អាដហុក​ស៊ើប​អង្កេត​ករណី​ទាហាន​សឹក​រង​ខេត្ត​បាត់ដំបង​ដេញ​បាញ់​មន្ត្រី​សហគមន៍​នេសាទ

ដោយ ហ៊ុំ ចំរើន
2015.03.25
យិន ម៉េងលី ៦២០ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ពី​អំពើ​ពុក​រលួយ​ក្នុង​ទំនាស់​ដីធ្លី​នា​តំបន់​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Morm Moniroth

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង កំពុង​ស៊ើប​អង្កេត​ករណី​មន្ត្រី​ទាហាន​សឹក​រង​ខេត្ត ដេញ​បាញ់​មន្ត្រី​សហគមន៍​នេសាទ​ត្រី​នៅ​ស្រុក​ឯកភ្នំ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​នោះ។

ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បាញ់​បោះ​របស់​ទាហាន​នោះ​កាល​ពី​ថ្ងៃ​ទី​១៧ មីនា កន្លង​ទៅ ហើយ​ពុំ​ទាន់​មាន​ចំណាត់​ការ​ពី​សមត្ថកិច្ច​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បាត់ដំបង ហៅ​ការ​ប្រើ​អាវុធ​បាញ់​បោះ​ទៅ​លើ​មន្ត្រី​សហគមន៍​នេះ ជា​ការ​គំរាម​កំហែង​មួយ​ទៅ​លើ​មន្ត្រី​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក យិន ម៉េងលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មីនា ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​សហគមន៍​នេសាទ​ត្រី​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចំពោះ​ករណី​មន្ត្រី​ទាហាន​សឹក​រង​ខេត្ត​ម្នាក់​ឈ្មោះ លោក ឆៃ លាង បាន​យក​កាំភ្លើង​អាកា (AK) ដេញ​បាញ់​កាល​ពី​ថ្ងៃ​ទី​១៧ មីនា កន្លង​ទៅ ហើយ​ថា​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​ទៅ​តុលាការ​ខេត្ត​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​មន្ត្រី​ទាហាន​រូប​នោះ។ ទន្ទឹម​នឹង​នេះ លោក​ថា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជុំវិញ​ករណី​នេះ៖ «ពីព្រោះ​យើង​មិន​បណ្ដោយ​បុគ្គល​ណា​ម្នាក់​យក​អាវុធ​ដើរ​ទៅ​បាញ់​បោះ​គំរាម​កំហែង​គេ​ឯង​តាម​អំពើ​ចិត្ត​បែប​នេះ​ឡើយ។ ម្យ៉ាង​ទៀត មន្ត្រី​សហគមន៍​គាត់​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ក្រៅ​អំពី​ការពារ​បទល្មើស​នេសាទ​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សហគមន៍​នេសាទ​ឃុំ​ព្រៃចាស់ លោក ហ៊ុន សារី កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព ហើយ​មិន​ហ៊ាន​ចេញ​ទៅ​ការពារ​នៅ​តំបន់​នេសាទ​ត្រី​ឃុំ​ព្រៃចាស់ នៅ​ពេល​យប់​ដូច​ពេល​មុន​នោះ​ទេ ពីព្រោះ​សមត្ថកិច្ច​ពុំ​ទាន់​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ទាហាន​សឹក​រង​នោះ​នៅ​ឡើយ៖ «លើក​ទី​១ គេ​ដេញ​បាញ់​ខ្ញុំ​ម្ដង និង​លើក​ទី​២​ម្ដង​ទៀត​នៅ​ថ្ងៃ​ដដែល ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​រត់​គេច​ខ្លួន​អស់​មួយ​យប់។ ក្រោយ​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ជម្រាប​រឿង​នេះ​ទៅ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ហើយ​សមត្ថកិច្ច​ឲ្យ​ខ្ញុំ​បន្ត​ការពារ​នៅ​តំបន់​នេសាទ​នោះ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​នៅ​ការពារ​ជា​ប្រចាំ​ដូច​ពេល​មុន​ឡើយ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អធិការ​នគរបាល​ស្រុក​ឯកភ្នំ លោក យឿម ប៊ុនលឿប ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ មីនា ដោយ​ថា​ជាប់​រវល់​ប្រជុំ​នៅ​សាលា​ខេត្ត​បាត់ដំបង។

ប៉ុន្តែ នាយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​ព្រៃចាស់ លោក ឥន សេនា មាន​ប្រសាសន៍​ថា ករណី​នេះ​មន្ត្រី​សហគមន៍​មិន​គួរ​ព្រួយ​បារម្ភ​ហួសហេតុ​ពេក​នោះ​ទេ៖ «ករណី​នេះ​លោក​អធិការ​គាត់​បាន​ចុះ​មក​ស្រាវជ្រាវ និង​ប្រមែប្រមូល​ឯកសារ​រួច​ហើយ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​ខ្ញុំ​ពុំ​ទាន់​ទទួល​នៅ​ឡើយ​ទេ»

មន្ត្រី​សហគមន៍​នេសាទ​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១៧ មីនា កន្លង​ទៅ ទាហាន​រង​ខេត្ត​បាត់ដំបង ម្នាក់ បាន​យក​កាំភ្លើង​អាកា (AK) មួយ​ដើម​ដេញ​បាញ់​ចំនួន ៣​គ្រាប់​ទៅ​លើ​មន្ត្រី​សហគមន៍​ចំនួន ២​នាក់ គឺ​លោក ហ៊ុន សារី និង​លោក សួន ថន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ផ្ដល់​ដំណឹង​ជុំវិញ​បទល្មើស​នេសាទ​នៅ​ឃុំ​ព្រៃចាស់ ដល់ អ្នកស្រី មូរ សុខហួរ សមាជិក​សភា​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​អះអាង​ថា ការ​បាញ់​បោះ​នោះ​ជា​ជម្លោះ​ពាក្យ​សម្ដី​ក្នុង​វង់​ផឹក​ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។