវ​បញ្ឈប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។