ADB​ផ្ដល់​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ​បន្ថែម​លើ​គម្រោង​កសិកម្ម​នៅ​កម្ពុជា

ដោយ អាស៊ីសេរី
2017-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។
Photo: RFA

ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​អនុម័ត​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​៥០​លាន​ដុល្លារ​បន្ថែម ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ​របស់​កសិកម្ម​ខ្នាត​តូច ក្នុង​ឃុំ​ចំនួន​២៧១ ជុំវិញ​បឹង​ទន្លេសាប ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ។

អ្នកឯកទេស​ផ្នែក​ធនធាន​ទឹក​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អ្នកស្រី ធុយ ត្រាំងដាង (Thuy Trang Dang) មានប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​កញ្ញា​ថា ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​រដ្ឋាភិបាល​បង្កើន​ផលិតភាព​កសិកម្ម ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​កសិករ​ខ្នាត​តូច និង​បង្កើត​ជា​គំនិត​ផ្ដួច​ផ្ដើម​អភិវឌ្ឍន៍ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​សហគមន៍​មូលដ្ឋាន​។ សហគមន៍​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​កាន់តែ​ធន់​ទ្រាំ​ជាមួយ​អាកាសធាតុ នឹង​អាច​ធូរ​ស្រាល​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​បាន​យ៉ាង​ឆាប់រហ័ស។

គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប បាន​ទទួល​ការ​អនុម័ត​ដំបូង កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៥១ លាន​ដុល្លារ។ ចាប់​តាំង​ពី​ពេលនោះ​មក គម្រោង​នេះ​បាន​ជួយ​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន ដូចជា ផ្លូវលំ​ជនបទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដែល​បាន​លើកកម្ពស់​ការងារ​កសិកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ចំនួន​១៩៦ នៅ​ខេត្ត​ចំនួន​៥ ដូចជា ខែត្រ​បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង​ត្បូងឃ្មុំ ជាដើម។

ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​ឲ្យ​មានការ​បន្ថែម​សមាសភាគ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ ទៅ​ក្នុង​កម្មវិធី​នេះ នឹង​ជួយ​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​នេះ​ដល់​ឃុំ​ចំនួន​៧៥​ទៀត ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ថ្មី​ពីរ​ទៀត គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រៃវែង។ ជាពិសេស​ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​ឲ្យ​សហគមន៍ ចេះ​ធ្វើ​កសិកម្ម​ដែល​វៃ​ឆ្លាត​តាម​ស្ថានភាព​អាកាសធាតុ បង្កើន​លទ្ធភាព​របស់​កសិករ​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ទីផ្សារ ដែល​បន្ត​អភិវឌ្ឍ​សង្វាក់​តម្លៃ​សម្រាប់​កសិផល​របស់​កសិករ។

វិស័យ​កសិកម្ម គឺជា​វិស័យ​ដែល​មាន​សារៈសំខាន់​ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារតែ​វិស័យ​នេះ ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧០% នៃ​គ្រួសារ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ និង​បាន​រួម​ចំណែក​លើ​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល